Monday, June 29, 2015


​មាគ៌ា​ទាំង​៥​​​​ដែល​នាំ​ ​​Coca-Cola ​ទៅ​ដល់​​​គោលដៅ​ជោគជ័យ​!​ប្រភព៖​ thedrum
និយាយ​ពី​ឈ្មោះ​ Coca-Cola ប្រិយមិត្ត​​គ្រប់រូប​ច្បាស់​​​ជា​ស្គាល់​ច្បាស់​​ថា ជា​​ផលិត​ផល​ភេសជ្ជៈ​ដ៏​ល្បីល្បាញ​ និង​ជោគជ័យ​មួយ​នៅ​លើ​ពិភពលោក​​នា​​ពេល​បច្ចុប្បន្ន​។ ប៉ុន្តែ​អ្វី​ដែល​លោក​អ្នក​ត្រូវ​ដឹង​នៅ​ពេល​នេះ​គឺ​​ ថា​ តើ​ក្រុមហ៊ុន​នេះ​​អាច​លក់​ផលិតផល​របស់​ខ្លួន​​​​បាន​យ៉ាង​ជោគជ័យ​ដោយសារ​អ្វី?

នៅ​ថ្ងៃ​នេះ​The BNEWS បាន​​លើក​យក​មូលហេតុ​សំខាន់ៗ​​ចំនួន ​៥​ ដែល​​​ក្រុម​អ្នក​សិក្សា​​ផ្នែក​ពាណិជ្ជកម្ម​បាន​​​ទទួល​ស្គាល់​ថា ជា​បុព្វហេតុ​នាំ​ឲ្យ​ក្រុមហ៊ុន​ ​Coca-Cola ទទួល​បាន​ជោគជ័យ​ជាង​​ ​១​សតវត្ស​មក​នេះ​៖

១) យុទ្ធសាស្ត្រ​ពង្រីក​​ម៉ាក​របស់​​ក្រុមហ៊ុន​​ឲ្យ​កាន់តែ​ល្បី

កូនសោ​ដ៏​សំខាន់​​នៅ​ពី​ក្រោយ​​ភាព​ជោគជ័យ​របស់​ Coca-Cola គឺ​​យុទ្ធសាស្ត្រ​ពង្រីក​ម៉ាក (branding) ​របស់​ក្រុមហ៊ុន​ឲ្យ​កាន់តែ​ល្បី​ឡើងៗ។ ចាប់តាំង​ពី​ឆ្នាំ​១៨៦៦​ មក ​​ក្រុមហ៊ុន​នេះ​បាន​​ផ្ដោត​លើ​យុទ្ធសាស្ត្រ​​​ខាងលើ​​នេះ​​ជា​បន្តបន្ទាប់​ ​ក្លាយ​ជា​ក្រុមហ៊ុន​សាជីវកម្ម​យក្ស​​ផ្គត់ផ្គង់​ភេសជ្ជៈ​ធំ​បំផុត​​នៅ​ពាសពេញ​ពិភពលោក ​ដើរ​ស្រប​ទៅ​នឹង​ចំណាប់អារម្មណ៍​របស់​អតិថិជន និង មាន​សកម្មភាព​​ការ​ប្រកួតប្រជែង​ខ្លាំងក្លា​ ទន្ទឹម​នឹង​ការ​​​​លក់​ផលិតផល​​មាន​គុណភាព​​ខ្ពស់​យកចិត្ត​ទុកដាក់​ដល់​សុខភាព​អតិថិជន​ជា​ចម្បង។

២) សម្លឹង​មើល​តម្រូវ​ការ​របស់​អតិថិជន

ភាព​វ័យ​ឆ្លាត​របស់ ​Coca-Cola មួយ​​ទៀត​គឺ​យល់​ច្បាស់​ពី​​​ការ​ផ្លាស់ប្ដូរ​ទីផ្សារ​ និង តម្រូវ​ការ​របស់​អតិថិជន​ដែល​ទាមទារ​ឲ្យ​ខ្លួន​មាន​​គោលការណ៍​ផ្សេងៗ​គ្នា​សម្រាប់​​រចនា​ម៉ាក​​ក្រុមហ៊ុន​ឡើងវិញ។

