Tuesday, June 30, 2015

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ថ្នាំ​ពណ៌​ជាតិ​ Cam-Paint ​​មាន​គន្លឹះ​សំខាន់​​​៣​ ធ្វើ​ឱ្យ​អាជីវកម្ម​ជោគជ័យ​​​​​

​លោក​ ​សោម សម្បតិ្ត ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ថ្នាំ​ពណ៌​ជាតិ​ Cam-Paint ​​​​​ប្រភព៖​ ធីតា​
“គំនិត​​ច្នៃ​ប្រឌិត​ ភាព​ស្មោះត្រង់​ ការ​បត់​បែន​ និង​ផ្លាស់ប្ដូរ​ឲ្យ​ទាន់​សម័យ​កាល”​ ​គឺ​ជា​គន្លឹះ​សំខាន់​ទាំង​បី​ ដែល​លោក​ ​សោម សម្បតិ្ត ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ថ្នាំ​ពណ៌​ជាតិ​ Cam-Paint ​​​​​លើក​ឡើង​ដើម្បី​ផ្ដល់​ជូន​ជា​ទុន​គំនិត​​​ ដល់​មនុស្ស​គ្រប់រូប​ ដែល​មាន​បំណង​ចង់​បង្កើត​អាជីវកម្ម​ប្រកប​ដោយ​ភាព​ជោគជ័យ។

ក្នុង​នាម​លោក​ជា​អ្នក​ដែល​​ប្រឡូក​​ក្នុង​មុខ​ជំនួញ​យូរ​ឆ្នាំ​ ហើយ​ជា​អ្នក​ដែល​បង្ហាត់​បង្រៀន​​វិធីសាស្ត្រ​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​ជប៉ុន​ CJCC ​លោក​បាន​លើក​ឡើង​ពី​ចំណុច​សំខាន់​ៗ​ទាំង​ ៣​ ថា៖

 

ចំណុច​ទី​១
 ​«សូម​កុំ​​យក​លុយ​ជា​ឧបសគ្គ​​! ការ​ធ្វើ​អាជីវកម្ម​សំខាន់​ត្រូវ​តែ​មាន​គំនិត​ច្នៃ​ប្រឌិត​។ មនុស្ស​គ្រប់គ្នា​សុទ្ធ​តែ​មាន​គំនិត​ ប៉ុន្តែ​គំនិត​នោះ​ ត្រូវ​តែ​ជា​គំនិត​ច្នៃប្រឌិត ។ គំនិត​ច្នៃប្រឌិត​គឺ​ជា​គំនិត​​ឆ្នើម ហើយ​គំនិត​ដែល​ឆ្នើម​នោះ ​គឺ​កើត​ចេញ​ពី​ការ​រើស​យក​គំនិត​ល្អ​ៗ រួម​បញ្ចូល​គ្នា​ ​បាន​ទៅ​ជា​គំនិត​ធំ​មួយ។ បន្ទាប់​មក​ ​ត្រូវ​ពុះ​​ជ្រៀក​​ ​បំបែក​គំនិត​ធំ​ទៅ​ជា​គំនិត​មួយ​ដ៏​ល្អ​ស្អាត។ ​ នេះ​ហើយ​គេ​ហៅ​ថា​ ​គំនិត​ច្នៃ​ប្រឌិត»។

 

ចំណុច​ទី២ ​​«​នៅ​ពេល​ណា​ដែល​មាន​គំនិត​ហើយ​ ត្រូវ​ចាប់​ផ្ដើម​គិត​ថា​ ត្រូវ​រក​ប្រភព​ទុន​មក​ពីណា?​ ប្រភព​ទុន​ដែល​សំខាន់​គឺ​បាន​មក​ពី​ភាព​ស្មោះត្រង់​របស់​មនុស្ស។ ​ភាព​ស្មោះត្រង់​នេះ​ គឺ​ទាក់ទង​ទៅ​នឹង​ប្រវត្តិ​ទាក់ទង​របស់​យើង​ផ្ទាល់។ នៅ​ពេលណា​ដែល​យើង​មាន​គំនិត​ចង់​បង្កើត​អាជីវកម្ម​ហើយ​នោះ ​នោះ​យើង​អាច​ទៅ​ទាក់ទង​សុំ​ខ្ចី​លុយ​គេ​បាន​ដោយ​មិន​ចាំ​បាច់​មាន​លុយ​ខ្លួន​ឯង​នោះ​ទេ។ នេះ​គឺ​ជា​ឧទាហរណ៍​ ​​ជាក់ស្ដែង​របស់​ខ្ញុំ ​នៅ​ពេល​ដែល​ខ្ញុំ​បង្កើត​ក្រុមហ៊ុន​ Cam-Paint ​ដំបូង​ គឺ​ខ្ញុំ​មាន​តែ​គំនិត​ធ្វើ​តែ​ប៉ុណ្ណោះ។ ចំពោះ​ក្មេងៗ ​ដែល​មាន​បំណង​ចង់​បង្កើត​អាជីវកម្ម​ទៅ​ថ្ងៃ​មុខ​ គឺ​ត្រូវ​តែ​រៀន​ប្រាស្រ័យ​ទាក់ទង​ ប្រកប​ដោយ​ភាព​ស្មោះ​ត្រង់​ពី​ក្មេង​ទៅ​ឲ្យ​ហើយ»។

 

ចំណុច​ទី​៣​ «​គឺ​ការ​ចេះ​បត់បែន​ និង​ផ្លាស់ប្ដូរ​ឲ្យ​ទាន់​សម័យ​កាល។ អាជីវកម្ម​ដែល​មិន​ស្លាប់​ ​គឺ​ជា​អាជីវកម្ម​ដែល​ចេះ​ផ្លាស់ប្ដូរ​ឲ្យ​ទាន់​សម័យកាល។ ឧទាហរណ៍​ ​ការ​ស្លៀក​សំលៀក​បំពាក់។ មនុស្ស​ជា​ច្រើន​តែងតែ​ផ្លាស់​ប្ដូរ​សម្លៀក​បំពាក់​ខ្លួន​ឯង​ជា​ញឹកញាប់ ​អ្នក​ខ្លះ​ ​១ ​ខែ​ដូរ​ម្ដង​ ​១ឆ្នាំ​ ដូរ​​​ក៏​មាន​។ ​ចុះ​ប្រសិន​បើ​អ្នក​ប្រើប្រាស់​ប្តូរ​ ប៉ុន្តែ​អ្នក​ផលិត​មិន​ប្តូរ ​តើ​វា​មាន​រឿង​អ្វី​កើត​ឡើង? ​នៅ​ពេល​ណា​ ដែល​យើង​មិន​ចេះ​ផ្លាស់ប្ដូរ​នោះ ​អាជីវកម្ម​របស់​យើង​ និង​មាន​ឱនភាព​ (ធ្លាក់​ចុះ) ​ ហើយ​នឹង​វិល​ទៅ​រក​ការ​ក្ស័យធន​។ ដូច្នេះ​អាជីវកម្ម​​ដែល​រីក​ចម្រើន​ គឺ​ត្រូវ​តែ​ផលិត​ទៅ​តាម​តម្រូវ​ការ​របស់​អ្នក​ប្រើប្រាស់»។





 

តើ​​​​លោក​ ​សោម សម្បតិ្ត​ ​ម្ចាស់​ក្រុមហ៊ុន​​​ថ្នាំ​ពណ៌​ជាតិ​​ Cam-Paint ​ធ្លាប់​ហែល​ឆ្លង​​​​ឧបសគ្គ​យ៉ាង​ណា​ខ្លះ​​ក្នុង​ជីវិត​ទម្រាំ​​លោក​​មាន​ថ្ងៃ​នេះ? ​​​

 

បច្ចុប្បន្ន​លោក​ ​សោម សម្បត្តិ​ គឺ​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុន​ថ្នាំ​ពណ៌​ជាតិ​ Cam-Paint ដែល​ជា​ក្រុមហ៊ុន​ផលិត​ថ្នាំ​ពណ៌​នៅ​ក្នុង​ស្រុក​។ ក្រុមហ៊ុន​នេះ​អាច​ដណ្ដើម​បាន​​ចំណែក​​​ទីផ្សារ​ក្នុង​ស្រុក​​ប្រមាណ​​ ១៥% ​ ​​​​​​​ធៀប​នឹង​​​​ផលិតផល​នាំ​ចូល​ និង​ផលិតផល​ថ្នាំ​ពណ៌​ផលិត​ក្នុង​ស្រុក​ដទៃ​​ទៀត។ ក្រុមហ៊ុន​របស់​លោក​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៤ ​​​ដែល​មាន​បុគ្គលិក​បម្រើ​ការងារ​​ដំបូង​តែ​ជាង ១០នាក់​ រហូត​មក​ទល់​នឹង​​ពេល​នេះ​មាន​ជាង​​ ១០០នាក់​។

 

លោក​ ​សោម ​សម្បត្តិ​ ​ បច្ចុប្បន្ន​ មាន​អាយុ​ ៤១​ឆ្នាំ​ ហើយ​លោក​មាន​ស្រុក​កំណើត​នៅ​ក្នុង​ ​ភូមិ​ព្រៃល្វា​ ស្រុក​ព្រៃ​ ​កប្បាស ​ខេត្ត​តាកែវ។ ​លោក​គឺ​ជា​កូន​កំព្រា​ទាំង​ម្ដាយ​ ​និង​ឪពុក។ លោក​កំព្រា​ឪពុក​នៅ​ពេល​ដែល​មាន​អាយុ ​៦​ ​ឆ្នាំ​ ហើយ​ម្ដាយ​នៅ​ពេល​ដែល​មាន​អាយុ​ជាង​ ២០ឆ្នាំ។ លោក​មិន​បាន​រៀន​ជ្រៅជ្រះ​នោះ​ទេ​ ដោយសារ​តែ​មាន​ជីវភាព​ក្រីក្រ។ លោក​បញ្ចប់​ការ​សិក្សា​ត្រឹម​តែ​ថ្នាក់​ទី ​៦​ ​តែ​ប៉ុណ្ណោះ។​

​​ប៉ុន្តែ​លោក​ក៏​មិន​បញ្ចប់​ការ​សិក្សា​របស់​លោក​តែ​ត្រឹម​ប៉ុណ្ណឹង​ឡើយ​​​​ នៅ​ពេល​ដែល​លោក​ទៅ​រស់​នៅ​ក្នុង​ជំរុំ​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ប្រទេស​ថៃ។ បន្ទាប់​ពី​នោះ​​ លោក​ក៏​បាន​ក្លាយ​ជា​​អ្នក​បក​ប្រែ​ ភាសា​ឲ្យ​អ៊ុនតាក់ ​ហើយ​ក៏​ក្លាយ​ជា​បុគ្គលិក​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន​ជា​ច្រើន​ផង​ដែរ។ ​

