Tuesday, June 30, 2015


វិធីសាស្ត្រ​អន្ទងចិត្ត​​បុគ្គលិក​ល្អៗ​​​ឲ្យ​នៅ​បម្រើ​ក្រុមហ៊ុន​បាន​យូរអង្វែង​ប្រភព៖​ shutterstock
ការ​ទាញ​យក ឬ​ រក្សា​ទុក បុគ្គលិក​ឆ្នើម​ឲ្យ​​នៅ​​បម្រើ​ការងារ​​ក្នុង​ក្រុមហ៊ុន​មួយ​យូរអង្វែង​បាន​ក្លាយ​ជា​រឿង​មួយ​ស្មុគស្មាញ និង​សំខាន់​មួយ​ដែរ​​ សម្រាប់​វិស័យ​​អាជីវកម្ម​នៅ​ពេល​​បច្ចុប្បន្ន។ ក្រុមហ៊ុន​ជា​ច្រើន ​បាន​ប្រឈ​ម​​បញ្ហា​​ជ្រើសរើស​បុគ្គលិក​ជំនាញ​​មក​ជំនួស​កន្លែង​បុគ្គលិក​ចាស់​​របស់​ខ្លួន នៅ​ពេល​ដែល​បុគ្គលិក​ល្អ​ម្នាក់​នោះ ​សម្រេច​ចាកចេញ​ពី​ក្រុមហ៊ុន​របស់​ខ្លួន។

តើ​នេះ​បណ្តាល​មក​ពី​មូលហេតុ​អ្វី?

បើ​លោក​អ្នក​ជួបប្រទះ​បញ្ហា​នេះ​មែន​ សូម​ស្វែងយល់​ពី​​វិធីសាស្ត្រ​ចំនួន ​៥ ​ខាងក្រោម​នេះ​ដែល​គេ​មើល​ឃើញ​​ជា​ទូទៅ​ថា អាច​រក្សាទុក​​បុគ្គលិក​ល្អៗ​ឲ្យ​នៅ​បម្រើ​ក្រុមហ៊ុន​មួយ​ដោយ​មិន​ចេះ​ងាករេ​បាន។ ​​​

១) ផ្តល់​បរិយាកាស​ល្អ​​នៅ​កន្លែង​ការងារ (Working Environment)

តើ​អ្នក​ធ្លាប់​ធ្វើ​ការ​​ជាមួយ​អ្នក​គ្រប់គ្រង​មួយ​ដែល​អង្គុយ​ចាំតែ​ស្ដីបន្ទោស ឬ​រអ៊ូរទាំ​ច្រើន​ដែរឬទេ? បើ​​ដូច្នេះ​មែន​នោះ​ ការ​ចាកចេញ​របស់​បុគ្គលិក​មួយចំនួន​ពី​ក្រុមហ៊ុន​ជា​បន្តបន្ទាប់​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ឡើយ។ នៅ​ពេល​ដែល​បរិយាកាស​ការងារ​​អាប់អួ​​​ដោយសារ​តែ​អ្នក​ដឹកនាំ​មួយ​ដែល​ខ្វះ​សុជីវធម៌ មិន​យល់​ចិត្ត​កូនចៅ ​និង​​ជះឥទ្ធិពល​ដល់​កន្លែង​ការងារ​ទាំងមូល​ជា​មិន​ខាន។

នៅ​ក្នុង​ក្រុមហ៊ុន​នីមួយៗ គេ​​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ណាស់​​ក្នុង​ការ​តែងតាំង​អ្នកដឹកនាំ​ណា​ម្នាក់។ យុទ្ធសាស្ត្រ​ដ៏​សំខាន់​​ និង​មាន​ប្រសិទ្ធភាព គឺ​ត្រូវ​​ជ្រើសរើស ឬ ​បណ្តុះបណ្តាល​អ្នក​ដឹកនាំ​​មួយ​ដែល​មាន​គុណភាព មាន​សមត្ថភាព​គ្រប់គ្រង​ធនធានមនុស្ស​ច្បាស់លាស់ ជំនាញ និង ចំណេះដឹង​ទូលំទូលាយ អាច​អនុវត្ត​គម្រោង​នានា​តាម​ផែនការ​ដែល​បាន​កំណត់ ជា​ពិសេស​ការ​​ធ្វើ​ឲ្យ​បុគ្គលិក​នៅ​ក្រោម​បង្គាប់​មាន​ភាព​​ស្និទ្ធស្នាល​ក្នុង​កន្លែង​ការងារ​កាន់តែ​ច្រើន​ឡើង។ អ្នកដឹកនាំ​ល្អ​​ គឺ​ជា​បុគ្គល​ដែល​​ស្គាល់​ពី​ចិត្តសាស្ត្រ​របស់​មនុស្ស​ និង ផ្តល់​​ភាព​កក់ក្តៅ​ជានិច្ច​​ដល់​បុគ្គលិក​គ្រប់រូប។​​​​​​​