​​រយៈ​ពេល​​ច្រើន​ឆ្នាំ​ដំបូង អ្នក​គ្រប់គ្រង​បាន​ចាប់​ផ្ដោត​​ទៅ​លើ​ការ​ធ្វើ​ឲ្យ​​ម៉ាក​របស់​​ខ្លួន​មាន ​« តម្លៃ​អាច​រក​បាន និង អាច​ទទួល​យក​​បាន​ដោយ​ងាយ​ស្រួល​​​» ក្នុង​គោលដៅ​មួយ​ ដើម្បី​​​ទទួល​ស្គាល់ និង ​​ការ​កោតសរសើរ​ពី​សំណាក់​​​អ្នក​ប្រើប្រាស់។



​មួយ​វិញ​ទៀត​ ​ដើម្បី​ឆ្លើយតប​​នឹង​តម្រូវ​ការ​របស់​អតិថិជន​របស់​ខ្លួន​​។ ​ Coca-Cola បាន​​ផ្ដោត​ទៅ​លើ​ការ​​​កសាង​អត្តសញ្ញាណ​របស់​ក្រុមហ៊ុន​ដោយ​ផ្ដល់​តម្លៃ​សេវាកម្ម​យ៉ាង​​ល្អឥតខ្ចោះ​ ធ្វើ​ឲ្យ​​គុណភាព​របស់​ខ្លួន​ខុស​ប្លែក​ពី​គេ និង​ការ​ច្បាច់​បញ្ចូល​គុណ​តម្លៃ​លើក​ទឹកចិត្ត​​ប្រកប​​ដោយ​វៃឆ្លាត​ដល់​អ្នក​ប្រើប្រាស់​។

​៣) វាយ​តម្លៃ​​​លើ​​តម្រូវការ​អតិថិជន​​​​​

ការ​ផ្ដោត​ទៅ​លើ​តម្រូវ​ការ​របស់​អតិថិជន​មួយ​មុខ​ វា​មិន​គ្រប់គ្រាន់​នោះ​ឡើយ​សម្រាប់​​​ក្រុមហ៊ុន​របស់​ខ្លួន​អាច​​វាយលុក​ទីផ្សារ​អន្តរជាតិ​​ដោយ​ជោគជ័យ។ ការ​សិក្សា និង​វាយតម្លៃ​លើ​​ចំណាប់អារម្មណ៍​ និង​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អតិថិជន​ជឿជាក់​​ប្រើប្រាស់​ផលិតផល​ នោះ​គឺ​ជា​យុទ្ធសាស្ត្រ​ដ៏​មុមស្រួច​មួយ​ទៀត​ដែល​​ ​Coca-Cola ត្រូវ​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ​ជា​ទីបំផុត។ ក្រុមហ៊ុន​នេះ​យល់​ថា ម៉ាក​​ផលិតផល​និង និមិត្តសញ្ញា​ដ៏​ពិតប្រាកដ​​មួយ​ ជា​មួយ​នឹង​ការ​​​ផ្ដល់​សេវាកម្ម​ឲ្យ​ល្អ​ប្រសើរ​ជាង​មុន​​ឆ្លើយតប​នឹង​តម្រូវ​ការ​​របស់​​អ្នក​ប្រើប្រាស់​ អាច​​អន្ទងចិត្ត​អតិថិជន​គាំទ្រ​ផលិតផល​របស់​ខ្លួន​បាន។​​​

​​

៤) ​បង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ​ជានិច្ច​ជា​មួយ​អតិថិជន

អ្វី​ដែល​​ក្រុមហ៊ុន Coca-Cola មើល​ឃើញ​កាន់តែ​ច្បាស់​ជាង​នេះ គឺ​យុទ្ធសាស្ត្រ​ពង្រីក​​ម៉ាក​ផលិតផល​របស់​ខ្លួន​​​កាន់តែ​ខ្លាំង​​​នឹង​ជួយ​ធ្វើ​ឲ្យ​ផលិតផល​របស់​ខ្លួន​លក់​បាន​កាន់តែ​ច្រើន និង​ទទួល​បាន​ប្រាក់​ចំណូល​កាន់តែ​ធំ។ ​ក្រុមហ៊ុន​​ភេសជ្ជៈ​មួយ​នេះ​​នៅ​តែ​បន្ត​បោះ​ជំហាន​ពង្រីក​កេរ្តិ៍ឈ្មោះ​​ម៉ាក​របស់​ខ្លួន​កាន់តែ​​ល្បីល្បាញ​​បន្ថែម​ទៀត​ដែល​ជួយ​ឲ្យ​ការ​លក់​របស់​ខ្លួន​ស្ថិតស្ថេរ និង​ទទួល​បាន​ប្រជាប្រិយភាព​ស្ថិត​នៅ​ក្នុង​បេះដូង​អ្នក​ប្រើប្រាស់ តាម​រយៈ​ការ​ពង្រីក​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​រវាង​បុគ្គលិក និង​​អតិថិជន។

នេះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​​យុទ្ធសាស្ត្រ​ទំនាក់ទំនង​​ក្រុមហ៊ុន​​របស់​ខ្លួន​ទទួល​បាន​ជោគជ័យ ​និង​​ជួយ​ឲ្យ​ស្ថាប័ន​របស់​ខ្លួន​រឹងមាំ​ប៉ុណ្ណោះ​ទេ ថែមទាំង​ធ្វើ​ឲ្យ​អតិថិជន​​ទទួល​បាន​អារម្មណ៍​ជា​វិជ្ជមាន​មក​លើ​ផលិតផល​របស់​​ខ្លួន​ថែម​ទៀត​ផង។

៥) បង្កើត​​ម៉ាក​ផលិតផល​​ដោយ​ភាព​​ស្មោះត្រង់ (Loyalty) 

ម៉ាក​ដែល​ល្អ គឺ​ទាក់ទិន​ទៅ​នឹង​​​ភាព​ស្មោះត្រង់​នៃ​ការ​បង្កើត​ម៉ាក​ផលិតផល​នោះ។ ការ​ផ្ដល់​សេវាកម្ម​របស់​ខ្លួន​កាន់តែ​ល្អ​ដោយ​ភាព​ស្មោះត្រង់​ អតិថិជន​កាន់តែ​​ពេញចិត្ត​ទៅ​លើ​ផលិតផល​របស់​ខ្លួន។ នេះ​គឺ​​ជា​អ្វី​ដែល​​​Coca-Cola ត្រូវ​បំពេញ​​ដើម្បី​ផ្គាប់ចិត្ត​អ្នក​ប្រើប្រាស់។ ​មួយ​វិញ​​​ទៀត​ អ្វី​ដែល​​ធ្វើ​ឲ្យ Coca-Cola ជោគជ័យ​គឺ​​យុទ្ធសាស្ត្រ​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ និង យុទ្ធសាស្ត្រ​​វាយលុក​ទីផ្សារ​​យ៉ាង​រឹងមាំ ពោល​គឺ​ការ​កសាង​ភាព​ស្មោះត្រង់​កាន់តែ​ធំ​ឡើង ដោយ​ស្វែង​រក​តម្រូវ​ការ​អតិជន​ជា​ប្រចាំ​អាច​​ផ្តល់​សេវាកម្ម​យ៉ាង​ពេញ​ចិត្ត​ដល់​​អ្នក​ប្រើប្រាស់។​

​​ក្រុមហ៊ុន​ Coca-Cola ​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​១៨៨៦​ ដោយ​លោក​ ​Jonh Pemberton ​នៅ​សហរដ្ឋ​អាមេរិក។ ​​ប្រវត្តិ​លម្អិត​របស់​ក្រុមហ៊ុន​នេះ​ The BNEWS ​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ។ ​

សូម​ប្រិយមិត្ត​ មិត្ត​អ្នក​អាន​ ​ជា​ពិសេស​សហគ្រិន​​ដែល​មាន​បំណង​ចង់​ជោគជ័យ​​​ក្នុង​អាជីវកម្ម​របស់​ខ្លួន នឹង​ទទួល​បាន​​គន្លឹះ​សំខាន់ៗ​​បន្ថែម​ទៀត​ ​ដែល​លោក​អ្នក​ត្រូវ​រៀន​សូត្រ​ពី​ក្រុមហ៊ុន​​នេះ​ក៏​ដូច​ជា​ក្រុមហ៊ុន​ធំ​ៗ​​ផ្សេង​ៗ​ទៀត​​ដែល​TheBNEWS នឹង​ចេញ​ផ្សាយ​នៅ​លើកក្រោយ​ជា​​បន្តបន្ទាប់៕

0 comments:

Post a Comment