 ​ឆ្លង​កាត់​បទ​ពិសោធន៍​ជា​ច្រើន​ឆ្នាំ​នេះ​មក ​​លោក​ក៏​មាន​បំណង​ចង់​ក្លាយ​ជា​អ្នក​មាន​ ព្រោះ​លោក​មិន​ចង់​ជួប​នឹង​បញ្ហា​លំបាក​ក្រីក្រ​តទៅ​ទៀត។​



​លោក​ក៏​បាន​យក​អ្វី​ដែល​លោក​បាន​រៀន​ចេះ​ជា​ពេល​កន្លង​មក ​យក​ទៅ​បើក​ក្រុមហ៊ុន​ថ្នាំ​ពណ៌​ជាតិ​ Cam-Paint ​នេះ​ឡើង​៕​​


មហាសេដ្ឋីមិកស៊ិក Carlos Slimប្រភព៖​ Dailymail
បន្ទាប់​ពី​បាន​ដណ្តើម​កៅអី​ជា​មហាសេដ្ឋី​ទី១​មាន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ពី​លោក​ប៊ីលហ្គេត (Bill Gates)​ កាល​ពី​ពាក់កណ្តាល​ខែ​កក្កដា​​ឆ្នាំ ២០១៤​ ​នេះ​ Carlos Slim បាន​ផ្តល់​ដំបូន្មាន​​គួរឲ្យ​ភ្ញាក់ផ្អើល​មួយ​ដល់​សាធារណជន​ឲ្យ​ធ្វើ​ការ​ត្រឹមតែ​ ៣​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​មួយ​សបា្តហ៍។

មហាសេដ្ឋី​​ជនជាតិ​មិកស៊ិក​​ដែល​មាន​ទ្រព្យសម្បត្តិ​ប្រមាណ ​៧៩,៦ ពាន់​លាន​ដុល្លារ​រួប​​នេះ​បាន​​មាន​ប្រសាសន៍​ថា ​មនុស្ស​គ្រប់រូប​នៅ​ពេល​បច្ចុប្បន្ន​នេះ​គួរតែ​ធ្វើ​ការ​ត្រឹមតែ​៣​ថ្ងៃ​ប៉ុណ្ណោះ​ ជាជាង​ធ្វើ​ការ​ពេញ​ម៉ោង​រហូត​ដល់​៥​ថ្ងៃ​ក្នុង​មួយ​សបា្តហ៍។

«ការ​ទុក​ពេល​​៤​ថ្ងៃ​ក្នុង​មួយ​សបា្តហ៍​ពិត​ជា​មាន​សារសំខាន់​​សម្រាប់​បង្កើត​សកម្មភាព​កម្សាន្ត​នានា​របស់​មនុស្ស​ និង ​ធ្វើ​សកម្មភាព​ផ្សេងៗ​ទៀត​ក្រៅ​ពី​ការងារ​ប្រចាំថ្ងៃ​របស់​ខ្លួន»។ នេះ​ជា​ការ​លើកឡើង​របស់​មហាសេដ្ឋី​វ័យ​៧៤​ឆ្នាំ​រួប​នេះ​ទៅ​កាន់​សារព័ត៌មាន​ FT។

​លោក​បាន​បន្ត​ថា មនុស្ស​​នៅ​ជុំវិញ​ពិភពលោក​តែង​ចូល​និវត្ត​នៅ​ពេល​មាន​វ័យ​ចំណាស់ តែ​ពួកគេ​គួរតែ​កាត់​បន្ថយ​ពេលវេលា​ធ្វើ​ការ​នៅ​សបា្តហ៍​នីមួយៗ​មក​ត្រឹមតែ​៣​ថ្ងៃ​វិញ​ផង​ដែរ ព្រោះ​ថា​នឹង​ធ្វើ​ឲ្យ​សុខភាព​របស់​ពួកគេ​រឹងមាំ និង មាន​អារម្មណ៍​ស្រស់ស្រាយ​ជានិច្ច។


ទន្ទឹម​នឹង​ការ​លើកឡើង​​របស់​លោក​នេះ​ Carlos Slim កំពុង​បង្ហាញ​ពិភពលោក​ជា​បណ្តើរៗ​​តាម​រយៈ​ការ​​​អនុញ្ញាត​ឲ្យ​បុគ្គលិក​របស់​លោក​ដែល​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​ទូរស័ព្ទ​ Telmex ចូល​និវត្ត​មុន​អាយុ​៥០ និង អនុញ្ញាត​ឲ្យ​​បុគ្គលិក​វ័យ​ចំណាស់​មួយ​ចំនួន​ធ្វើ​ការ​​តិច​ថ្ងៃ​​ក្នុង​មួយ​សបា្តហ៍។ ​​

ទោះជាយ៉ាងណាក៏ដោយ ការ​លើកឡើង​របស់​កំពូល​មហាសេដ្ឋី​ខាងលើ​នេះ​កំពុង​​ផ្ទុយ​ទៅ​នឹង​​គោលការណ៍​​រយៈពេល​​ធ្វើ​ការ​ទួទៅ​របស់​​ក្រុមហ៊ុន​ឯកជន ឬ ស្ថាប័ន​រដ្ឋាភិបាល​នានា​ដែល​យល់​ឃើញ​ថា ការ​បំពេញ​​ការងារ​៥​ថ្ងៃ​ក្នុង​មួយ​សបា្តហ៍​គឺ​ជា​រឿង​ស័ក្តិសម​បំផុត។​​

​សូម​បញ្ជាក់​ថា ​បើ​​យោង​​​ប្រភព​ចេញ​​ផ្សាយ​ពី​ទស្សនាវដ្ដី​ Forbes ដ៏​ល្បី​របស់​អាមេរិក​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា​កន្លង​ទៅ​នេះ​​ Carlos Slim ​​​បាន​ទម្លាក់​លោក​​ប៊ីលហ្គែត​ដែល​ជា​មហាសេដ្ឋី​​មាន​ជាងគេ​បំផុត​​ទី១​នៅ​លើ​លោក​របស់​អាមេរិក​​​ចាប់​តាំង​ពី​ខែ​ឧសភា​ឆ្នាំ​២០១៣​កន្លង​ទៅ​នេះ​​មក​លេខ​២​វិញ។

មហាសេដ្ឋី​ទាំងពីរ​រួប​នេះ​មាន​ទ្រព្យសម្បត្តិ​ប្រកៀកប្រកិត​គ្នា ពោល​គឺ​ Carlos Slim មាន​ទ្រព្យសម្បត្តិ​ប្រមាណ​៧៩,៦ ពាន់​លាន​ដុល្លារ​ ខណៈ​ដែល​​ប៊ីលហ្គេត​​វិញ​មាន​ទ្រព្យសម្បត្តិ​៧៩,១ ពាន់​លាន​ដុល្លារ​

សៀវភៅ​ អាថ៌កំបាំង​ទាំង​ ៥​ របស់​លោក​ គុណ វិជ្ជា​ប្រភព៖​ BNEWS
បុគ្គលិក​អាច​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន ​ឬ​ស្ថាប័ន​មួយ​ឲ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត​បាន​ ផ្អែកលើ​​កត្តា​ពីរ​សំខាន់ៗ។​ នេះ​បើ​យោង​តាម ​អ្នក​និពន្ធ​សៀវភៅ​ «អាថ៌​កំបាំង​ទាំង៥» ​លោក​ គុណ​ វិជ្ជា​។

តើ​កត្តា​ទាំង​ពីរ​នោះ​មាន​ឥទ្ធិពល​ប៉ុណ្ណា​ ដែល​អាច​ជំរុញ​កម្លាំង​ចិត្ត​បុគ្គលិក​ឲ្យ​ធ្វើ​ការ​អស់​ពី​​ចិត្ត​បាន?

លោក គុណ​ វិជ្ជា ជា​អ្នក​និពន្ធ​សៀវភៅ​ «អាថ៌កំបាំងទាំង៥» ​ ផ្ដល់​ជា​ទស្សនៈ​ដល់​គេហទំព័រ The BNEWS ​​ថា ឥទ្ធិពល​ដែល​ជំរុញ​កម្លាំង​ចិត្ត​បុគ្គលិក​ គឺ​គ្មាន​អ្វី​ក្រៅ​ពី​អ្នក​ដឹក​នាំ​ទេ​។ អ្នក​ដឹក​នាំ​គួរ​ ស្វែង​យល់​លើ​កត្តា​ពីរ​​ដែល​មាន​​ឥទ្ធិពល​ទៅ​​បុគ្គលិក​បំផុត​៖

១) ​អ្វី​ដែល​បុគ្គលិក​ត្រូវ​ការ​

​បុគ្គលិក​មួយ​ចំនួន​ ​​ធ្វើ​ការ​​តាម​​គោល​ដៅ​របស់​​គេ​ ​ពោល​គឺ​​ត្រូវ​ការ​ឡើង​តំណែង​ជាង​ប្រាក់​ខែ​ក្នុង​ក្រុមហ៊ុន ឬ​ស្ថាប័ន​ដែល​​គេ​​កំពុង​ធ្វើ​។ ​​បុគ្គលិក​ប្រភេទ​នេះ​ ​​នឹង​ស្វែង​យល់​ពី​អ្នក​ដឹក​នាំ​របស់​​ខ្លួន​​ ថា​ផ្ដល់​អ្វី​ខ្លះ​មក​ឲ្យ​​គេ​ (ការ​ដំឡើង​​តំណែង)​​ និង​ថា​តើ​អ្នក​ដឹក​នាំ​​ ​​មាន​គិត​គូរ​ពីរ​​គេ​​ដែរ​ឬ​ទេ? ​ បើ​មាន​ ​គេ​នឹង​​ធ្វើ​ការ​ឱ្យ​អស់​​កម្លាំង​កាយ​​ចិត្ត​ តែ​បើ​អត់​ទេ​​ នោះ​សមត្ថភាព​ការងារ​នឹង​ធ្លាក់​ចុះ​ភ្លាម​ ​ឬ​អាច​ឈាន​ដល់​ការ​​បាក់​ទឹក​ចិត្ត​ផង​​ក៏​ថា​បាន​​ និង​អាច​លាឈប់​ពី​​ក្រុមហ៊ុន​ទៅ​រក​ក្រុមហ៊ុន​ផ្សេង​ដែល​មាន​ការ​លើក​ចិត្ត​ជាង​​មេ​ដឹក​នាំ​ក្រុមហ៊ុន​ដែល​រូប​គេ​កំពុង​ធ្វើ​ការ។

