Monday, June 29, 2015


ការ​​ទទួល​​សិទ្ធ​ធ្វើ​អាជីវកម្ម​​បន្ត​ (Franchise)ប្រភព៖​ franchisingmadesimple
ពាក្យ​ថា​ “​Franchise”  ​គឺ​ជា​កិច្ច​ព្រម​ព្រៀង​មួយ​រវាង​ភាគី​ឯករាជ្យ​ស្រប​ច្បាប់​ចំនួន​ពីរ​ដែល ​ ផ្តល់​សិទ្ធិ​ក្នុង​ការ​លក់​ផលិតផល/សេវាកម្ម​​ដោយ​ប្រើ​ឈ្មោះ​យីហោ ​​និង​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​រួមគ្នា ​ឬ​អាច​និយាយ​ដោយ​ខ្លី​ថា​​ “ការ​ផ្តល់​សិទ្ធិ​លក់​បន្ត”

នៅ​កម្ពុជា មាន​ក្រុមហ៊ុន​លក់​ភេសជ្ជៈ​ និង​អាហារដ្ឋាន​មួយ​ចំនួន​ធំ​បាន​ទិញ​​សិទ្ធិ​ធ្វើ​អាជីវកម្ម​​បន្ត​ពី​ក្រុមហ៊ុន​​​ល្បីៗ​នៅ​ក្រៅ​ប្រទេស ដើម្បី​ចែកចាយ​​​ផលិតផល​ និង​សេវាកម្ម​ផ្ដាច់​​មុខ​របស់​ក្រុមហ៊ុន​នោះ​។ ប៉ុន្តែ នៅ​មាន​​ក្រុមហ៊ុន​ខ្លះ​ទៀត បាន​​ទិញ​​សិទ្ធិ​ចែក​ចាយ​ផ្ដាច់​មុខ​​​តែ​មួយ​មុខ​ប៉ុណ្ណោះ ​​ ឬ បង្កើត​​ម៉ាក (Brand)​ដោយ​​ខ្លួន​ឯង​​​តែម្តង។

បើ​ប្រិយមិត្ត ឬ​សហគ្រិន​​ទូទៅ​យល់​ថា ​ចង់​បើក​អាជីវកម្ម​តាម​នីតិវិធី​នេះ​មែន​នោះ គួរតែ​ពិនិត្យ​កត្តា​សំខាន់​ចំនួន​១០​ខាងក្រោម​នេះ​ជា​មុន​សិន ដើម្បី​ឲ្យ​ប្រាកដ​ថា ​ការ​​ទទួល​​សិ​ទ្ធិ​​ធ្វើ​អាជីវកម្ម​​បន្ត​របស់​អ្នក ​ពិត​ជា​បាន​ធ្វើ​ឡើង​​ដោយ​ត្រឹមត្រូវ មិន​មាន​ភាព​ស្ទាក់ស្ទើរ​​គួរឲ្យ​​ទុកចិត្ត​បំផុត។​

១) តើ​អ្នក​ត្រូវ​ការ​ដើម​ទុន​​ប៉ុន្មាន​ដើម្បី​ទិញ​សិទ្ធិ​ធ្វើ​អាជីវកម្ម?

​ការ​ចំណាយ​​ទិញ​សិទ្ធិ​ធ្វើ​អាជីវកម្ម​បន្ត ឬ Franchise ​មាន​ការ​ប្រែប្រួល​ទៅ​តាម​ប្រភេទ​​ក្រុមហ៊ុន​នីមួយៗ​ តែ​អ្នក​ត្រូវ​ប្រាកដ​ថា ក្រៅ​ពី​ការ​ទិញ​សិទ្ធិ​ធ្វើ​អាជីវកម្ម អ្នក​ត្រូវ​ពិនិត្យ​ និង​វាយតម្លៃ​លើ​គម្រោង​​ចំណាយ​ផ្សេងៗ​​ទៀត​ឲ្យ​​បាន​ត្រឹមត្រូវ​ជា​ទី​បំផុត​​មាន​ជាអាទិ៍ លើ​ទីតាំង​អគារ មធ្យោបាយ​​ប្រើប្រាស់ និង​សម្ភារៈ​ផ្សេងៗ​ទៀត​​សម្រាប់​បើក​ដំណើរការ​​អាជីវកម្ម​​នោះ។​​​

២) តើ​អ្វី​​ទៅ​ជា​ជម្រើស​ហិរញ្ញវត្ថុ​របស់​អ្នក?

