Monday, June 29, 2015


Harli Jordean (ស្ដាំ) ​និង​ យុវតី Sindhuja Rajaraman (ឆ្វេង)​ប្រភព៖​ woodlawnpost និង​ dailymail
​​ជា​​ទូទៅ​តួនាទី​ជា​​នាយក​ប្រតិបត្តិ​​ ឬ​ជា​​ភាសា​អង់គ្លេស​​ហៅ​ថា​ CEO​ គឺ​ជា​មុខ​តំណែង​ដឹក​នាំ​ថ្នាក់​កំពូល​​​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​​ ហើយ​ជា​ទូទៅ​​ ​ជា​បុគ្គល​​ដែល​មាន​ចំណេះដឹង​ជ្រៅជ្រះ​ ​មាន​លក្ខណៈ​សម្បត្តិ​​គ្រប់គ្រាន់​ជា​អ្នក​ដឹក​នាំ​ ​​​និង​ពោរពេញ​ដោយ​​បទ​ពិសោធន៍។ ​​ បើ​​និយាយ​ពី​អាយុ​វិញ​ ​ក៏​​មិន​ក្រោម​​​ ២៥​ឆ្នាំ​ដែរ។ ដោយ​ឡែក​ តែ​នាយក​ប្រតិបត្តិ​ខាង​ក្រោម​ពីរ​នាក់​​នេះ​​ គឺ​មាន​អាយុ​តែ​ជាង​ ១០​ឆ្នាំ​ប៉ុណ្ណោះ។ តើ​អ្នក​ទាំង​ពីរ​មាន​លក្ខណៈ​ពិសេស​យ៉ាង​ណា?​​​​​



​១) ​កុមារ​ Harli Jordean 

​​​កុមារ​ Harli Jordean ​មាន​អាយុ​ ១១​ឆ្នាំ​​ជា​នាយក​ប្រតិបត្តិ​​​ក្មេង​ជាង​គេ​បំផុត​ក្នុង​លោក។ ​​​​ក្រុមហ៊ុន​ដែល​​រូប​គេ​កំពុង​ដឹក​នាំ​គឺ​មាន​ឈ្មោះ​ថា​ Marble King ជា​ក្រុមហ៊ុន​​​លក់​ថ្ម​កែវ​ (marble) ​​នៅ​​ចក្រភព​អង់គ្លេស។ គេ​បាន​ក្ដោបក្ដាប់​តំណែង​ជា​នាយក​ប្រតិបត្តិ​នេះ​គឺ​តាំង​ពី​មាន​អាយុ​ ៨​ឆ្នាំ​មក​ម្ល៉េះ​ក៏​ប៉ុន្តែ​មិន​ទាន់​បាន​តែងតាំង​ជា​ផ្លូវ​ការ​នៅ​ពេល​នោះ។

​ម្ដាយ​របស់​​ CEO​​ក្មេង​ជាង​គេ​បំផុត​ខាង​លើ​​ ​គឺ​​​អ្នក​ស្រី​ Tina ​​​បាន​​រៀប​រាប់​​ថា​​ កូន​​របស់​អ្នក​ស្រី​ម្នាក់​នេះ​​បាន​ចូល​ប្រឡូក​​ការងារ​​ក្នុង​ក្រុមហ៊ុន​ថ្ម​កែវ​ខាង​លើ​​​ ដោយ​បាន​បំពេញ​តួនាទី​ជា​​អ្នក​រើស​ថ្ម​កែវ​តាំង​ពី​រូប​គេ​មាន​អាយុ​ ៦​ឆ្នាំ​មក​ម្ល៉េះ​ ​​ហើយ​​ក្រោយ​មក​​ក្រុមហ៊ុន​ក៏​បាន​តែង​តាំង​​​គេ​ជា​​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​នេះ​តែ​ម្ដង។

​​​ក្រុមហ៊ុន​លក់​ថ្ម​កែវ​ Marble King ​គឺ​ជា​​ក្រុមហ៊ុន​មាន​លក្ខណៈ​គ្រួសារ​​ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​មាន​លក់​ថ្ម​កែវ​ពិសេស​ដែល​មាន​តម្លៃ​ចាប់​ពី​ ១​ពាន់​ដុល្លារ​ឡើង​ទៅ។

