Monday, June 29, 2015


​ប្រសិនបើ​លោក​អ្នក​រស់​នៅ​ទីក្រុង ហើយ​ទទួល​អារម្មណ៍​ថា​មិន​សូវ​មាន​ផាសុកភាព សូម​កុំ​ព្រួយ។ TheBNEWS នាំ​មក​នូវ​ដំណឹង​ល្អ​​មួយ​យក​មក​ជម្រាប​ជូន​លោក​អ្នក។ សូម​សាកល្បង​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​មួយៗ នៅ​ក្នុង​តំបន់​រមណីយដ្ឋាន ឬ​តំបន់​ធម្មជាតិ ឬ​តំបន់​ព្រៃ​ធម្មជាតិ​ណា​មួយ ត្រឹម​តែ​មួយ​ស្របក់​ប៉ុណ្ណោះ លោក​អ្នក​នឹង​ទទួល​អារម្មណ៍​ស្រស់ស្រាយ​សប្បាយចិត្ត អស់​ទុក្ខ​កង្វល់ សល់​តែ​ស្នាម​ញញឹម ជាមួយ​និង​ជំនោរ​ត្រជាក់​ដ៏​បរិសុទ្ធ។ គំនិត​អវិជ្ជមាន​ផង​ទាំង​ពួង នឹង​រសាយ​បាត់​ពី​ក្នុង​អារម្មណ៍ និង​ដួង​ចិត្ត​របស់​អស់​លោក​អ្នក​ជាក់​ជា​មិន​ខាន។

កាលពី​ពេល​ថ្មីៗ​នេះ ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​បាន​វិភាគ​អំពី​កត្តា​នានា​ដែល​ធ្វើ​ឲ្យ​ការ​រស់​នៅ​ក្នុង​ពិភព​ធម្មជាតិ ផ្ដល់​សារប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​មនុស្ស​ជាតិ។ បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ជាតិ (National Academy of Science) នៅ​សហរដ្ឋ​អាមេរិក បាន​សង្កេត​ក្រុម​មនុស្ស ៣៨ នាក់​ដែល​មាន​បុរស ២០ នាក់ និង​ស្ត្រី ១៨ នាក់។ គេ​បែងចែក​ជា​ពីរ​ក្រុម។ មួយ​ក្រុម​ដើរ​ចូល​ទៅ​ក្នុង​តំបន់​ធម្មជាតិ​សុទ្ធសាធ អស់​រយៈពេល ៩០ នាទី។ មួយ​ក្រុម​ទៀត គេ​តម្រូវ​ឲ្យ​​ដើរ​ដោយ​ថ្មើរជើង​នៅ​ក្នុង​តំបន់​ទី​ប្រជុំ​ជន​ដែល​មាន​មនុស្ស​អ៊ូអរ ឡាន​បើក​ខ្វែងខ្វាត់។

លទ្ធផល​បង្ហាញ​ថា​ក្រុម​អ្នក​ដែល​ដើរ​នៅ​ក្នុង​តំបន់​ធម្មជាតិ ហើយ​ដែល​មាន​បញ្ហា​ស្មុគស្មាញ​ខ្លះ​នៅ​ក្នុង​ចិត្ត​ បន្ទាប់​ពី​ដើរ​ចូល​ទៅ​ក្នុង​តំបន់​ធម្មជាតិ ស្រាប់​តែ​គេ​បាន​ល្ហែល្ហើយ​ចិត្ត​មួយ​គ្រា ហើយ​ហាក់​មាន​សេចក្ដី​សុខ​នៅ​ក្នុង​ចិត្ត​ភ្លាម​មួយ​រំពេច។ ផ្ទុយ​ទៅ​វិញ ក្រុម​មនុស្ស​ដែល​ដើរ​នៅ​តំបន់​ទី​ប្រជុំជន គឺ​ភាព​សៅហ្មង​ដែល​មាន​នៅ​ក្នុង​ចិត្ត​ទាំង​ប៉ុន្មាន នៅ​តែ​ដដែល​ទាំងអស់​ គ្មាន​ប្រែប្រួល​បន្តិច​ណា​សោះ។