ធនាគារ​កំពុង​ក្លាយ​ជា​ស្ថាប័ន​ផ្តល់​ហិរញ្ញវត្ថុ​ដ៏​មាន​ប្រជាប្រិយ និង​ប្រកប​ដោយ​ទំនុកចិត្ត​​មួយ​សម្រាប់​សហគ្រិន​ទូទៅ​បើក​អាជីវកម្ម​របស់​ខ្លួន។ កញ្ចប់​ថវិកា​ពិសេស​ៗសម្រាប់​​សហគ្រិន​ទិញ​សិទ្ធិ​​ធ្វើ​អាជីវកម្ម អាច​ត្រូវ​ផ្តល់​ដោយ​ស្ថាប័ន​​នេះ ដែល​ជា​ប្រការ​ល្អ​មាន​សម្ពាធ​តិចតួច​​លើ​ការ​ទូទាត់​​ហិរញ្ញវត្ថុ។ ដូច្នេះ​ត្រូវ​មាន​ផែនការ​ច្បាស់​លាស់​​ ទើប​​​ធនាគារ​ផ្ដល់​ការ​ទុក​ចិត្ត​មក​លើ​អាជីវកម្ម​របស់​អ្នក។ ​

៣) តើ​មាន​តម្រូវ​ការ​ទីផ្សារ​ដែរ​ឬទេ?

តើ​​ផលិតផល ឬ សេវាកម្ម​នៃ​អាជីវកម្ម​ទិញ​សិទ្ធិ​​របស់​អ្នក​​មាន​តម្រូវ​ការ​ខ្ពស់​នៅ​លើ​ទីផ្សារ​ដែរ​ឬទេ? តើ​តម្រូវ​ការ​ទីផ្សារ​នេះ​អាច​ស្ថិតស្ថេរ និង​មាន​ការ​កើនឡើង​​ឬ​​យ៉ាងណា? ទន្ទឹម​នឹង​នេះ​ផង​ដែរ ​អ្នក​ត្រូវ​វាយ​​តម្លៃ​​​លើ​​លទ្ធភាព និង លក្ខខណ្ឌ​ផ្សេង​ៗទៀត​របស់​​គូប្រជែង ​ដែល​នឹង​ប្រកួតប្រជែង​ជា​មួយ​​អ្នក​នៅ​ពេល​ខាងមុខ។

៤) តើ​ក្រុមហ៊ុន​ផ្តល់​សិទ្ធិ​​ធ្វើ​អាជីវកម្ម​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ក្នុង​កម្រិត​ណា?​

អ្នក​អាច​ស្រាវជ្រាវ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ស្វែង​រក​ប្រជាប្រិយភាព ប្រវត្តិ​នៃ​កា​ធ្វើ​អាជីវកម្ម រួម​ទាំង​ព័ត៌មាន​​​​ពាក់ព័ន្ធ​​នានា​​​ទៅ​នឹង​នីតិវិធី​នៃ​ច្បាប់​ពី​ក្រុមហ៊ុន​ផ្តល់​សិទ្ធិ​​ធ្វើ​អាជីវកម្ម​​​របស់​អ្នក។ តែ​បើ​អាច​​ទៅ​រួច ​ អ្នក​គួរតែ​ពិភាក្សា​ដោយ​ត្រង់ៗ​ជា​មួយ​​​ម្ចាស់​ក្រុមហ៊ុន​​ដើម​របស់​អ្នក​ក៏​ជា​ជម្រើស​មួយ​ល្អ​​​ដែរ។ ជា​ពិសេស​ត្រូវ​ដឹង​ឱ្យ​អស់​ពី​អត្ថប្រយោជន៍​ដែល​​ក្រុម​ហ៊ុន​អ្នក​ទទួល​បាន​ពី​​ម្ចាស់​​ Franchise។​ ​