២) ទទួលស្គាល់​​សមត្ថភាព​ និង​ផ្តល់​រង្វាន់​លើក​ទឹកចិត្ត​ដល់​បុគ្គលិក (Recognize and Reward)

លុយ​ និង អត្ថប្រយោជន៍​ផ្សេងៗ​អាច​​ធ្វើ​ជា​​នុយ​​ស្ទូច​ ឬទិញ​ទឹកចិត្ត​មនុស្ស​មួយចំនួន​ឲ្យ​វក់វី​នឹង​ការងារ​របស់​​ក្រុមហ៊ុន​មួយ​បាន។ ប៉ុន្តែ នោះ​មិន​ប្រាកដ​មួយ​រយ​ភាគរយ​នោះ​ដែរ ត្បិតអី​ជា​ធម្មជាតិ​របស់​មនុស្ស មនុស្ស​ត្រូវ​ការ​ការ​កោតសរសើរ ការ​លើកទឹកចិត្ត និង​ការ​ទទួលស្គាល់​ពី​សមត្ថ​ផល​របស់​ខ្លួន។ ដូច្នេះ ក្រុមហ៊ុន ឬ អ្នក​គ្រប់គ្រង​ត្រូវ​ថ្លឹងថ្លែង​ចំណុច​ទាំងនេះ​ឲ្យ​បាន​ច្បាស់​​ ហើយ​វា​ក៏​មិនមែន​ជា​រឿង​មួយ​ដែល​ពិបាក​ធ្វើ ឬ ត្រូវ​ចំណាយ​ប្រាក់កាស​ច្រើន​នោះ​ដែរ។

គេ​សង្កេត​ឃើញ​ថា ជា​រៀងរាល់​ឆ្នាំ ​​ក្រុមហ៊ុន​ភាគច្រើន​តែង​ផ្តល់​ប្រាក់​រង្វាន់ ឬ Bonus ​យ៉ាង​ហោច​ណាស់​​មួយដង​ដែរ​សម្រាប់​បុគ្គលិក​ម្នាក់ៗ​ស្មើ​នឹង ម្ដង ​ពីរ ឬ ​បី​​ដង​នៃ​​ប្រាក់​ខែ​របស់​​ពួកគេ​ទៅ​តាម​លទ្ធភាព​របស់​ក្រុមហ៊ុន​​នីមួយៗ។ ការ​ទំនាក់ទំនង​របស់​ក្រុមហ៊ុន និង​បុគ្គលិក ​នឹង​​កាន់តែ​មាន​ភាព​ស៊ីចង្វាក់គ្នា​ជាង​នេះ ប្រសិនបើ​ខ្លួន​បាន​ផ្តល់​អត្ថប្រយោជន៍​បន្ទាប់​បន្សំ​តូចៗ​ជា​ច្រើន​ទៀត ដូច​ជា​កាដូ ការ​ផ្តល់​ជួន​ប័ណ្ណ​បញ្ចុះតម្លៃ​​ឬ Free ទៅ​ញាំ​អាហារ​ និង បង្កើត​កម្មវិធី​ជួបជុំ​​សប្បាយ​ៗ​ ដំណើរ​កម្សាន្ត​រួម​គ្នា​ ជា​ដើម ដែល​នេះ​សុទ្ធតែ​​ធ្វើ​ឲ្យ​បុគ្គលិក​មាន​អារម្មណ៍​កក់ក្តៅ​ចូលរួម​គ្រប់​សកម្មភាព​របស់​ក្រុមហ៊ុន។