​​

​​​​​

២.) ​ការ​លើ​ទឹក​ចិត្ត​

ការ​លើ​ទឹក​ចិត្ត​អាច​ស្ដែង​ចេញ​តាម​រយៈ​រូបភាព​បី​យ៉ាង​គឺ​៖

ក) ​ប្រាក់ខែ​ ប្រាក់​បន្ថែម​ ​​និង​​អត្ថប្រយោជន៍​ផ្សេងៗ៖​​

ប្រាក់​ខែ ​គឺ​ជា​គោល​ដៅ​ចម្បង​បំផុត​ដែល​នាំ​ឲ្យ​បុគ្គលិក​គ្រប់​រូប​មក​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ ឬ​ស្ថាប័ន​មួយ​ ​​ ដូច​នេះ​អ្នក​ដឹក​នាំ​ ឬ​ម្ចាស់​ក្រុមហ៊ុន​គួរ​សិក្សា​ស្វែង​យល់​ ពី​ការ​ដំឡើង​ប្រាក់​ខែ​ដល់​បុគ្គលិក​ណា​​ដែល​មាន​ភាព​សកម្ម​នឹង​ការងារ​ ប្រាក់​បន្ថែម និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ ជៀស​វាង​ការ​បាក់​ទឹក​ចិត្ត​របស់​បុគ្គលិក​សកម្ម​ មើល​បំណាំ​អ្នក​មិន​សកម្ម។​ ការ​ដំឡើង​ប្រាក់​ខែ​ គួរ​ធ្វើ​ឡើង​មួយ​ឆ្នាំ​ម្ដង​ ឬ​កន្លះ​ឆ្នាំ​ម្ដង​ ហើយ​ត្រូវ​ធ្វើ​ឱ្យ​ទៀង​ទាត់។​​


ខ. តំណែង​​​

តំណែង​គឺ​ជា​ផ្នែក​សំខាន់​ចម្បង​ទី​​២​បន្ទាប់​ពី​ប្រាក់​ខែ​។​ បុគ្គលិក​ខ្លះ​គាត់​ធ្វើ​ការងារ​រំពឹង​ចង់​បាន​ការ​ឡើង​ប្រាក់​ខែ​ខ្ពស់​ ជាមួយ​នឹង​តំណែង​ខ្ពស់​ដែរ​ ប៉ុន្តែ​បុគ្គលិក​ខ្លះ​ចង់​បាន​ប្រាក់​ខែ​ខ្ពស់​តែ​មុខ​តំណែង​មិន​ខ្ពស់​ក៏​មិន​អី​ ខណៈ​អ្នក​​​ខ្លះ​ទៀត​ចង់​បាន​តែ​តំណែង​ខ្ពស់​តែ​​​មិន​សូវ​ខ្វល់​ពី​ប្រាក់​ខែ​ប៉ុន្មាន(ចង់​បាន​មុខ​មាត់)។​ ​​

ចំណុច​នេះ​អាច​ពិបាក​សម្រាប់​អ្នក​ដឹកនាំ​ ដើម្បី​តម្រូវ​តាម​ការ​ចង់​បាន​រក​បុគ្គលិក​ម្នាក់ៗ​ តែ​បើ​អាច​ធ្វើ​បាន​ នេះ​ជា​គន្លឹះ​ដែល​មាន​ប្រសិទ្ធភាព​បំផុត​នាំ​ចូល​បុគ្គលិក​ធ្វើ​ការងារ​ឲ្យ​យើង​អស់​ពី​កម្លាំង​កាយ​ចិត្ត។​

​គ) ​ការ​លើក​សរសើរ​​​ដោយ​ត្រង់៖​ 

​បុគ្គលិក​មួយ​ចំនួន​ត្រូវ​ការ​ការ​កោត​សរសើរ​ពី​ស្នាដៃ​របស់​គេ​ ពោល​គឺ​នៅ​ពេល​ដែល​បាន​ថ្នាក់​ដឹក​នាំ​សរសើរ​គឺ​គេ​រឹត​តែ​ប្រឹងប្រែង​​ធ្វើ​ការ​បន្ថែម​ទៀត។ ​ការ​សរសើរ​ត្រង់​នេះ​ចង់​សំដៅ​ថា​ ​អាច​សរសើ​​ដោយ​ពាក្យ​សំដី​នៅ​ចំពោះ​មុខ​​បុគ្គលិក​ផ្សេង​ៗ​ទៀត​ ឬ​មាន​លិខិត​សរសើរ​ពី​ការ​បំពេញ​ការងារ។ ​មាន​ក្រុមហ៊ុន​ខ្លះ ​​គេ​​ធ្វើ​លិខិត​សរសើរ​​ស្នាដៃ​ការងារ​ ដោយ​ប្រគល់​ជូន​ទៅ​ឱ្យ​បុគ្គលិក​​ដែល​បាន​ខិតខំ​ប្រឹង​ប្រែង​ដោយ​មិន​​បាន​​​ប្រាប់​ទុក​មុន​ ដើម្បី​ធ្វើ​​គេ​ឱ្យ​កាន់​តែ​ភ្ញាក់​ផ្អើល៕​​​


លោក Reid Hoffmanប្រភព៖​ techcrunch
ការងារ​ដ៏​ល្អ​មួយ​ដែល​​បុគ្គលិក​ម្នាក់​​ធ្លាប់​ធ្វើ​ជា​មួយ​ក្រុមហ៊ុន​មួយ​ត្រូវ​បាន​បាត់បង់ ហើយ​ទំនុកចិត្ត ឬ ទំនាក់ទំនង​រវាង​ប្រធាន​ក្រុមហ៊ុន​ និង ​បុគ្គលិក​នោះ​​ក៏​សាបរលាប​តាម​នោះ​ដែរ។ ក្រុមហ៊ុន​បាន​ស្វាគមន៍​បុគ្គលិក​ថ្មី​ដែល​មាន​សមត្ថភាព​ចូល​បម្រើ​ការងារ តែ​​អាច​បណ្តេញ​​​​ចេញ​ទៅវិញ​​ដោយ​ហេតុផល​ណា​មួយ។

បុគ្គលិក​ថ្មី​​ជា​ទូទៅ​បង្ហាញ​ទំនុកចិត្ត និង ភាព​ស្មោះត្រង់​ចំពោះ​ក្រុមហ៊ុន​របស់​​ខ្លួន ប៉ុន្តែ​នឹង​ចាកចេញ​​ភ្លាមៗ​ប្រសិន​បើ​ដៃគូ​ប្រកួតប្រជែង​ក្រុមហ៊ុន​របស់​ខ្លួន​​ផ្តល់​ឱកាស​ការងារ​​ល្អ​ប្រសើរ​ជាង​នេះ​ឲ្យ​បុគ្គលិក​ថ្មី​នោះ។

ទាំង​នេះ​ ជា​បញ្ហា​​​កើត​មាន​ជារឿយៗ​ ដែល​នឹង​ត្រូវ​បកស្រាយ​ដោយ​លោក Reid Hoffman ស្ថាបនិក​រួម​​​ក្រុមហ៊ុន ​​​​​LinkedIn​ របស់​អាមេរិក​។ មាន​អាយុ​ ៤៧​ឆ្នាំ មហាសេដ្ឋី​​​នៃ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​ដ៏​​មាន​ប្រជាប្រិយភាព​មួយ​នេះ​​​មាន​ប្រាក់​​ក្នុង​ដៃ​ចំនួន​ ៣,១ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១៤ ​នេះ។ ​

​​ប្រែក្លាយ​ពី​ក្រុមហ៊ុន​​​តូច​ទៅ​​ជា​ក្រុមហ៊ុន​ធំ​បាន​ចំណូល​រាប់​រយ​លាន​ដុល្លារ​នៅ​​ពេល​នេះ មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​សម្រាប់​​លោក។ ហេតុដូច្នេះ​ហើយ នេះ​ជា​អ្វី​ដែល​សហគ្រិន ឬ ក្រុមហ៊ុន​​នានា​​គួរ​ស្វែងយល់​ពី​យុទ្ធសាស្ត្រ​​គ្រប់គ្រង​ល្អៗ​​​មួយ​ចំនួន​​របស់​​លោក​​ពី​ការ​កសាង​ទំនុកចិត្ត​ និង​គុណ​តម្លៃ​ទៅវិញ​ទៅ​មក​រវាង​បុគ្គលិក និង​ក្រុមហ៊ុន។ តើ​អ្វី​ទៅ​ជា​យុទ្ធសាស្ត្រ​ល្អៗ​​​​​​​​របស់​គាត់?

ភាព​ស្មោះត្រង់​រវាង​បុគ្គលិក និង ក្រុមហ៊ុន

ឧទាហរណ៍​ថា បុគ្គលិក​ម្នាក់​​​បាន​ឈានជើង​ចូល​ទៅ​​​​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ថ្មី​មួយ។ គេ​អាច​សង្កេត​ឃើញ​ថា អ្នក​គ្រប់គ្រង​នឹង​សម្ដែង​ការ​ស្វាគមន៍​ការ​មក​​ដល់​​របស់​​បុគ្គលិក​ថ្មី​​នោះ​ក្នុង​ក្តី​រំពឹង​​ថា បុគ្គលិក​ម្នាក់​នោះ​​នឹង​​បម្រើ​ការងារ​​ឲ្យ​ខ្លួន​ជា​ច្រើន​ឆ្នាំ​ទៅ​មុខ​ឲ្យ​អស់​ពី​សមត្ថភាព។

ចំពោះ​​បុគ្គលិក​ថ្មី​​វិញ​ ពិត​ជា​ច្បាស់​ណាស់​ដែល​ថា ត្រូវ​តែ​បង្ហាញ​ទំនុកចិត្ត និង​ភាព​ស្មោះត្រង់​ចំពោះ​​អ្នក​គ្រប់គ្រង​​របស់​ខ្លួន ​ដែរ។ ប៉ុន្តែ អ្នក​គ្រប់គ្រង​បាន​បញ្ជូន​​បុគ្គលិក​ម្នាក់​នោះ​​​ទៅ​ជួប​រដ្ឋបាល(HR) ដើម្បី​ចុះ​កិច្ចសន្យា​​​សាកល្បង​ការងារ (Probation) ក្នុង​រយៈ​ពេល​៣​ខែ​ជា​មុន​សិន។ បន្ទាប់​​ពី​៣ ខែ​បាន​បញ្ចប់ បុគ្គលិក​នោះ​នឹង​​ក្លាយ​ជា​បុគ្គលិក​ពេញ​សិទ្ធិ​ដែល​អាច​នឹង​​ត្រូវ​បណ្តេញ​ចេញ​គ្រប់ពេល​ដោយ​ហេតុផល​ណា​មួយ។

នៅ​ក្នុង​ករណី​មួយ​ដែល​បុគ្គលិក​ម្នាក់​នោះ​​មាន​​អារម្មណ៍​ថា ខ្លួន​​ហាក់​មិន​​​មាន​បទពិសោធន៍​​​ជ្រៅជ្រះ​លើ​ការងារ​ថ្មី​នេះ​ទាល់តែសោះ បញ្ហា​មួយ​នឹង​​កើត​មាន​ឡើង។ បន្ទាប់​មក​ ​​អ្នក​គ្រប់គ្រង​បាន​​លើកឡើង​​ថា ខ្លួន​​ត្រូវ​ការ​បុគ្គលិក​ដែល​ស្មោះត្រង់ និង​មាន​ការ​ប្ដេជ្ញា​ខ្ពស់​មិន​ទាមទារ​ជំនាញ​វិជ្ជាជីវៈ​ខ្ពស់​នោះ​ឡើយ​។ ​បុគ្គលិក​ម្នាក់​នោះ​​​ក៏​ឆ្លើយតប​ទៅវិញ​ថា ខ្លួន​ជា​បុគ្គលិក​ស្មោះត្រង់។