៥) តើ​​​នីតិវិធី​នៅ​ក្នុង​កិច្ចព្រមព្រៀង​របស់​អ្នក​​មាន​អ្វី​ខ្លះ?​

មុន​នឹង​ចុះ​ហត្ថលេខា​យល់​​ព្រម​ទិញ​សិទ្ធិ​ធ្វើ​អាជីវកម្ម អ្នក​ត្រូវ​ពិនិត្យ​យ៉ាង​លម្អិត​នៅ​លើ​​ខ​នីមួយៗ​ដែល​មាន​ចែង​​​នៅ​ក្នុង​កិច្ចព្រមព្រៀង​របស់​អ្នក​។ ជម្រើស​ដ៏​ល្អ​អ្នក​ត្រូវ​មាន​អ្នក​ជំនាញ​ និង​បទពិសោធន៍​លើ​ការ​ទិញ​សិទ្ធិ​​ធ្វើ​អាជីវកម្ម​នេះ តែ​បើ​​មាន​មេធាវី​អម​ជាមួយ​រឹត​កាន់តែ​ប្រសើរ។ ​បើ​មាន​សម្ពាធ ឬ ភាព​មន្ទិល​សង្ស័យ​ណា​មួយ​កើតឡើង ត្រូវ​រក​វិធីសាស្ត្រ​ថ្មី​​ឡើង​វិញ។​​



៦​)តើ​ក្រុមហ៊ុន​ផ្តល់​សិទ្ធិ​ធ្វើ​អាជីវកម្ម​មាន​​យុទ្ធសាស្ត្រ​ទីផ្សារ​ល្អ​ដែរ​ឬទេ?


តម្រូវ​ការ​ទីផ្សារ​មាន តែ​​បើ​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​ផ្តល់​សិទ្ធិ​​ធ្វើ​អាជីវកម្ម​​មិន​មាន​អ្វី​ជា​​​គួរឲ្យ​ផ្តល់​ទំនុកចិត្ត​​ទេ នោះ​ហើយ​​ជា​អ្វី​ដែល​អ្នក​ត្រូវ​ពិចារណា​។ អ្នក​ត្រូវ​ពិនិត្យ​មើល​លើ​​វិធីសាស្ត្រ​​នៃ​ការ​ស្រាវជ្រាវ​ទីផ្សារ​របស់​ក្រុមហ៊ុន​នេះ​​ឲ្យ​កាន់តែ​ច្បាស់​ទើប​ជា​ការ​ប្រសើរ។ អ្នក​ត្រូវ​ប្រាកដ​ថា ព័ត៌មាន​ទីផ្សារ និង​ការ​ទទួល​បាន​វគ្គ​បណ្តុះបណ្តាល​នានា​ជុំវិញ​ការ​ធ្វើ​អាជីវកម្ម​ពី​ក្រុមហ៊ុន​ដើម​ គឺ​ជា​ពន្លឺ​ធ្វើ​ឲ្យ​អ្នក​ជោគជ័យ​​លើ​ការ​ធ្វើ​អាជីវកម្ម​បន្ត​នេះ។

៧)តើ​ក្រុមហ៊ុន​ផ្តល់​សិទ្ធិ​ធ្វើ​អាជីវកម្ម​អាច​ផ្តល់​អ្វី​ខ្លះ​​ក្រៅ​ពី​ការ​​ផ្តល់​វគ្គ​បណ្តុះបណ្តាល?

​​អ្នក​ត្រូវ​ចាំ​ថា ក្រុមហ៊ុន​ដែល​ផ្តល់​សិទ្ធិ​ធ្វើ​អាជីវកម្ម​ដែល​មាន​ទំនូល​ខុសត្រូវ​មួយ​ នឹង​មិន​បោះបង់​អ្នក ជា​ដាច់ខាត​​ជា​ពិសេស​ក្នុង​រយៈ​ពេល​ច្រើន​ខែ​ដំបូង​ទោះបី​ជា​អាជីវកម្ម​​​របស់​អ្នក​ដំណើរការ​មិន​ល្អ​ក៏ដោយ។ ការ​លើក​ទឹកចិត្ត បង្កើត​គម្រោង​អាជីវកម្ម​ និង ​ផ្តល់​យុទ្ធសាស្ត្រ​ល្អៗ​កែលំអ​ឡើង​វិញ ​ជួយ​ឲ្យ​អ្នក​ដើរ​ទៅ​មុខ នោះ​ហើយ​ជា​អ្វី​ដែល​អ្នក​អាច​ទុកចិត្ត​បាន។