២/ យុវតី Sindhuja Rajaraman 

​នាង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិតផល​​គំនូរ​ជីវចល​​ Seppan.com របស់​​ប្រទេស​ឥណ្ឌា។​ ​​​

​​​​​​​មិន​ដូច Harli Jordean ទេ​ ​​យុវតី​ជនជាតិ​​ឥណ្ឌា​ម្នាក់​នេះ​​គ្មាន​​គ្រួសារ​ជា​ម្ចាស់​ក្រុមហ៊ុន​ ឬ​​មាន​សាច់ញាតិ​ជា​ម្ចាស់​ក្រុមហ៊ុន​ដែល​លើក​បន្តុប​នាង​ឱ្យ​ធ្វើ​ជា​នាយក​ប្រតិបត្តិ​​ឡើយ​។

​​តំណែង​ជា CEO ខាង​លើ​គឺ​បាន​ពី​សមត្ថភាព​ពិត​ៗ​របស់​នាង។ ​​ក្រុមហ៊ុន​ Seppan.com ​បាន​រៀប​ចំ​កម្មវិធី​​ប្រកួត​ប្រជែង​​​​ផលិត​រឿង​គំនូរ​ជីវចល​​​​មួយ​ដើម្បី​ជ្រើស​រើស​យក​អ្នក​ពូកែ​ជំនាញ​នេះ។ ​អ្វី​ដែល​គេ​ចាប់​អារម្មណ៍​​នោះ​គឺ​​ ​យុវតី​ខាង​លើ​បាន​ចំណាយ​ពេល​ត្រឹម​តែ​ ១០​ម៉ោង​ប៉ុណ្ណោះ​ ​សម្រាប់​ផលិត​ភាពយន្ត​តុក្កតា​ដែល​មាន​រយៈ​ពេល​ ៣​នាទី។ ដោយ​ឃើញ​សមត្ថភាព​​ពូ​កែ​បែប​នេះ​​ ​ក្រុមហ៊ុន​បាន​​តែង​តាំង​ Sindhuja Rajaraman ​ឱ្យ​ធ្វើ​ជា​នាយក​ប្រតិបត្តិ​ទាំង​​សិក្សា​មិន​ទាន់​ចប់​ថ្នាក់​វិទ្យាល័យ​ផង។ ​

​កាល​ពី​ឆ្នាំ​២០១៣​ នាង​​រៀន​នៅ​វិទ្យាល័យ​ Velammal Matriculation ​​ថ្នាក់​ទី​១១​ នៅ​ Chennai​ នៃ​ប្រទេស​ឥណ្ឌា។ ​​​​​ទេពកោសល្យ​​​​លើ​ការ​ផលិត​គំនូរ​ជីវចល​របស់​នាង​គឺ​កើត​ចេញ​ពី​​អារម្មណ៍​ស្រលាញ់​​​​​​ការងារ​នេះ​ ​​បន្សល់​​ពី​​​​​​​ឪពុក​​ ខណៈ​ដែល​ឪពុក​នាង​ជា​​ជាង​គំនូរ​រូប​ថ្លុក។ ​​នាង​បាន​ចាប់​ផ្តើម​រៀន​ជំនាញ​​ផលិត​គំនូរ​ជីវចល​នៅ​ឆ្នាំ​២០១៣​ ហើយ​​នាង​​បាន​ចូល​រួម​ការ​ប្រកួត​ប្រជែង​​ដែល​រៀប​ចំ​​ដោយ​ក្រុមហ៊ុន​ខាង​លើ​តែ​ម្ដង។ ​

​​ភាពយន្ត​​តុក្កតា​រយៈ​ពេល​ ៣​នាទី​ ​ដែល​នាង​​ប្រើ​ពេល​តែ​​​ដប់​ម៉ោង​ដើម្បី​ផលិត​នោះ​គឺ​បាន​ក្លាយ​ជា​ភាយ​យន្ត​​គំនូរ​ជីវចល​​​ផលិត​បាន​លឿន​បំផុត​ក្នុង​លោក​​ដែល​ទទួល​ស្គាល់​ និង​កត់​ត្រា​នៅ​ក្នុង​សៀវភៅ​ហ្គីណេស​ពិភពលោក៕​

0 comments:

Post a Comment