ប៉ុន្តែ​ ​​​​ជា​ទូទៅ​គេ​សង្កេត​ឃើញ​ថា ទាំង​បុគ្គលិក​មាន​សមត្ថភាព និង បុគ្គលិក​​អសមត្ថភាព​​ អាច​ដើរ​ចេញ​ពី​ក្រុមហ៊ុន​នោះ​ នៅ​ពេល​ការងារ​​ល្អ​ថ្មី​មួយ​បាន​មក​ដល់។ មកដល់​ចំណុច​នេះ​គេ​បាន​រក​ឃើញ​ថា ​ការ​ទំនាក់ទំនង​រវាង​បុគ្គលិក និង​ ​​​ក្រុមហ៊ុន ឬ អ្នក​គ្រប់គ្រង​​​មួយ​ត្រូវ​បាន​បញ្ចប់​ គឺ​​​​​បណ្តាល​មក​ពី​ការ​​ទំនាក់ទំនង​​មួយ​ដោយ​គ្មាន​ភាព​ស្មោះត្រង់។ លទ្ធផល​នេះ​នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នោះ​​បាត់បង់​​បុគ្គលិក​ល្អៗ​បន្ត​ទៅ​ទៀត។

ការងារ​របស់​បុគ្គលិក​​​​មាន​សមត្ថភាព​ក្តី អសមត្ថភាព​ក្តី​​ចាប់ផ្តើម​ធ្លាក់ចុះ ត្បិតអី​ពួកគេ​​​បង្វែរ​ចំណាប់អារម្មណ៍​របស់​ពួកគេ​​​ទៅ​​ស្វែង​រក​ការងារ​ថ្មី​មួយ​ដែល​មាន​ឱកាស​ច្រើន​ជាង​នេះ។ មក​ដល់​ចំណុច​នេះ អ្នក​គ្រប់គ្រង​ចាប់ផ្តើម​ពិចារណា​​​ឡើង​វិញ​ដោយ​​គិត​ថា គ្មាន​អ្នក​ណា​ម្នាក់​​ល្ងង់​ខ្លៅ​​អាច​ធ្វើ​ការ​ឲ្យ​ខ្លួន​រហូត​នោះ​ឡើយ។ នេះ​ហើយ​ជា​មូលហេតុ​ដែល​ទំនុកចិត្ត​នៅ​ក្នុង​អាជីវកម្ម​​នានា​ត្រូវ​​បាត់បង់។

អាជីវកម្ម​ដែល​គ្មាន​ទំនុកចិត្ត និង គ្មាន​ភាព​ស្មោះត្រង់​ គឺ​ជា​អាជីវកម្ម​ដែល​គ្មាន​ស្ថិរភាព​​​មិន​អាច​ធ្វើ​ដំណើរ​ក្នុង​រយៈ​ពេល​វែង​ឆ្ងាយ​​​​​ទៅមុខ​បាន​ឡើយ ហើយ​អាជីវកម្ម​ដែល​មិន​បាន​​វិនិយោគ​សម្រាប់​ថ្ងៃ​ស្អែក គឺ​ជា​អាជីវកម្ម​ដែល​​​ត្រៀមខ្លួន​សម្រាប់​​ដួល​រលំ។ ​


ការ​​ជ្រើសរើស​​បុគ្គលិក គ្រប់គ្រង និង រក្សា​បុគ្គលិក​ល្អ​

ច្បាប់​រើស​បុគ្គលិក គ្រប់គ្រង និង រក្សា​បុគ្គលិក​ល្អៗ​ឲ្យ​នៅ​បម្រើ​ការងារ​ក្នុង​​ក្រុមហ៊ុន​មួយ​មាន​ការ​ប្រែប្រួល​ជានិច្ច ពីព្រោះ​ថា ពិភពលោក​ក៏​ប្រែប្រួល​តាម​នោះ​ដែរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​ក៏​គ្មាន​ក្រុមហ៊ុន​ណា​មួយ​សព្វថ្ងៃ​នេះ អាច​​ធ្វើ​ឱ្យ​​បុគ្គលិក​​ណា​ម្នាក់​ឲ្យ​រស់​នៅ​​​អស់​មួយ​ជីវិត​នោះ​ដែរ។

ក្រុមហ៊ុន​មិនមែន​ជា​គ្រួសារ​មួយ​ដែល​​​​​មាន​សមាជិក​គ្មាន​ទី​បញ្ចប់​នោះ​ឡើយ ហើយ​ក្រុមហ៊ុន​​​នោះ​ក៏​មិន​សុខចិត្ត​​​ជួល ​ឬ រក្សា​ទុក​បុគ្គលិក​​ខ្ជិលច្រអូស​មក​ធ្វើការ​​​ឲ្យ​ខ្លួន​​​រហូត​នោះ​ដែរ។

​ចុះ​អ្វី​ទៅ​ជា​ដំណោះស្រាយ?

បើ​អ្នក​ជា​បុគ្គលិក​ចម្លើយ​ដ៏​ត្រឹមត្រូវ​បំផុត​​នោះ​គឺ​ឈប់​គិត​ថា ក្រុមហ៊ុន​ជា​គ្រួសារ​របស់​អ្នក ហើយ​កុំ​ព្យាយាម​ធ្វើ​ខ្លួន​ជា​បុគ្គលិក​មួយ​ដែល​ឯករាជ្យ​​​មិន​គោរព​តួនាទី​របស់​ខ្លួន​។ ត្រូវ​​កសាង​​ទំនាក់ទំនង​​ធ្វើ​ការងារ​ជា​ក្រុម​(Team Work) និង បំពេញ​តួនាទី​របស់​អ្នក​ជា​បុគ្គលិក​​ល្អ​ធ្វើ​ដំណើរ​ជា​មួយ​ក្រុមហ៊ុន​​របស់​អ្នក។

ទំនាក់ទំនង​រវាង​បុគ្គលិក និង​ក្រុមហ៊ុន​ត្រូវ​កសាង​ឡើង​​តាម​រយៈ​ការ​ឲ្យ​តម្លៃ​គ្នា​ទៅវិញ​ទៅមក

ការ​ឲ្យ​តម្លៃ​​​រវាង​បុគ្គលិក និង ក្រុមហ៊ុន​អាច​កើត​​មាន​ឡើង​តាម​រយៈ​​សមិទ្ធផល​ដែល​ទទួល​បាន។ បុគ្គលិក​ដែល​មាន​តម្លៃ​ គឺ​ជា​បុគ្គលិក​ដែល​ខិតខំ​ធ្វើ​ការ ដែល​ជា​កូនសោ​ដ៏​សំខាន់​​ជួយ​ឲ្យ​ក្រុមហ៊ុន​​មួយ​ទទួល​បាន​ជោគជ័យ ហើយ​ក្រុមហ៊ុន​មួយ​​ដែល​មាន​តម្លៃ គឺ​ជា​ក្រុមហ៊ុន​ដែល​មើល​ឃើញ​ពី​គុណសម្បត្តិ​របស់​បុគ្គលិក​។ ជា​លទ្ធផល​​ ទាំង​ក្រុមហ៊ុន និង បុគ្គលិក​មាន​សម្ព័ន្ធភាព​កាន់តែ​រឹងមាំ​ឡើង។ ​តើ​​សម្ព័ន្ធភាព​រឹងមាំ​នេះ​​​ត្រូវ​​ធ្វើ​​ឡើង​ដោយ​របៀបណា?

ក្រុមហ៊ុន​​មាន​គោលដៅ​រួម​មួយ​របស់​ខ្លួន​ដែល​មនុស្ស​​គ្រប់គ្នា​នៅ​ក្នុង​ក្រុមហ៊ុន​នោះ​ត្រូវ​តែ​ធ្វើ​ដំណើរ​ជាមួយ​គ្នា​ ដែល​នោះ​គឺ​ជា​ការ​សម្រេច​​ដល់​​គោលដៅ​​របស់​ខ្លួន​។ នៅ​ក្នុង​អាជីវកម្ម​ បុគ្គលិក អ្នក​គ្រប់គ្រង និង​ក្រុមហ៊ុន​ ត្រូវ​តែ​ប្ដេជ្ញា​ចិត្ត​​បំពេញ​បេសកកម្ម​ការងារ​របស់​ខ្លួន​ឲ្យ​អស់​ពី​លទ្ធភាព និង​មាន​មហិច្ឆតា​ខ្ពស់​បាញ់​ឆ្ពោះ​ទៅ​រក​គោលដៅ​តែ​មួយ​​នោះ។ តែ​ទន្ទឹម​នឹង​នេះ​ ពេលវេលា​ដ៏​​​​ជាក់លាក់​​មួយ​ក៏​ត្រូវ​កំណត់​ធ្វើ​ឡើង​ផង​ដែរ ហើយ​វា​នឹង​បញ្ជាក់​ថា អ្នកណា​ខ្លះ​នៅ​ក្នុង​ក្រុមហ៊ុន​នោះ​បាន​បំពេញ​បេសកកម្ម​​​បាន​យ៉ាង​ល្អ​ និង​មាន​គុណសម្បត្តិ​ច្រើន​ជាងគេ?

មក​ដល់​ចំណុច​នេះ មិនមែន​មានន័យ​ថា ក្រុមហ៊ុន​មួយ​ត្រូវ​​លើកតម្កើង​តែ​បុគ្គលិក​ឆ្នើម​​ ហើយ​ទម្លាក់​បន្តុះបង្អាប់​បុគ្គលិក​អន់​នោះ​ទេ តែ​ការ​សន្យា​​ឲ្យ​ច្បាស់លាស់​ក្នុង​ការ​​ជួយ​បណ្តុះបណ្តាល​ជំនាញ អប់រំ​ពី​​គន្លឹះ​ក្នុង​ការ​បំពេញ​​ការងារ​កែលំអ​ឲ្យ​បាន​ប្រសើរ​ជាង​មុន នឹង​ឆ្លុះ​បញ្ចាំង​ពី​តុល្យភាព​​ការងារ​របស់​ក្រុមហ៊ុន​ ដែល​នោះ​គឺ ក្រុមហ៊ុន​ក៏​ជោគជ័យ បុគ្គលិក​គ្រប់គ្នា​ក៏​ជោគជ័យ។

លោក Reid Hoffman បាន​បញ្ជាក់​ចុងក្រោយ​ថា ក្រុមហ៊ុន​មួយ​មិន​អាច​ឃាត់​បុគ្គលិក​របស់​ខ្លួន​ឲ្យ​នៅ​ធ្វើការ​ជា​រៀង​រហូត​នោះ​ទេ តែ​​ការ​ចែក​រំលែក​របស់​​ក្រុមហ៊ុន​​ដោយ​ការ​ទទួល​ខុសត្រូវ​​​តាម​​រយៈ​ការ ជួយ​ជ្រោមជ្រែង​បណ្តុះបណ្តាល​​ពួកគេ​​ឲ្យ​កាន់តែ​មាន​​ពន្លឺ​​ក្នុង​​អាជីព​ការងារ នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នោះ​មាន​តម្លៃ​ពិតៗ​ជា​អមតៈ​៕


វិធីសាស្ត្រ​អន្ទងចិត្ត​​បុគ្គលិក​ល្អៗ​​​ឲ្យ​នៅ​បម្រើ​ក្រុមហ៊ុន​បាន​យូរអង្វែង​ប្រភព៖​ shutterstock
ការ​ទាញ​យក ឬ​ រក្សា​ទុក បុគ្គលិក​ឆ្នើម​ឲ្យ​​នៅ​​បម្រើ​ការងារ​​ក្នុង​ក្រុមហ៊ុន​មួយ​យូរអង្វែង​បាន​ក្លាយ​ជា​រឿង​មួយ​ស្មុគស្មាញ និង​សំខាន់​មួយ​ដែរ​​ សម្រាប់​វិស័យ​​អាជីវកម្ម​នៅ​ពេល​​បច្ចុប្បន្ន។ ក្រុមហ៊ុន​ជា​ច្រើន ​បាន​ប្រឈ​ម​​បញ្ហា​​ជ្រើសរើស​បុគ្គលិក​ជំនាញ​​មក​ជំនួស​កន្លែង​បុគ្គលិក​ចាស់​​របស់​ខ្លួន នៅ​ពេល​ដែល​បុគ្គលិក​ល្អ​ម្នាក់​នោះ ​សម្រេច​ចាកចេញ​ពី​ក្រុមហ៊ុន​របស់​ខ្លួន។

តើ​នេះ​បណ្តាល​មក​ពី​មូលហេតុ​អ្វី?

