Monday, June 29, 2015


ចង់​ជោគជ័យ​លើ​ទីផ្សារ​​​មិន​ចំណាយ​ប្រាក់​ច្រើន សាកល្បង​អនុវត្ត​តាម​៨​​ចំណុច​​នេះប្រភព៖​ Tech
យុទ្ធសាស្ត្រ​ទីផ្សារ​​ គឺ​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​មួយ​សម្រាប់​សហគ្រិន​ដំបូង ដើម្បី​ពង្រីក​​ឥទ្ធិពល​សេវាកម្ម ឬ ផលិត​ផល​របស់​ខ្លួន​​ឲ្យ​ទទួល​បាន​ការ​គាំទ្រ​​យ៉ាង​ពេញទំហឹង​ពី​សាធារណជន​នានា​។ នេះ​អាច​ទាមទារ​ឲ្យ​លោក​អ្នក​ ត្រូវ​ប្រើប្រាស់​ថវិកា​ផ្ទាល់​ខ្លួន​ច្រើន​បន្ថែម​ទៀត​លើ​ការ​ជួល​ធនធាន​មនុស្ស ឬប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​​​ ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​​សេវាកម្ម ឬ ផលិតផល​របស់​អ្នក។

ទោះបីជា​បែប​នេះ​ក្តី ប្រិយមិត្ត ជា​ពិសេស​សហគ្រិន​​មួយ​ចំនួន​​ ដែល​ចង់​​ជៀសវាង​ការ​ចំណាយ​ប្រាក់​ខ្ជះខ្ជាយ​លើ​ការ​ឃោសនា​​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនោះ​​ អាច​​​​សាកល្បង​​​មក​ស្វែងយល់​ពី​គន្លឹះ ​​​៧ ​ចំណុច​​ខាងក្រោម​នេះ ដែល​អាច​ជួយ​​ឲ្យ​​លោក​អ្នក​ជោគជ័យ​លើ​យុទ្ធសាស្ត្រ​ពង្រីក​ទីផ្សារ​បាន​។

១) ផ្តល់​ព័ត៌មាន​ដែល​មាន​​តម្លៃ

សូម​ផ្តល់​ព័ត៌មាន​ដែល​មាន​តម្លៃ​​ទៅ​សាធារណជន​ជុំវិញ​ផលិតផល ឬ​សេវាកម្ម​ក្រុមហ៊ុន​​របស់​អ្នក។ ព័ត៌មាន​​​នោះ​មិន​ចាំបាច់​ត្រូវ​តែ​ល្អ​ឥតខ្ចោះ​នោះ​ឡើយ តែ​គ្រាន់តែ​ជា​ព័ត៌មាន​​បញ្ជាក់​​ដល់​សាធារណជន​​ឱ្យ​បាន​ដឹង​​គឺ​គ្រប់គ្រាន់​ហើយ​។ វា​អាច​​​មាន​លក្ខណៈ​បែប​កម្សាន្ត​ ងាយស្រួល​ចាំ ​និង​បង្កប់​​​គុណ​តម្លៃ​​ជា​សាធារណ ​ដែល​​នោះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ពួកគេ​ពេញចិត្ត​ព័ត៌មាន​របស់​អ្នក​​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​​ ទៅ​​សាធារណជន​​​ផ្សេង​ទៀត​​​​​ឲ្យ​អ្នក​បាន​ទៀត​ផង។