​​​​​​៣) ​យកចិត្តទុកដាក់ និង​ ទំនាក់ទំនង (Engagement)​

បុគ្គលិក​មួយចំនួន​មើលទៅ​ហាក់​សកម្ម​នឹង​ការងារ​ខ្លាំង​ណាស់។ ប៉ុន្តែ សំនួរ​សួរ​ថា តើ​ពួកគេ​មាន​ការ​ទំនាក់ទំនង និង សម្រេច​បាន​លទ្ធផល​​ដល់​កម្រិត​ណា? បុគ្គលិក​​កាន់តែ​មាន​ការ​ប្ដេជ្ញា​ចិត្ត និង ​កាន់តែ​សកម្ម​ក្នុង​ការងារ​ នៅ​ពេល​ដែល​ពួកគេ​មាន​អារម្មណ៍​ថា គំនិត ឬ ​សំណើ​របស់​ពួកគេ ត្រូវ​បាន​​​មនុស្ស​គ្រប់គ្នា​​យកចិត្ត​ទុកដាក់ និង​ឲ្យ​តម្លៃ។ នេះ​គឺជា​​គោលការណ៍​​មួយ​ធ្វើ​ឲ្យ​ពួកគេ​មាន​ភាព​ម្ចាស់ការ​​ក្នុង​ការងារ​កាន់តែ​​ប្រសើរ​ឡើង។

ជា​ឧទាហរណ៍ ​មួយ​របស់​ក្រុមហ៊ុន​ដំឡើង​​ឧបករណ៍​​អេឡិចត្រូនិក និង សម្ភារ​អគ្គិសនី TDIndustries ​នៅ​ទីក្រុង Dallas រដ្ឋ Texas បាន​​បង្កើត​និមិត្តរូប​ដ៏​អស្ចារ្យ​មួយ​​នៅ​ក្នុង​ក្រុមហ៊ុន​ធ្វើ​ឲ្យ​បុគ្គលិក​មាន​អារម្មណ៍​​ថា ពួកគេ​មាន​តម្លៃ និង​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់។ នោះ​គឺ​ថា នៅ​ពី​មុខ​ក្រុមហ៊ុន​នេះ​មិន​​មាន​កន្លែងណា​មួយ​សម្រាប់​ចំណត​រថយន្ត​​បុគ្គលិក ឬ ត្រូវ​ទុក​កន្លែង​ពិសេស​មួយ​សម្រាប់​ចំណត​រថយន្ត​របស់​ប្រធាន​ក្រុមហ៊ុន​នោះ​​ឡើយ ពោល​ទាំង​ប្រធាន​ក្រុមហ៊ុន និង បុគ្គលិក​​គ្រប់​លំដាប់ថ្នាក់​មាន​សិ​ទ្ធិ​ស្មើគ្នាៗ​​ទាំងអស់។ នេះ​ហើយ​​សមភាព​នៅ​ក្នុង​កន្លែង​ការងារ​ដែល​ក្រុមហ៊ុន​ទូទៅ​ត្រូវ​តែ​ដឹង។ តាមពិត​វា​គ្រាន់តែ​ជា​រឿង​សាមញ្ញ​មួយ​ប៉ុណ្ណោះ តែ​វា​​ជា​តម្លៃ​យ៉ាង​​ធំធេង​សម្រាប់​ក្រុមហ៊ុន។​​​​​​​​​​

៤) ការ​បណ្តុះបណ្តាល (Training)

សម្រាប់​មនុស្ស​ទូទៅ​ ឱកាស​អាជីព​ការងារ មាន​សារសំខាន់​​ដូច​​ការ​ស្វែង​រក​លុយ​របស់​ពួកគេ​ដែរ។ តាម​ការ​ស្រាវជ្រាវ​របស់​គេហទំព័រ ​Linkage​ Ine បាន​រក​ឃើញ​ថា ៤០% នៃ​បុគ្គលិក​បម្រើ​ការងារ​បាន​និយាយ​ថា នឹង​ចាកចេញ​ពី​ការងារ​កំពុង​ធ្វើ​​ប្រសិន​បើ​ការងារ​ថ្មី​ផ្តល់​​ឱកាស​​បាន​ល្អ​ប្រសើរ​ជាង​នេះ។