បើ​លោក​អ្នក​ជួបប្រទះ​បញ្ហា​នេះ​មែន​ សូម​ស្វែងយល់​ពី​​វិធីសាស្ត្រ​ចំនួន ​៥ ​ខាងក្រោម​នេះ​ដែល​គេ​មើល​ឃើញ​​ជា​ទូទៅ​ថា អាច​រក្សាទុក​​បុគ្គលិក​ល្អៗ​ឲ្យ​នៅ​បម្រើ​ក្រុមហ៊ុន​មួយ​ដោយ​មិន​ចេះ​ងាករេ​បាន។ ​​​

១) ផ្តល់​បរិយាកាស​ល្អ​​នៅ​កន្លែង​ការងារ (Working Environment)

តើ​អ្នក​ធ្លាប់​ធ្វើ​ការ​​ជាមួយ​អ្នក​គ្រប់គ្រង​មួយ​ដែល​អង្គុយ​ចាំតែ​ស្ដីបន្ទោស ឬ​រអ៊ូរទាំ​ច្រើន​ដែរឬទេ? បើ​​ដូច្នេះ​មែន​នោះ​ ការ​ចាកចេញ​របស់​បុគ្គលិក​មួយចំនួន​ពី​ក្រុមហ៊ុន​ជា​បន្តបន្ទាប់​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ឡើយ។ នៅ​ពេល​ដែល​បរិយាកាស​ការងារ​​អាប់អួ​​​ដោយសារ​តែ​អ្នក​ដឹកនាំ​មួយ​ដែល​ខ្វះ​សុជីវធម៌ មិន​យល់​ចិត្ត​កូនចៅ ​និង​​ជះឥទ្ធិពល​ដល់​កន្លែង​ការងារ​ទាំងមូល​ជា​មិន​ខាន។

នៅ​ក្នុង​ក្រុមហ៊ុន​នីមួយៗ គេ​​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ណាស់​​ក្នុង​ការ​តែងតាំង​អ្នកដឹកនាំ​ណា​ម្នាក់។ យុទ្ធសាស្ត្រ​ដ៏​សំខាន់​​ និង​មាន​ប្រសិទ្ធភាព គឺ​ត្រូវ​​ជ្រើសរើស ឬ ​បណ្តុះបណ្តាល​អ្នក​ដឹកនាំ​​មួយ​ដែល​មាន​គុណភាព មាន​សមត្ថភាព​គ្រប់គ្រង​ធនធានមនុស្ស​ច្បាស់លាស់ ជំនាញ និង ចំណេះដឹង​ទូលំទូលាយ អាច​អនុវត្ត​គម្រោង​នានា​តាម​ផែនការ​ដែល​បាន​កំណត់ ជា​ពិសេស​ការ​​ធ្វើ​ឲ្យ​បុគ្គលិក​នៅ​ក្រោម​បង្គាប់​មាន​ភាព​​ស្និទ្ធស្នាល​ក្នុង​កន្លែង​ការងារ​កាន់តែ​ច្រើន​ឡើង។ អ្នកដឹកនាំ​ល្អ​​ គឺ​ជា​បុគ្គល​ដែល​​ស្គាល់​ពី​ចិត្តសាស្ត្រ​របស់​មនុស្ស​ និង ផ្តល់​​ភាព​កក់ក្តៅ​ជានិច្ច​​ដល់​បុគ្គលិក​គ្រប់រូប។​​​​​​​

២) ទទួលស្គាល់​​សមត្ថភាព​ និង​ផ្តល់​រង្វាន់​លើក​ទឹកចិត្ត​ដល់​បុគ្គលិក (Recognize and Reward)

លុយ​ និង អត្ថប្រយោជន៍​ផ្សេងៗ​អាច​​ធ្វើ​ជា​​នុយ​​ស្ទូច​ ឬទិញ​ទឹកចិត្ត​មនុស្ស​មួយចំនួន​ឲ្យ​វក់វី​នឹង​ការងារ​របស់​​ក្រុមហ៊ុន​មួយ​បាន។ ប៉ុន្តែ នោះ​មិន​ប្រាកដ​មួយ​រយ​ភាគរយ​នោះ​ដែរ ត្បិតអី​ជា​ធម្មជាតិ​របស់​មនុស្ស មនុស្ស​ត្រូវ​ការ​ការ​កោតសរសើរ ការ​លើកទឹកចិត្ត និង​ការ​ទទួលស្គាល់​ពី​សមត្ថ​ផល​របស់​ខ្លួន។ ដូច្នេះ ក្រុមហ៊ុន ឬ អ្នក​គ្រប់គ្រង​ត្រូវ​ថ្លឹងថ្លែង​ចំណុច​ទាំងនេះ​ឲ្យ​បាន​ច្បាស់​​ ហើយ​វា​ក៏​មិនមែន​ជា​រឿង​មួយ​ដែល​ពិបាក​ធ្វើ ឬ ត្រូវ​ចំណាយ​ប្រាក់កាស​ច្រើន​នោះ​ដែរ។

គេ​សង្កេត​ឃើញ​ថា ជា​រៀងរាល់​ឆ្នាំ ​​ក្រុមហ៊ុន​ភាគច្រើន​តែង​ផ្តល់​ប្រាក់​រង្វាន់ ឬ Bonus ​យ៉ាង​ហោច​ណាស់​​មួយដង​ដែរ​សម្រាប់​បុគ្គលិក​ម្នាក់ៗ​ស្មើ​នឹង ម្ដង ​ពីរ ឬ ​បី​​ដង​នៃ​​ប្រាក់​ខែ​របស់​​ពួកគេ​ទៅ​តាម​លទ្ធភាព​របស់​ក្រុមហ៊ុន​​នីមួយៗ។ ការ​ទំនាក់ទំនង​របស់​ក្រុមហ៊ុន និង​បុគ្គលិក ​នឹង​​កាន់តែ​មាន​ភាព​ស៊ីចង្វាក់គ្នា​ជាង​នេះ ប្រសិនបើ​ខ្លួន​បាន​ផ្តល់​អត្ថប្រយោជន៍​បន្ទាប់​បន្សំ​តូចៗ​ជា​ច្រើន​ទៀត ដូច​ជា​កាដូ ការ​ផ្តល់​ជួន​ប័ណ្ណ​បញ្ចុះតម្លៃ​​ឬ Free ទៅ​ញាំ​អាហារ​ និង បង្កើត​កម្មវិធី​ជួបជុំ​​សប្បាយ​ៗ​ ដំណើរ​កម្សាន្ត​រួម​គ្នា​ ជា​ដើម ដែល​នេះ​សុទ្ធតែ​​ធ្វើ​ឲ្យ​បុគ្គលិក​មាន​អារម្មណ៍​កក់ក្តៅ​ចូលរួម​គ្រប់​សកម្មភាព​របស់​ក្រុមហ៊ុន។


​​​​​​៣) ​យកចិត្តទុកដាក់ និង​ ទំនាក់ទំនង (Engagement)​

បុគ្គលិក​មួយចំនួន​មើលទៅ​ហាក់​សកម្ម​នឹង​ការងារ​ខ្លាំង​ណាស់។ ប៉ុន្តែ សំនួរ​សួរ​ថា តើ​ពួកគេ​មាន​ការ​ទំនាក់ទំនង និង សម្រេច​បាន​លទ្ធផល​​ដល់​កម្រិត​ណា? បុគ្គលិក​​កាន់តែ​មាន​ការ​ប្ដេជ្ញា​ចិត្ត និង ​កាន់តែ​សកម្ម​ក្នុង​ការងារ​ នៅ​ពេល​ដែល​ពួកគេ​មាន​អារម្មណ៍​ថា គំនិត ឬ ​សំណើ​របស់​ពួកគេ ត្រូវ​បាន​​​មនុស្ស​គ្រប់គ្នា​​យកចិត្ត​ទុកដាក់ និង​ឲ្យ​តម្លៃ។ នេះ​គឺជា​​គោលការណ៍​​មួយ​ធ្វើ​ឲ្យ​ពួកគេ​មាន​ភាព​ម្ចាស់ការ​​ក្នុង​ការងារ​កាន់តែ​​ប្រសើរ​ឡើង។

ជា​ឧទាហរណ៍ ​មួយ​របស់​ក្រុមហ៊ុន​ដំឡើង​​ឧបករណ៍​​អេឡិចត្រូនិក និង សម្ភារ​អគ្គិសនី TDIndustries ​នៅ​ទីក្រុង Dallas រដ្ឋ Texas បាន​​បង្កើត​និមិត្តរូប​ដ៏​អស្ចារ្យ​មួយ​​នៅ​ក្នុង​ក្រុមហ៊ុន​ធ្វើ​ឲ្យ​បុគ្គលិក​មាន​អារម្មណ៍​​ថា ពួកគេ​មាន​តម្លៃ និង​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់។ នោះ​គឺ​ថា នៅ​ពី​មុខ​ក្រុមហ៊ុន​នេះ​មិន​​មាន​កន្លែងណា​មួយ​សម្រាប់​ចំណត​រថយន្ត​​បុគ្គលិក ឬ ត្រូវ​ទុក​កន្លែង​ពិសេស​មួយ​សម្រាប់​ចំណត​រថយន្ត​របស់​ប្រធាន​ក្រុមហ៊ុន​នោះ​​ឡើយ ពោល​ទាំង​ប្រធាន​ក្រុមហ៊ុន និង បុគ្គលិក​​គ្រប់​លំដាប់ថ្នាក់​មាន​សិ​ទ្ធិ​ស្មើគ្នាៗ​​ទាំងអស់។ នេះ​ហើយ​​សមភាព​នៅ​ក្នុង​កន្លែង​ការងារ​ដែល​ក្រុមហ៊ុន​ទូទៅ​ត្រូវ​តែ​ដឹង។ តាមពិត​វា​គ្រាន់តែ​ជា​រឿង​សាមញ្ញ​មួយ​ប៉ុណ្ណោះ តែ​វា​​ជា​តម្លៃ​យ៉ាង​​ធំធេង​សម្រាប់​ក្រុមហ៊ុន។​​​​​​​​​​