២) ជំរុញ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​កាន់តែ​​ធំ​ឡើង


​​ព័ត៌មាន​របស់​អ្នក​ត្រូវ​តែ​ធ្វើ​ឲ្យ​មាន​ការ​ចែកចាយ​ និង ការ​បំផុស​កាន់តែ​​​ធំ​​ឡើង​ក្នុង​ក្រសែភ្នែក​សាធារណជន។ ចំណុច​នេះ​អាច​ទទួល​បាន​ជោគជ័យ​វា​អាស្រ័យ​លើ​ភាព​ច្នៃ​ប្រឌិត​បង្កប់​ក្នុង​ព័ត៌មាន​នោះ​ដែល​មាន​ទាំង​លក្ខណៈ​បែប​កម្សាន្ត មាន​ទំនាក់ទំនង​​​ទៅ​នឹង​ស្ថានភាព​ជាក់ស្តែង ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​រំញោច​ដល់​ក្រអៅបេះដូង​សាធារណជន ហើយ​អាច​ធ្វើ​ឲ្យ​​ពួកគេ​​ចែករំលែក​ព័ត៌មាន​នោះ​បន្ត​​​ដោយ​គ្មាន​វត្តមាន​​របស់​អ្នក។

៣) បង្រួមចំណុច​សំខាន់​​ព័ត៌មាន​​​ឲ្យ​​កាន់តែ​តូច តែ​​មាន​ខ្លឹមសារ​គ្រប់គ្រាន់

​​អ្នក​មិន​អាច​រៀបរាប់​​យ៉ាង​លម្អិត​ពី​​ចំណុច​សំខាន់​​ផ្សេងៗ​នៃ​សេវាកម្ម​​របស់​អ្នក​​ទាំងដុល​ក្នុង​ពេល​តែ​មួយ​បាន​ឡើយ។ ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​សាធារណជន​ អ្នក​ត្រូវ​​ពុះ​​ចំណុច​ទាំងអស់​នោះ​ជា​ចម្រៀក​ឲ្យ​កាន់តែ​តូច​​ងាយ​ស្រួល​យល់​ និង​ចងចាំ​ តែ​មាន​ខ្លឹមសារ​គ្រប់គ្រាន់​អាច​ក្តោប​លើ​ព័ត៌មាន​ទាំងមូល​បាន។



៤) បង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ​ជា​មួយ​អតិថិជន​ស្នូូល​


យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​​មួយ​ទៀត​សម្រាប់​សហគ្រិន​​​សម្រាប់​ពង្រឹង និង​ពង្រីក​ទីផ្សារ ​គឺ​ត្រូវ​​គិត និង បង្កើត​​ទំនាក់ទំនង​ជិត​ស្និត​ជា​មួយ​អតិថិជន​ស្នូល។ អ្នក​ត្រូវ​ បង្កើត​បញ្ជី​ឈ្មោះ​អាសយដ្ឋាន​អ៊ីមែល​ឬ ព័ត៌មាន​​មួយចំនួន​ទៀត​របស់​អតិថិជន​ ដែល​អ្នក​យល់​ថា មាន​ចំណាប់​អារម្មណ៍​ខ្លាំង និង ស្មោះ​ត្រង់​ចំពោះ​​សេវាកម្ម ឬ ផលិតផល​របស់​អ្នក។ នេះ​មិនមែន​កំណត់​ទំហំ​អតិថិជន​នោះ​ទេ តែ​ជា​ការ​ជួយ​ពង្រីក​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​អ្នក​​ឲ្យ​កាន់តែ​ធំធាត់​​ឡើង។



​​៥) ត្រួតពិនិត្យ​លើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​


ជា​ការពិត អ្នក​ចង់​​ឲ្យ​​ព័ត៌មាន​ពី​សេវាកម្ម ឬ ផលិត​ផល​របស់​កាន់តែ​មាន​អ្នក​គាំទ្រ និង ​មាន​ចំណាប់អារម្មណ៍​ច្រើន​ពី​សាធារណជន។ វា​ជា​រឿង​ត្រឹមត្រូវ​ដែល​អ្នក​​ត្រូវ​​ផ្សព្វផ្សាយ​ព័ត៌មាន​ដដែល​ៗ​របស់​អ្នក​ម្តង​ហើយ​ម្តង​ទៀត​ដល់​អតិថិជន​ឲ្យ​មាន​ប្រសិទ្ធភាព​ លុះត្រាតែ​​មាន​អតិថិជន​ថ្មី​ដែល​មិនទាន់​បាន​ជ្រាប​ពី​ព័ត៌មាន​របស់​អ្នក។

