Monday, June 29, 2015

ការ​ចុះ​បញ្ជី​​ពាណិជ្ជ​នាម​មាន​​សារសំខាន់​ប៉ុណ្ណា​សម្រាប់​អាជីវកម្ម? ​

ពាាណិជ្ជនាម​របស់​ក្រុមហ៊ុន​ធំ​នោ​ក្រៅ​ប្រទេស​ប្រភព៖​ megapix
ការ​បង្កើត​អាជីវកម្ម​​​ថ្មី​​ថ្មោង​តម្រូវ​​ឱ្យ​មាន​​ការ​បំពេញ​បែប​បទ​មួយ​ចំនួន ​​​​តាម​ច្បាប់​កំណត់​​​​ដើម្បី​ឱ្យ​​​​​អាជីវកម្ម​ថ្មីថ្មោង​​ក្លាយ​ជា​អាជីវកម្ម​ស្រប​ច្បាប់។

​​ការ​បើក​អាជីវកម្ម​ដំបូង​ក្រៅ​ពី​ត្រូវ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​ ការ​ការពារ​ម៉ាក​សញ្ញា ​(Logo)​ និង ម៉ាក​ពាណិជ្ជកម្ម ឬ​ពាណិជ្ជ​នាម (Trade Mark)​ ក៏​ជា​រឿង​សំខាន់​ផង​ដែរ​សម្រាប់​អាជីវកម្ម​ថ្មី។



អ្វី​​ទៅ​ជា​ពាណិជ្ជ​នាម? តើ​ការ​ចុះ​បញ្ជី​ដើម្បី​ការពារ​ម៉ាក​សញ្ញា ​​និង​​ពាណិជ្ជ​នាម​ មាន​សារៈសំខាន់​ប៉ុណ្ណា​សម្រាប់​អាជីវកម្ម​?



​និយាយ​ស្រួល​ស្ដាប់​ ​”ពាណិជ្ជ​នាម” គឺ​ជា​ម៉ាក​សញ្ញា​សម្រាប់​សំគាល់​ក្រុមហ៊ុន ឬ​អាជីវកម្ម​មួយ។

​អគ្គនាយក​សេវា​​ពាណិជ្ជកម្ម​នៃ​ក្រសួង​ពាណិជ្ជកម្ម​ លោក សុខ សុភ័ក្រ្ត មាន​ប្រសាសន៍​ថា​ ការ​ចុះ​បញ្ជី​ការ​ពារ​ម៉ាក​ពាណិជ្ជកម្ម​ឬ​ក៏​​​ហៅ​ថា​ពាណិជ្ជ​នាម ​​(Trade Mark)​ មាន​សារៈសំខាន់​ណាស់​ចំពោះ​ក្រុមហ៊ុន​ ឬ​អាជីវកម្ម​មួយ​ដែល​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ​ ព្រោះ​ថា​​ការ​ចុះ​បញ្ជី​ការ​ពារ​ពាណិជ្ជ​នាម​នេះ​អាច​ជួយ​ឲ្យ​ម៉ាក​ក្រុមហ៊ុន​​​​ត្រូវ​បាន​ការពារ​ដោយ​​ច្បាប់​ ។

នៅ​ពេល​ដែល​ក្រុមហ៊ុន​មួយ​បាន​ចុះ​បញ្ជី​ការ​ពារ​ពាណិជ្ជ​នាម​(Trade Mark) ក្នុង​ក្រសួង​ពាណិជ្ជកម្ម​ មាន​ន័យ​​ថា​ក្រុមហ៊ុន​នោះ​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​ ពោល​គឺ រាល់​បុគ្គល​ណា​ដែល​លួច​ចម្លង​​​យក​ម៉ាក​សញ្ញា​ ឬ​ផ្នែក​ណា​មួយ​នៃ​ម៉ាក​របស់​ក្រុមហ៊ុន​ដែល​បាន​ចុះ​បញ្ជី​នោះ​ ក្រុមហ៊ុន​ស្រប​ច្បាប់​អាច​ប្ដឹង​ ​ទាម​ទារ​សំណង​ ឬ​ឲ្យ​បញ្ឈប់​ការ​ប្រើ​ម៉ាក​សញ្ញា​នោះ​ជា​បន្ទាន់​។

លោក​បន្ត​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​ជា​ច្រើន​នៅ​កម្ពុជា​បាន​ចុះបញ្ជី​ការពារ​ពាណិជ្ជ​នាម​​​ក្រុមហ៊ុន​ខ្លួន​ដើម្បី​ការពារ​ដោយ​ស្រប​ច្បាប់​ពី​ការ​លួច​ចម្លង​​។ លោក​ថា ការ​ចុះ​បញ្ជី​ការពារ​ពាណិជ្ជ​នាម​មាន​សារៈសំខាន់​សម្រាប់​ក្រុមហ៊ុន​​នៅ​ពេល​ដែល​ម្ចាស់​​អាជីវកម្ម​ ឬ​​ម្ចាស់​ក្រុមហ៊ុន​​ ​​​​​​គិត​ថា​ ​ពាណិជ្ជ​នាម​របស់​ខ្លួន​នឹង​ល្បី​នៅ​ថ្ងៃ​​អនាគត​​ និង​ចៀស​វាង​វិវាទ​នៅ​ថ្ងៃ​ក្រោយ៕

0 comments:

Post a Comment