៤) ការ​បណ្តុះបណ្តាល (Training)

សម្រាប់​មនុស្ស​ទូទៅ​ ឱកាស​អាជីព​ការងារ មាន​សារសំខាន់​​ដូច​​ការ​ស្វែង​រក​លុយ​របស់​ពួកគេ​ដែរ។ តាម​ការ​ស្រាវជ្រាវ​របស់​គេហទំព័រ ​Linkage​ Ine បាន​រក​ឃើញ​ថា ៤០% នៃ​បុគ្គលិក​បម្រើ​ការងារ​បាន​និយាយ​ថា នឹង​ចាកចេញ​ពី​ការងារ​កំពុង​ធ្វើ​​ប្រសិន​បើ​ការងារ​ថ្មី​ផ្តល់​​ឱកាស​​បាន​ល្អ​ប្រសើរ​ជាង​នេះ។

កាល​ពីរ​ឬ​បី​ឆ្នាំ​មុន ក្រុមហ៊ុន​បណ្តុះបណ្តាល​ឯកទេស Deloitte ដ៏​ល្បី​របស់​អង់គ្លេស​​បាន​បាត់បង់​បុគ្គលិក​​មាន​សក្ដានុពល​ជា​ច្រើន​រូប។ ក្រោយ​មក​ខ្លួន​បាន​រក​ឃើញ​ថា នេះ​បណ្តាល​មក​ពី​ក្រុមហ៊ុន​របស់​ខ្លួន​មិន​បាន​បណ្តុះបណ្តាល​ជំនាញ​​ណាមួយ​ដល់​បុគ្គលិក ធ្វើ​ឲ្យ​ដៃគូ​ប្រកួត​​ទាញ​យក​​ទៅ​បាន។​​

ជា​ដំណោះស្រាយ ក្រុមហ៊ុន​នេះ​បាន​បង្កើត​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​ឯកទេស​ពិសេសៗ​ជា​ច្រើន​សម្រាប់​បុគ្គលិក​។ នៅ​ទី​បំផុត ​ខ្លួន​អាច​រក្សា​បាន​បុគ្គលិក​ឆ្នើមៗ​​កាន់តែ​​ច្រើន​ឡើង ហើយ​ក៏​កម្រ​ឃើញ​បុគ្គលិក​ណា​ម្នាក់​ចាកចេញ​ពី​ក្រុមហ៊ុន​នេះ​​ដែរ ត្បិតអី Deloitte បាន​បណ្ដុះ​បណ្តាល​​ជំនាញ​វិជ្ជាជីវៈ​ដល់​បុគ្គលិក​របស់​ខ្លួន​បាន​យ៉ាង​ល្អ​ជាង​ក្រុមហ៊ុន​ដទៃទៀត​ឯណោះ។​​​​​​

ជំហាន​ទី៥) ការ​វាយតម្លៃ​សមត្ថភាព​​ការងារ​របស់​បុគ្គលិក (Evaluation)

ចំណុច​ចុងក្រោយ​នៅ​ពេល​នេះ​គឺ​ការ​វាយតម្លៃ​លើ​សមត្ថភាព​ការងារ​​របស់​បុគ្គលិក។ គោលបំណង​​ចម្បង​នៃ ការ​វាយតម្លៃ​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​វាស់​ស្ទង់​ពី​ការ​​អភិវឌ្ឍ​​​ទៅ​មុខ​ និង កំណត់​ថា តើ​បុគ្គលិក​នីមួយ​ៗ មាន​សមត្ថភាព​​ក្នុង​កម្រិត​ណា​ ឬ បាន​បំពេញ​ការងារ​ឆ្លើយតប​តាម​គោលដៅ​ដែល​បាន​កំណត់​ហើយ​ឬ នៅ? ការ​វាយតម្លៃ​នេះ មាន​ជាអាទិ៍ ​ឥរិយាបថ​​របស់​បុគ្គលិក សីលធម៌​ លទ្ធផល និង សកម្មភាព​​​ពាក់ព័ន្ធ​នៅ​កន្លែង​ការងារ​។ ​​​​​

ការ​វាយតម្លៃ​ក៏​ផ្ដោត​ជា​សំខាន់​ផង​ដែរ​ពី​មតិយោបល់ ឬ សំណើ​​​ផ្សេងៗ​របស់​បុគ្គលិក​ទៅ​កាន់​ថ្នាក់​ដឹកនាំ ឬ ក្រុមហ៊ុន​ពី​អ្វី​ដែល​ជា​​កង្វះខាត​​ត្រូវ​បំពេញ​បន្ថែម​ជួស​​ការងារ​ជាក់ស្តែង​ដែល​ពួក​គេ​កំពុង​បំពេញ។ ការ​វាយតម្លៃ​នេះ ជា​គោលការណ៍​ដ៏​​សមស្រប​មួយ​ដើម្បី​ត្រួតពិនិត្យ​ និង​លើក​ស្ទួយ​បុគ្គលិក​នៅ​ក្រុមហ៊ុន​ ​សម្រាប់​បង្កើត​បរិយាការ​ងារ​​ឲ្យ​ដើរ​រលូន​ទៅ​មុខ​បាន​៕


លោក ប៊ីលហ្គេត​បង្ហាញ​សៀវភៅ Business Adventuresប្រភព៖​ lacartes
អ្នកណា​ក៏​ដឹង​ដែរ​ថា លោក​ប៊ីលហ្គេត​គឺ​ជា​មហាសេដ្ឋី​​អាមេរិក​ដ៏​ជោគជ័យ និង​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពី​ពិភពលោក​ដែល​​មាន​ប្រាក់​រហូត​ដល់ ​​៨៣,៣ ពាន់​លាន​ដុល្លារ។ ទន្ទឹម​នឹង​នេះ​គាត់​ក៏​​ជា​បុគ្គល​មួយ​រូប​ដែល​បាន​​បរិច្ចាគ​ទឹកប្រាក់​​ច្រើន​សន្ធឹកសន្ធាប់​ ​ដើម្បី​ធ្វើ​សកម្មភាព​មនុស្សធម៌​ជួយ​ជន​ក្រីក្រ​នៅ​ជុំវិញ​ពិភពលោក ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​​​ដែរ។

​អាថ៌កំបាំង​នៃ​ភាព​ជោគជ័យ​របស់​លោក ​បាន​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា ជា​ពិសេស​សហគ្រិន អ្នក​ជំនួញ រួម​ទាំង​បញ្ញវន្ត​វ័យក្មេង​ចង់​ស្វែង​យល់​ពី​គន្លឹះ​ដែល​ធ្វើ​ឲ្យ​មហាសេដ្ឋី​វ័យ៥៩​ឆ្នាំ​រូប​នេះ អាច​ក្លាយ​ជា​​បុគ្គល​​មាន​ទ្រព្យសម្បតិ្ត​យ៉ាង​ច្រើន​មហាសាល​បាន​។ សូម​ចុច​ត្រង់​នេះ ដើម្បី​​អាន​ព័ត៌មាន​លម្អិត​ពី​លោក​ប៊ីលហ្គេត

សម្រាប់​​ប្រិយមិត្ត​វិញ​ដែល​​​មាន​បំណង​​ចង់​​ស្គាល់​មហាសេដ្ឋី​រូប​នេះ​ឲ្យ​កាន់តែ​ច្បាស់​មែន​នោះ លោកអ្នក​អាច​សាកល្បង​ស្វែងយល់​ពី​សកម្មភាព ឬ ទម្លាប់​របស់​​លោក​មួយ​ចំនួន​​ដូច​ជា​ការ​​អាន​សៀវភៅ​​ជា​ដើម ព្រោះ​ថា​កាល​ពី​ពេល​​ថ្មីៗ​នេះ​មហាសេដ្ឋី​រូប​នេះ​បាន​​បង្ហាញ​ពិភពលោក​ពី​សៀវភៅ​មួយ​ក្បាល​ដែល​គាត់​ចូលចិត្ត​អាន​បំផុត។ តើ​​នោះ​គឺ​ជា​សៀវភៅ​អ្វី?

ដោយ​បាន​ចុះផ្សាយ​នៅ​លើ​គេហទំព័រ​សារព័ត៌មាន The Wall Street Journal ​លោក​ប៊ីលហ្គេត​បាន​​បង្ហើប​ថា សៀវភៅ​ដែល​លោក​ចូលចិត្ត​បំផុត​នោះ​មាន​ចំណង​ជើង​ថា«Business Adventures ឬ ដំណើរ​ផ្សងព្រេង​នៃ​មុខ​ជំនួញ»


អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​នោះ​គឺ​ថា សៀវភៅ​នេះ​មិន​ជា​សៀវភៅ​ដែល​ទើប​នឹង​បោះពុម្ពផ្សាយ​នៅ​ពេល​ថ្មីៗ​នោះ​ឡើយ​ ពោល​គឺ​វា​បាន​និពន្ធ​ឡើង​ដោយ​លោក John Brooks និង​ បោះពុម្ពផ្សាយ​កាល​ពី​អំឡុង​ទសវត្ស​ទី​៦០។ សៀវភៅ​​នេះ​មិន​មាន​ការ​បោះពុម្ព​ផ្សាយ​លក់​​បន្ត​ទៀត​ឡើយ​​​ចាប់តាំង​ពី​​ឆ្នាំ​១៩៧១​មក។

ទោះបីជា​យ៉ាង​នេះ​ក្តី លោក​ប៊ីលហ្គេត​បាន​បញ្ជាក់​ថា ​សំណាង​ល្អ​លោក​​បាន​សៀវភៅ​នេះ​​​នៅ​ក្នុង​ដៃ​នា​​ឆ្នាំ​១៩៩១។ ​លោក​បាន​បង្ហាញ​ចំណាប់អារម្មណ៍​របស់​លោក​​ថា វា​នៅតែ​មាន​តម្លៃ​​​​ស្រប​តាម​បរិបទ​សម័យ​បច្ចុប្បន្ន​សម្រាប់​អ្នក​ជំនួញ ឬ​សហគ្រិន​ទាំងឡាយ​ដែល​ចង់​ស្វែង​យល់​ពី​​មុខ​ជំនួញ។ ​