តាម​ស្តង់ដារ​ អ្នក​ត្រូវ​ចំណាយពេល​ ២០% សម្រាប់​បង្កើត​អ្វីៗ​ដែល​ថ្មី និង​ប្លែក​សម្រាប់​ព័ត៌មាន​របស់​អ្នក និង ៨០% សម្រាប់​​​​ផ្សព្វផ្សាយ​ព័ត៌មាន​នោះ​​នៅ​តាម​វេទិកា​ ឬ គេហទំព័រ​អ៊ីនធឺណិត និង​បណ្ដាញ​សង្គម​ដទៃ​ទៀត។ អ្នក​មិន​ត្រូវ​គិត​​លើ​ចំនួន​​ព័ត៌មាន​ដែល​អ្នក​ត្រូវ​ចែកចាយ​ដល់​សាធារណជន​នោះ​ទេ​ តែ​អ្នក​​ត្រូវ​​​គិត​ពី​​​ការ​​ពេញចិត្ត​ទទួល​យក​ដោយ​​​រីករាយ​​របស់​ពួកគេ​ពី​​ព័ត៌មាន​របស់​អ្នក​វិញ គឺ​ជា​​ការ​ប្រសើរ។

៦) ស្វែងយល់​ពី​​ការ​ប្រើប្រាស់​បណ្ដាញ​​​​ទំនាក់ទំនង

បណ្ដាញ​​ទំនាក់ទំនង​​បាន​ដើរ​តួនាទី​សំខាន់​របស់​នៅ​បច្ចុប្បន្ន​នេះ​សម្រាប់​ជួយ​បញ្ជ្រាប​ព័ត៌មាន​ផ្សេង​ៗ​ដល់​​សាធារណជន​នៅ​​តាម​សហគមន៍​​​នានា។ ដូច្នេះ ភាព​ជា​សហគ្រិន​ ​អ្នក​ត្រូវ​ស្វែង​យល់​ថា​ តើ​​សាធារណជន​មាន​ទំនោរ និង​ការ​យល់​ដឹង​​កម្រិត​ណា​នៅ​ក្នុង​ការ​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​នានា​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​?​ ការ​ស្វែង​យល់​នេះ បញ្ជាក់​ថា អ្នក​គួរតែ​​ចុះ​ទៅ​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្ទាល់ ឬ តាម​រយៈ​បណ្ដាញ​សង្គម​ផ្សេង​​​ទៀត​ដូច​ជា Facebook ជា​ដើម។

៧) ច្របាច់​បញ្ចូល​ទិន្នន័យ​​​ផ្សេងៗ​ពី​អតិថិជន​ធ្វើ​ជា​គ្រឹះ​​ពង្រីក​ទីផ្សារ​

បទសម្ភាសន៍ រូបភាព វីដេអូ សារ​សម្លេង ​ដែល​អ្នក​ទទួល​ និង​ថត​​ទុក​ធ្វើ​ជា​ឯកសារយោង​ពី​អតិថិជន​ស្នូល គឺ​ជា​គ្រឹះ​មួយ​ទៀត​​ធ្វើ​ឲ្យ​​​យុទ្ធសាស្ត្រ​ទីផ្សារ​​​ផ្សព្វផ្សាយ​សេវាកម្ម​ ឬ ផលិតផល​របស់​អ្នក​កាន់​តែ​មាន​ប្រសិទ្ធភាព​។ វា​ជា​ការ​ប្រសើរ​បើ​អ្នក​រៀបចំ​ឯកសារ​ទាំង​នេះ​ឲ្យ​មាន​លក្ខណៈ​ផ្លូវការ មាន​ការ​ទទួល​ស្គាល់​ត្រឹមត្រូវ​ពី​អាជ្ញាធរ​មូលដ្ឋាន ដែល​ជាទី​ទុកចិត្ត​ដល់​សាធារណជន៕​​

0 comments:

Post a Comment