​បំណកស្រាយ​ផ្អែក​តាម​លក្ខណៈ​វិទ្យាសាស្ត្រ ៖
​លទ្ធផល​បាន​មក​ពី​ការ​ស្កេន​ខួរក្បាល​ បង្ហាញ​ថា មូលហេតុ​សំខាន់​ដែល​ក្រុម​អ្នក​ដើរ​នៅ​ក្នុង​តំបន់​ធម្មជាតិ​បាន​ស្រឡះ​ខួរក្បាល ហើយ​រសាយ​អស់​ទុក្ខ​កង្វល់ ព្រោះ​មណ្ឌល​ខួរក្បាល​ផ្នែក​ខាង​មុខ​ (subgenual prefrontal cortex) ដែល​ជា​ផ្នែក​បញ្ជា​ឲ្យ​អារម្មណ៍​ឆាប់​ប្រែប្រួល​ទៅ​រក​ភាព​អវិជ្ជមាន​នោះ វា​មិន​សូវ​ភ្ញោច​ទៅ​រក​ភាព​អវិជ្ជមាន តែ​ភ្ញោច​ទៅ​រក​ភាព​វិជ្ជមាន​វិញ។ គេ​ឆ្លុះ​ខួរក្បាល​អ្នក​ដើរ​ក្នុង​តំបន់​ទីប្រជុំជន ហើយ​ពិនិត្យ​ឃើញ​ថា ស្ថិត​នៅ​ទីប្រជុំជន​មិន​អាច​ធ្វើ​ឲ្យ​មណ្ឌល​ខួរក្បាល​ត្រង់​ផ្នែក​នេះ ភ្ញោច​អារម្មណ៍​មនុស្ស​ទៅ​រក​ភាព​វិជ្ជមាន ឬ​អារម្មណ៍​ស្រស់ស្រាយ​នៅ​ក្នុង​ចិត្ត​ទេ គឺ​អារម្មណ៍​របស់​មនុស្ស​ពី​មុន​ប៉ុន្មាន នៅ​តែ​ប៉ុណ្ណឹង គ្មាន​ប្រែប្រួល។

តាមពិត គេ​មិន​នឹក​ស្មាន​ថា​ពិភព​ធម្មជាតិ​ជា​ឱសថ​ដ៏​សក្ដិសិទ្ធិ​សម្រាប់​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​តាម​បែប​ធម្មជាតិ។ លោក Gregory Bratman ជា​អ្នក​ជំនាញ​ចិត្ត​វិទ្យា​ប្រចាំ​សាកលវិទ្យាល័យ Stanford មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​មនុស្ស​ផ្សារភ្ជាប់​ទៅ​នឹង​ពិភព​ធម្មជាតិ​កាន់​តែ​ខ្លាំង អាការៈ​តំណឹង​ចិត្ត​នឹង​ថយ​ចុះ។ ផ្ទុយ​ទៅ​វិញ នៅ​ពេល​មនុស្ស​កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​ធម្មជាតិ ​គំនិត​អវិជ្ជមាន​នៅ​ក្នុង​ចិត្ត​មិន​អាច​រសាយ​បាត់​ទេ គឺ​នៅ​តែ​ដក់​ត្រាំ​នៅ​ក្នុង​ចិត្ត​ជា​និច្ច។ អ្នក​ស្រាវជ្រាវ​នៅ​ប្រទេស​អាល្លឺម៉ង់ លោក Andreas Meyer-Lindenberg, ក៏​ទទួល​ស្គាល់​ថា​លទ្ធផល​របស់​លោក Gregory Bratman ដូច​គ្នា​នឹង​លទ្ធផល​ស្រាវជ្រាវ​របស់​លោក​ដែរ។

តាមពិត គេ​ទទួល​ស្គាល់​ថា​ជីវិត​រស់​នៅ​ទីក្រុង វា​ហ៊ឺហា​ស៊ីវិល័យ​ក៏​ពិត​មែន ប៉ុន្តែ​គេ​គួរ​ផ្សារ​ភ្ជាប់​ខ្លួន​ទៅ​នឹង​ធម្មជាតិ​ខ្លះ ដើម្បី​ជៀសវាង​ការ​កាត់​ផ្ដាច់​ទំនាក់ទំនង​រវាង​មនុស្ស និង​ធម្មជាតិ​ទាំង​ស្រុង។ គេ​ស្រាវជ្រាវ​ឃើញ​ថា បើ​ធៀប​រវាង​អ្នក​ទីក្រុង និង​អ្នក​ជនបទ គឺ​នៅ​ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា អ្នក​ទីក្រុង​មាន​តំណឹង​ចិត្ត និង​ជំងឺ​ផ្លូវ​ចិត្ត​ (mental illness) ច្រើន​ជាង។ ជាពិសេស អាការៈ​រសាប់រសល់​ អន្ទះអន្ទែង (anxiety) និង​អាការៈ​ធ្លាក់​ទឹកចិត្ត (depression) ច្រើន​កើត​មាន​ចំពោះ​អ្នក​ទីក្រុង។ ដូចនេះ ដំណោះស្រាយ គឺ​គេ​គួរ​ផ្សារ​ភ្ជាប់​ខ្លួន​ឲ្យ​បាន​ច្រើន​នៅ​ក្នុង​ពិភព​ធម្មជាតិ តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​វា​ជា​វិធី​កាត់​បន្ថយ​គំនិត​អវិជ្ជមាន​ពី​ក្នុង​ខ្លួន និង​ជួយ​ពង្រឹង​បញ្ញា​ស្មារតី​របស់​មនុស្ស៕

0 comments:

Post a Comment