លោក​បាន​​បន្ថែម​ថា សៀវភៅ «Business Adventures​» បរិយាយ​អំពី​ភាព​ខ្លាំង និង ភាព​ខ្សោយ​របស់​អ្នក​ដឹកនាំ​ដែល​ត្រូវ​ប្រឈម​មុខ​ ដែល​ផ្ដោត​ភាគច្រើន​នៅ​ក្នុង​វិស័យ​មុខ​ជំនួញ​ដែល​មាន​តម្លៃ​ជា​អត្ថន័យ តែ​មិន​មែន​មាន​តម្លៃ​លើ​អាយុកាល​របស់​វា​នោះ​ឡើយ។

សូម​​បញ្ជាក់​ថា សៀវភៅ « Business Adventures​ » ក៏​​ជា​សៀវភៅ​សំណព្វ​​ចិត្ត​​មួយ​ក្នុង​ចំណោម​សៀវភៅ​ល្អៗ ជា​ច្រើន​ទៀត​របស់​មហាសេដ្ឋី​​ជាប់​ចំណាត់​ថ្នាក់​ទី​ពីរ​នៅ​លើ​លោក​របស់​មិកស៊ិក​គឺ​​លោក Carlos Slim ​ផង​ដែរ ដែល​មហាសេដ្ឋី​មាន​ទ្រព្យសម្បត្តិ​៧៦,២ ពាន់​លាន​ដុល្លារ ​រូប​នេះ​ធ្លាប់​អាន​មុន​លោក​ប៊ីលហ្គេត​ទៅ​ទៀត៕


ហេតុអ្វី​បាន​ជា​​​នៅ​សុខៗ​អស់​លុយ​ធ្វើ​អាជីវកម្ម?ប្រភព៖​ obitelj
មាន​ក្រុមហ៊ុន​មិន​តិច​ឡើយ ជា​ពិសេស​អាជីវកម្ម​ថ្មីថ្មោង​ដែល​បាន​ដំណើរការ​រកស៊ី​មិនទាន់​បាន​ប៉ុន្មាន​ខ្យល់​ផង ស្រាប់តែ​ទន់ជង្គង់​ដួល​រលំ​ងើបមិនរួច រកតែ​ច្រក​ផ្លូវ​ស្តា​ឲ្យ​រស់​ឡើងវិញ​​គ្មាន។ នេះ​ហើយ​ជា​លទ្ធផល​អាក្រក់​មួយ​ដែល​សហគ្រិន​គ្រប់រូប​មិន​ចង់​ជួបប្រទះ។ វា​ពិត​ជាមាន​មូលហេតុ​នៅ​ពីក្រោយ​ភាព​បរាជ័យ​នេះ​ ដែល​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​អ្នក​អស់​លុយ​​ទាំង​មិន​ទាន់​បាន​​ប្រាក់​ចំណេញ​មកវិញ​ផង។

សូម​ស្វែងយល់​ពី​មូលហេតុ​សំខាន់ៗ​ខាងក្រោម​នេះ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ជា​ទូទៅ​ថា ជា​ឫសគល់​នៃ​ការ​ធ្វើ​ឲ្យ​សហគ្រិន​អស់​លុយ​ធ្វើ​អាជីវកម្ម។​​​

១) ​ធ្វើ​បញ្ជី​​ទិញ​លក់​មិន​បាន​​ត្រឹមត្រូវ​​​​

នៅ​ពេល​ដែល​ផលិតផល​របស់​អ្នក​អាច​​វាយលុក​នៅ​លើ​ទីផ្សារ​បាន​ហើយ ហើយ​អាច​ទទួល​ចំណូល​មកវិញ​ពី​អតិថិជន​បាន នោះ​គឺ​ជា​​សញ្ញាណ​ល្អ​មួយ​បញ្ជាក់​ថា អាជីវកម្ម​របស់​អ្នក​កំពុង​បោះ​ជំហាន​ទៅ​មុខ។ ប៉ុន្តែ ​នៅ​មាន​ករណី​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ខាតបង់​ទាំង​មិនដឹង​ខ្លួន នោះ​គឺ​ការ​​ធ្វើ​បញ្ជី​​​ ​​ឬ​កត់​ត្រា​​ការ​ទិញ​លក់​មិន​បាន​​ត្រឹមត្រូវ។ នៅ​ពេល​ដែល​​បញ្ជី​ ទិញ​​លក់​នៅ​មាន​​ចន្លោះប្រហោង​ ហើយ​​វិក័យប័ត្រប្រាក់​​​ទូទាត់​​របស់​អតិថិជន​ក៏​​មិន​បាន​​កត់​ត្រា​​ត្រឹមត្រូវ​ដែរ​​ ​នេះ​គឺ​មិន​ខុស​អី​​យក​លុយ​ទៅ​ចោល​ទទេៗ​រុញ​​អាជីវកម្ម​ឲ្យ​ធ្លាក់​ទឹក​នោះ​ឡើយ។

​២) ​អសកម្ម​ក្នុង​ការ​ប្រមូល​ប្រាក់​ជំពាក់​មកវិញ​​ពី​អតិថិជន

​ផលិតផល​​​របស់​អ្នក​ បាន​ដាក់​លក់​យ៉ាង​មមាញឹក​នៅ​លើ​ទីផ្សារ​​​​រហូត​ដល់​ទទួល​បាន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​អតិថិជន ខណៈ​​បញ្ជី​ទូទាត់​​តម្លៃ​​នៃ​​ការ​ជំពាក់​​របស់​អតិថិជន​វិញ ​បាន​ធ្វើ​ឡើង​យ៉ាង​ត្រឹមត្រូវ។ ប៉ុន្តែ ទោះបី​ជា​យ៉ាងណា​ក៏ដោយ នេះ​នៅតែ​ជា​បញ្ហា​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អ្នក​ដួល​រលំ ប្រសិន​បើ​អ្នក​មិន​បាន​ប្រមូល​​​ប្រាក់​ជំពាក់​របស់​អតិថិជន​ទាំងនោះ​ឲ្យ​បាន​ទាន់​ពេលវេលា​​គ្រប់​តាម​ចំនួន​ទេ​នោះ។ ​​វិធីសាស្ត្រ​ដ៏​ប្រសើរ​ដើម្បី​ស្តា​ស្ថានការណ៍​នេះ ឡើងវិញ គឺ​ត្រូវ​ប្រមូល​លុយ​​​ដែល​អតិជន​ជំពាក់​ឲ្យ​បាន​គ្រប់​ចំនួន​ដូច​មាន​​នៅ​​ក្នុង​បញ្ជី​​​ឬ វិក្កយបត្រ​ជំពាក់​ប្រាក់​របស់​អ្នក​ ព្រោះ​វា​​ជា​ផ្នែក​មួយ​នៃ​ការ​គ្រប់គ្រង​​លំហូរ​សាច់ប្រាក់​ក្នុង​ក្រុមហ៊ុន​​អ្នក។

៣) ​ថ្លៃ​ផលិត​​ខ្ពស់​ជាង​តម្លៃ​លក់

​ការ​ស្រាវជ្រាវ​ទីផ្សារ​ធ្វើ​បាន​​ល្អិតល្អន់​ ការ​លក់​ផលិតផល​ដំណើរការ​ល្អ​ជា​ធម្មតា តែ​​នៅ​ពេល​ដែល​​ងាក​មក​មើល​​តម្លៃ​លក់​ផលិតផល​វិញ​​បែរជា​​ថោកជាង​ថ្លៃ​ផលិត។ តើ​នេះ​មិន​ធ្វើ​ឲ្យ​​អាជីវកម្ម​របស់​អ្នក​ដួល​រលំ​ទេឬ? ស្ថានការណ៍​ទីផ្សារ​ពិត​ជា​មាន​ការ​ប្រែប្រួល​ពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយទៀត​​ ហើយ​វា​ជា​រឿង​កម្រ​ដែល​តម្លៃ​​ផលិតផល ឬ សេវាកម្ម​នានា​នៅ​លើ​ទីផ្សារ​ចុះថោក​ជាង​មុន ជា​ពិសេស​គឺ​នៅ​ពេល​ថ្លៃ​ដើម​ឡើង​ថ្លៃ។ អ្នក​ត្រូវ​ធ្វើ​​​​​ការ​ស្រាវជ្រាវ​ ឬ​ពិនិត្យ​ទៅ​លើ​បច្ចុប្បន្ន​ភាព​ថ្លៃ​​ដើម​ទីផ្សារ​ឱ្យ​គ្រប់​ពេល​វេលា​​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ដំឡើង​ថ្លៃ​ផលិតផល​កុំ​ឱ្យ​ទាប​ជាង​ថ្លៃ​ដើម​។

បើ​អ្នក​នៅតែ​រក្សា​តម្លៃ​ផលិតផល​របស់​អ្នក ខណៈ​ដែល​ការ​ចំណាយ​កាន់តែ​កើនឡើង​ នោះ​វា​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ឡើយ​ដែល​ក្រុមហ៊ុន​អ្នក​នឹង​ត្រូវ​ដាច់​ដង្ហើម។ ជៀសវាង​បញ្ហា​នេះ ពិនិត្យ​មើល​បញ្ជី​ចំណាយ​​​របស់​អ្នក​ឡើង​វិញ​ ដើម្បី​កំណត់​ថា តើ​អ្នក​គួរតែ​លក់​ផលិតផល​ក្នុង​តម្លៃ​ប៉ុន្មាន​ដើម្បី​អាច​​ទូទាត់​ទៅ​នឹង​ការ​ចំណាយ​បាន?



៤) កង្វះខាត​​ត្រួតពិនិត្យ​​លើ​ការ​ចំណាយ​


កង្វះខាត​នៃ​ការ​ត្រួតពិនិត្យ​ប្រាក់​ចំណាយ​​​នីមួយៗ​ដូច​ជា ​ចំណាយ​លើ​ការ​ផលិត បុគ្គលិក ឬ សម្រាប់​ស្រាវជ្រាវ​ទីផ្សារ​ជាដើម មិន​បាន​ត្រឹមត្រូវ​ នឹង​ធ្វើ​ឲ្យ​អ្នក​បាត់បង់​​ម្ចាស់ការ​លើ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ដែល​នោះ​គឺ​ជា​ផ្លូវ​តែ​មួយ​គត់​គឺ​ដួល​រលំ។ អ្នក​អាច​ស្វែងយល់​ថា តើ​​អ្នក​បាន​ចំណាយ​ប្រាក់​អស់​ប៉ុន្មាន​? តើ​អ្វី​ទៅ​ជា​ការ​ចំណាយ​ធំ​បំផុត​របស់​អ្នក? តើ​អ្នក​ទទួល​បាន​ប្រាក់​ចំណូល​ប៉ុន្មាន​មកវិញ? ការ​រក​ឃើញ​ចម្លើយ​ទាំង​នេះ នឹង​ធ្វើ​ឲ្យ​អ្នក​អាច​​​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​​កំណត់​ការ​ចំណាយ​ និង ​តម្លៃ​ផលិតផល​ឲ្យ​មាន​ប្រសិទ្ធភាព ជៀសវាង​ការ​ខាតបង់​​ គ្មាន​ប្រាក់​បើក​អាជីវកម្ម​បន្ត៕