៨)តើ​អ្វី​ទៅ​ជា​​ ល័ក្ខខ័ណ្ឌ​ជ្រើសរើស​របស់​ក្រុមហ៊ុន?​​​​​​​​

​ល័ក្ខខ័ណ្ឌ​​ជា​ជម្រើស​​ផ្ទាល់​ខ្លួន​​របស់​ក្រុមហ៊ុន​ គឺ​ជា​ករណី​មិន​អាច​មើល​រំលង​បាន។​ទាំង​នេះ​ ត្រូវ​​សម្លឹង​មើល​ទៅ​លើ​ល័ក្ខខ័ណ្ឌ​ទាមទារ​នៃ​ការ​បណ្តុះបណ្តាល និង​ការ​អប់រំ​ដល់​បុគ្គលិក ឬ អ្នក​ជំនាញ​ការ​ដទៃទៀត ដែល​ជា​គោលការណ៍​​ស្នូល​​របស់​ក្រុមហ៊ុន ។ ​



៩)តើ​អត្រា​ជោគជ័យ​របស់​ក្រុមហ៊ុន​​ផ្តល់​សិទ្ធិ​​ធ្វើ​អាជីវកម្ម​​មាន​ក្នុង​កម្រិត​ណា?


បើ​អ្នក​យល់​ថា នៅ​ថ្ងៃ​ខាងមុខ​ដ៏​ឆាប់ៗ​នេះ​អ្នក​នឹង​ក្លាយ​ជា​​​អ្នក​ទិញ​សិទ្ធិ​ធ្វើ​អាជីវកម្ម​បន្ត​​ អត្រា​​កើនឡើង​ ឬ ថយ​ចុះ​នៃ​​ការ​សុំ​សិទ្ធី​​ធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​​​ គឺ​ជា​ចំណុច​ដែល​អ្នក​​ត្រូវ​យកចិត្តទុកដាក់​​ផង​ដែរ។ តែ​បើ​សន្ទស្សន៍​​នេះ​មាន​ការ​ប្រែប្រួល​ មិន​ស្ថិតស្ថេរ​ហើយ​នោះ ពោល​គឺ​មិន​អាច​ធ្វើ​ឲ្យ​អ្នក​អាច​ងើបមុខ​បាន​នៅ​ថ្ងៃ​ខាងមុខ គួរតែ​ដក​ខ្លួន​ចេញ​​វិញ​ក៏​ជា​ការ​ល្អ​ដែរ។​​

១០)តើ​​អ្វី​ទៅ​ជា​របៀបវារៈ​​ក្នុង​ការ​ដោះស្រាយ​​វិវាទ​​​​អាជីវកម្ម​?

​ក្នុង​ករណី​ដែល​អ្នក​មាន​បញ្ហា​​នីតិវិធី​​​​ ឬ គោលការណ៍​មួយចំនួន​នៅ​ពេល​ដំណើរការ​អាជីវកម្ម ជា​មួយ​ក្រុមហ៊ុន​​ដើម យន្តការ​ដោះស្រាយ​វិវាទ​ និង ការ​ចរចា​​ផ្សេងៗ​ទៀត​ត្រូវ​​​តែ​ធ្វើ​​ឡើង។ អ្នក​ត្រូវ​ស្វែង​យល់​ឲ្យ​ស៊ី​ជម្រៅ​ថា តើ​អ្នក​​ត្រូវ​បាន​​ផ្តល់​​​លទ្ធភាព​កម្រិត​ណា​លើ​​វិវាទ​ទាំង​នោះ? ​អ្នក​មាន​ជំនឿ​ទេ​ថា យន្តការ​ដោះស្រាយ​វិវាទ​ទាំង​នោះ​​អាច​ធ្វើ​ឲ្យ​អ្នក​បន្ត​​អាជីវកម្ម​​ដោយ​ជោគជ័យ​​ប្រកប​ដោយ​​ភាព​ច្នៃប្រឌិត​បាន​ និង​​មិន​ប៉ះពាល់​ដល់​​អាជីវកម្ម​ដែល​អ្នក​កំពុង​ដំណើរការ? ​

0 comments:

Post a Comment