កាល​ពីរ​ឬ​បី​ឆ្នាំ​មុន ក្រុមហ៊ុន​បណ្តុះបណ្តាល​ឯកទេស Deloitte ដ៏​ល្បី​របស់​អង់គ្លេស​​បាន​បាត់បង់​បុគ្គលិក​​មាន​សក្ដានុពល​ជា​ច្រើន​រូប។ ក្រោយ​មក​ខ្លួន​បាន​រក​ឃើញ​ថា នេះ​បណ្តាល​មក​ពី​ក្រុមហ៊ុន​របស់​ខ្លួន​មិន​បាន​បណ្តុះបណ្តាល​ជំនាញ​​ណាមួយ​ដល់​បុគ្គលិក ធ្វើ​ឲ្យ​ដៃគូ​ប្រកួត​​ទាញ​យក​​ទៅ​បាន។​​

ជា​ដំណោះស្រាយ ក្រុមហ៊ុន​នេះ​បាន​បង្កើត​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​ឯកទេស​ពិសេសៗ​ជា​ច្រើន​សម្រាប់​បុគ្គលិក​។ នៅ​ទី​បំផុត ​ខ្លួន​អាច​រក្សា​បាន​បុគ្គលិក​ឆ្នើមៗ​​កាន់តែ​​ច្រើន​ឡើង ហើយ​ក៏​កម្រ​ឃើញ​បុគ្គលិក​ណា​ម្នាក់​ចាកចេញ​ពី​ក្រុមហ៊ុន​នេះ​​ដែរ ត្បិតអី Deloitte បាន​បណ្ដុះ​បណ្តាល​​ជំនាញ​វិជ្ជាជីវៈ​ដល់​បុគ្គលិក​របស់​ខ្លួន​បាន​យ៉ាង​ល្អ​ជាង​ក្រុមហ៊ុន​ដទៃទៀត​ឯណោះ។​​​​​​

ជំហាន​ទី៥) ការ​វាយតម្លៃ​សមត្ថភាព​​ការងារ​របស់​បុគ្គលិក (Evaluation)

ចំណុច​ចុងក្រោយ​នៅ​ពេល​នេះ​គឺ​ការ​វាយតម្លៃ​លើ​សមត្ថភាព​ការងារ​​របស់​បុគ្គលិក។ គោលបំណង​​ចម្បង​នៃ ការ​វាយតម្លៃ​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​វាស់​ស្ទង់​ពី​ការ​​អភិវឌ្ឍ​​​ទៅ​មុខ​ និង កំណត់​ថា តើ​បុគ្គលិក​នីមួយ​ៗ មាន​សមត្ថភាព​​ក្នុង​កម្រិត​ណា​ ឬ បាន​បំពេញ​ការងារ​ឆ្លើយតប​តាម​គោលដៅ​ដែល​បាន​កំណត់​ហើយ​ឬ នៅ? ការ​វាយតម្លៃ​នេះ មាន​ជាអាទិ៍ ​ឥរិយាបថ​​របស់​បុគ្គលិក សីលធម៌​ លទ្ធផល និង សកម្មភាព​​​ពាក់ព័ន្ធ​នៅ​កន្លែង​ការងារ​។ ​​​​​

ការ​វាយតម្លៃ​ក៏​ផ្ដោត​ជា​សំខាន់​ផង​ដែរ​ពី​មតិយោបល់ ឬ សំណើ​​​ផ្សេងៗ​របស់​បុគ្គលិក​ទៅ​កាន់​ថ្នាក់​ដឹកនាំ ឬ ក្រុមហ៊ុន​ពី​អ្វី​ដែល​ជា​​កង្វះខាត​​ត្រូវ​បំពេញ​បន្ថែម​ជួស​​ការងារ​ជាក់ស្តែង​ដែល​ពួក​គេ​កំពុង​បំពេញ។ ការ​វាយតម្លៃ​នេះ ជា​គោលការណ៍​ដ៏​​សមស្រប​មួយ​ដើម្បី​ត្រួតពិនិត្យ​ និង​លើក​ស្ទួយ​បុគ្គលិក​នៅ​ក្រុមហ៊ុន​ ​សម្រាប់​បង្កើត​បរិយាការ​ងារ​​ឲ្យ​ដើរ​រលូន​ទៅ​មុខ​បាន​៕

0 comments:

Post a Comment