រួបតំណាង​ប្រភព៖​ socialscienceinsights
មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មាន​សក្តានុភាព​ផ្សេងៗ​ពី​គ្នា​ ​​ប៉ុន្តែ​គ្រាន់តែ​អ្នក​ខ្លះ​អាច​ប្រើ​ប្រាស់​សក្ដានុពល​​ ដើម្បី​ជា​ប្រយោជន៍​បាន​ច្រើន​ ប៉ុន្តែ​​មនុស្ស​មួយ​ចំនួន​ទៀត​ មិនអាច​ប្រើប្រាស់​ សក្ដានុពល​អស់​ពី​ក្នុង​ខ្លួន​ឡើយ​។​ ​ខាងក្រោម​នេះ គឺ​ជា​សញ្ញា​​​មួយ​ចំនួន​ដែល​បញ្ជាក់​ថា ​​អ្នក​មិនអាច​បញ្ចេញ​សក្ដានុពល​ពេញ​លេញ​នៅ​កន្លែង​ការងារ​បាន​៖​​

១) ​​ចូលចិត្ត​ធ្វើ​ការងារ​ដែល​ងាយៗ​ពេក​​​
​​​​​​​ប្រសិនបើ​ ជា​រៀងរាល់​ថ្ងៃ​ អ្នក​ធ្វើ​តែ​ការងារ​ស្រួលៗ​នោះ ​វា​ពិត​ជា​មិនអាច​ជួយ​ពង្រឹង​សមត្ថភាព​របស់​អ្នក​បាន​ឡើយ​។ ​ធ្លាប់តែ​ធ្វើ​ការងារ​ស្រាលៗ​ និង ​ស្រួលៗ តែ​នៅ​ពេល​ជួប​បញ្ហា​ធ្ងន់ធ្ងរ ឬ លំបាក​ខ្លាំង​នោះ​ អ្នក​ប្រាកដ​ជា​មិនអាច​ស៊ូទ្រាំ​បាន​ឡើយ​ ហើយ​ប្រហែល​ជា​សុខចិត្ត​បោះបង់​​ ទាំង​កណ្តាល​ទី​។ ​ដូច្នេះ​ហើយ​ អ្នក​មិន​គួរ​បន្ត​រីករាយ​ជាមួយ​នឹង​ការងារ​ ស្រួលៗ​​ទាំងនោះ​ទេ ពោល​គឺ​គួរតែ​រៀន​បន្សាំ​ខ្លួន​ជា​មួយ​នឹង​ អ្វី​ដែល​ពិបាកៗ​​ ទើប​ធ្វើ​ឲ្យ​អ្នក​អាច​បញ្ចេញ​សក្ដានុពល​ពេញ​លេញ​​បាន​។

២)​ អ្នក​មិនបាន​ស្វែងរក​អ្វី​ថ្មី​ដើម្បី​រៀនសូត្រ
​ការ​រៀនសូត្រ​ គឺ​ជា​រឿង​សំខាន់​បំផុត​សម្រាប់​មនុស្ស​គ្រប់គ្នា​។ បើ​ទោះបីជា​ ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​ អ្នក​មិនអាច​ព្រងើយកន្តើយ​នឹង​ការរៀនសូត្រ​ឡើយ​។​ ​ប្រសិនបើ​អ្នក ​​​មិនព្រម​ព្យាយាម​ស្វែងរក​អ្វី​ដែល​ថ្មី​ ដើម្បី​រៀនសូត្រ​ មានន័យ​ថា ​អ្នក​មិនអាច​អភិវឌ្ឍ​ខ្លួន​ទៅ​មុខ ឬ អាច​ប្រើប្រាស់​​សក្ដានុពល​របស់​ខ្លួន​ ឲ្យ​ស្របតាម​ស្ថានការណ៍​ជាក់​ស្តែង​នោះ​ឡើយ​។



៣) ​អ្នក​មិន​​​​ចូលចិត្ត​បង្កើត​​ទំនាក់ទំនង​​ល្អ​ជាមួយ​ មនុស្ស​ជុំវិញ​ខ្លួន​ ​
ការ​ទំនាក់ទំនង​ ពិត​ជា​សំខាន់​មិនអាច​ខ្វះ​បាន​សម្រាប់​ការរស់នៅ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​។ ​ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ហាក់ដូចជា​ ​​មិន​សូវ​យកចិត្ត​ទុកដាក់​លើ​​ផ្នែក​នេះ​នោះ​ឡើយ​​ ជាហេតុ​ធ្វើ​ឲ្យ​ពួកគេ​មិនអាច​អភិវឌ្ឍ​ខ្លួន​ទៅជា​ មនុស្ស​ម្នាក់​ដែល​មាន​សក្ដានុពល​បាន​ឡើយ​​។​ ​គ្មាន​នរណា​ម្នាក់​ អាច​ចេះ​គ្រប់​រឿង​ឡើយ​ ដូច្នេះ​ទំនាក់ទំនង​ពិត​ជា​អាច​ជួយ​ ផ្តល់​ភាព​វិជ្ជមាន​​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក​ ជាពិសេស​នោះ​គឺ​ការ​បំពេញ​ចំណុច​ខ្វះខាត​​។

​​​​​​​​​​​​៤) ​គ្មាន​គំនិត​សុទិដ្ឋិនិយម​
​​​រាល់​​ការងារ​ទាំង​អស់​​ ​សុទ្ធតែ​មាន​ឧបសគ្គ​ ដូច្នេះ​ហើយ​បើ​អ្នក​ជា​មនុស្ស​ដែល​ ​គិត​ថា ខ្លួន​ឯង​គ្មាន​សមត្ថភាព​អាច​ដោះស្រាយ​បញ្ហា​ទាំងនោះ​ទេ ​វា​ប្រាកដ​ជា​ធ្វើ​​ឲ្យ​អ្នក​បរាជ័យ​ និង មិនអាច​បញ្ចេញ​សក្ដានុពល​របស់​ខ្លួន​ឲ្យ​អស់​នោះ​ឡើយ​។​ ​​​​​ដូច្នេះ​ហើយ​ គំនិត​សុទិដ្ឋិនិយម​គឺ​ជា​​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ព្រោះ​វា​ជួយ​ឲ្យ​អ្នក​អាច​បន្តការងារ​ទៅ​មុខ​បាន​ ​បើ​ទោះបីជា​ជួប​បញ្ហា​លំបាក​ប៉ុណ្ណោះ​ក៏ដោយ​៕






       
          មានវិធីតែមួយគត់ដែលអាចឲ្យអ្នកដទៃព្រមធ្វើអ្វីមួយ តើអ្នកលោកអ្នកធ្លាប់បានសញ្ជឹងគិតពីវិធីនេះដែរឬទេ?
បាទ! មានវិធីតែមួយគត់គឺ ធ្វើឲ្យអ្នកដទៃពេញចិត្តនឹងធ្វើ ។
          សូមចងចាំថា គ្មានវិធីផ្សេងពីនេះទេ!
          ពិតណាស់ អ្នកអាចធ្វើឲ្យនរណាម្នាក់ប្រគល់នាឡិការបស់គេមកឲ្យអ្នកដោយប្រើកាំភ្លើងភ្ជង់ត្រង់ឆ្អឹងជំនីរ
អ្នកអាចធ្វើឲ្យកូនឈ្នួលរបស់អ្នកព្រមធ្វើអ្វីមួយដោយគំរាមថានឹងបណ្ដេញគេចេញ អ្នកអាចបង្ខំឲ្យក្មេងធ្វើអ្វីមួយ
តាមបញ្ជាដោយកាវាយដំឬសម្លុត ប៉ុន្តែមធ្យោបាយបែបបំពារបំពានទាំងនេះបង្ករឲ្យមានផលប៉ះពាល់ដែលមិនគួរ
ជាទីប្រាថ្នាបំផុត។
          វិធីតែមួយគត់ដែលអាចធ្វើឲ្យអ្នកចង់ធ្វើអ្វីក៏បានគឺ ត្រូវផ្ដល់ឲ្យគេនូវអ្វីដែលគេចង់បាន
តើអ្វីទៅដែលអ្នកចង់បាន?
ស៊ិកម៉ាន់ ហ្រ្វយដ៏ ពោលថា អ្វីគ្រប់យ៉ាងដែលយើងប្រព្រឹត កើតមកពីកម្លាំងជម្រុញពីរយ៉ាងគឺ តម្រូវការផ្លូវភេទ និង
តម្រូវការធ្វើជាមនុស្សអស្ចារ្យ។
ចន ឌិវអ៊ីយ៏ អ្នកប្រាជ្ញដែលពោរពេញដោយមនោសញ្ចេតនាជ្រាលជ្រៅបានពោលថា មហិច្ចតាពីក្នុងជម្រៅចិត្តនៃ
ធម្មជាតិជាមនុស្សគឺ "បំណងប្រាថ្នាធ្វើជាបុគ្គលសំខាន់"។ សូមចងចាំប្រការនេះទុក "បំណងប្រាថ្នាធ្វើជាបុគ្គលសំខាន់"
ជាអត្ថន័យដ៏សំខាន់ អ្នកនឹងបានជួបរឿងនេះច្រើននៅក្នុងសៀវភៅនេះ។
          តើអ្នកដឹងទេថាខ្លួនឯងចង់បានអ្វី? មានមិនច្រើនទេ! មានតែប៉ុន្មានយ៉ាងប៉ុណ្ណោះដែលអ្នកចង់បាន។ អ្នកស្រេកឃ្លាន
ចង់បានយ៉ាងពិតប្រាកដដោយមិនអាចប្រកែកបានមានតែប៉ុន្មានយ៉ាងដូចជា ៖
  1. សុខភាពនិងសុវត្ថិភាព
  2. ចំណីរអារហារ
  3. ដំណេក
  4. ប្រាក់និងរបស់ដែលប្រាក់អាចទិញបាន
  5. ក្ដីសុខនាអនាគត
  6. តម្រូវការផ្លូវភេទ
  7. ជីវិតរស់នៅរបស់កូន
  8. មានអារម្មណ៏ថាខ្លួនជាបុគ្គលសំខាន់។
          ជាទូទៅក្ដីប្រាថ្នាទាំងអស់នេះភាគច្រើនតែតែបានសម្រេចតាមបំណង តែមានតែរបស់តែមួយមុខគត់ ដែលបំណងប្រាថ្នានេះច្រើន
តែកប់ជ្រៅនៅក្នុងជម្រៅចិត្តនិងដែលវាស្ទើរតែខ្វះមិនបានប្រៀបដូចជាអារហារ ឬដំណេកដូចច្នេះដែរ ហើយដែលវាច្រើន
តែមិនទទួលឲ្យសមតាមបំណងប្រាថ្នា។ របស់នោះគឺអ្វីដែលហ្វ្រយដ៏ហៅថា "តម្រូវការធ្វើជាមនុស្សអស្ចារ្យ"
ឬដូចដែលឌីវអ៊ិយ៏ ថា"បំណងប្រាថ្នាធ្វើជាបុគ្គលសំខាន់" នេះឯង។