Monday, June 29, 2015


ស្វែង​រក​ដៃគូ​ធ្វើ​អាជីវកម្ម​​ ត្រូវ​ស្វែងយល់​លើ​ចំណុច​​ ៧​ខាងក្រោម​នេះប្រភព៖​ traloc
សហគ្រិន​ម្នាក់​ដែល​មាន​លទ្ធភាព​អាច​បើក​អាជីវកម្ម​ដោយ​ខ្លួនឯង​ គឺ​ជា​រឿង​មួយ​ដ៏​ប្រសើរ​​ទៅ​ហើយ។ ប៉ុន្តែបន្ថែម​លើ​នេះ​ ប្រសិន​បើ​អ្នក​យល់​ឃើញ​ថា ឱកាស​នៃ​ការ​​សហការ​ជា​មួយ​បុគ្គល​ឬ ក្រុមហ៊ុន​ផ្សេង​ទៀត​ក្នុង​ការ​បើក​អាជីវកម្ម គឺ​ជា​សញ្ញាណ​ល្អ​មួយ​សមស្រប​សម្រាប់​លោក​អ្នក អ្នក​​គួរតែ​​ចាប់​ផ្តើម​​ធ្វើ​វា​ទៅ។

ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ ​សហគ្រិន​គ្រប់រូប​ចង់​បាន​ដៃគូ​ ឬ បុគ្គល​ដែល​មាន​សក្ដានុពល និង គុណភាព ​ក្នុង​គោលបំណង​មួយ​តែ​មួយ​គត់​ គឺ​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​ខ្លួន​កាន់តែ​​កាន់តែ​រឹងមាំ និង ​រីក​ធំធាត់​​​ទៅ​ថ្ងៃ​អនាគត។ ​​ ៧​ ចំណុច​​​ខាង​ក្រោម​នេះ​ គឺ​ជា​គន្លឹះ​ដ៏​សំខាន់​ដែល​សហគ្រិន​ទាំងអស់​ត្រូវ​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​ជា​មុន​ ក្នុង​​ការ​​​​សម្រេចចិត្ត​ជ្រើសរើស​ដៃគូ​អាជីវកម្ម​​របស់​ខ្លួន។​​​​​

១) ​ពិនិត្យ​លើ​ចំណែក​ដើមទុន​

ដៃគូ​​អាជីវកម្ម​ដែល​មាន​​ដើម​ទុន​ច្រើន គឺ​ជា​សញ្ញា​ល្អ​បើក​ភ្លើង​ខៀវ​ឲ្យ​អ្នក​​​ជ្រើសរើស​ធ្វើ​ជា​ដៃគូ​​អាជីវកម្ម​យូរអង្វែង​របស់​អ្នក​បាន​។ ដូច្នេះ​ អ្នក​ត្រូវ​ចាប់​ផ្តើម​លើក​​យក​គម្រោង​​អាជីវកម្ម ឬ ការ​វិនិយោគ​​​មក​ពិភាក្សា​ និង ទំនូល​ខុសត្រូវ​នានា​របស់​ភាគី​ទាំងពីរ​ដែល​មាន​នៅ​ក្នុង​អាជីវកម្ម​នេះ​។

២) ​ជំនាញ​អាជីវកម្ម​

រឹត​កាន់តែ​ពិសេស​ដែល​អ្នក​ចង់​​​បើក​អាជីវកម្ម ហើយ​​ចង់​ទាក់ទាញ​ដៃគូ​​ណា​មួយ​ ឬ បុគ្គលិក​​ដែល​ពោរពេញ​ដោយ​សមត្ថភាព​ម្នាក់ ត្បិតអី​ជំនាញ ​និង​ទេពកោសល្យ​របស់​បុគ្គល​​ទាំង​នេះ​​អាច​ស្រោចស្រង់​ និង​ពង្រីក​អាជីវកម្ម​របស់​អ្នក​កាន់តែ​រីក​ធំធាត់​ទៅ​មុខ​បាន។ សមត្ថភាព​របស់​ពួកគេ គឺ​ជា​គ្រឹះ​ដ៏​រឹងមាំ អាច​ត្រួសត្រាយ​ផ្លូវ​​ស្វែង​រក​វិធីសាស្ត្រ និង​គន្លឹះ​ល្អ​ៗ​​ពង្រីក​អាជីវកម្ម​អ្នក​បាន​​ដោយ​សុវត្ថិភាព និង ប្រសិទ្ធភាព។​​​

៣) ការ​​កំណត់​អត្ថប្រយោជន៍​នៅ​ក្នុង​ក្រុមហ៊ុន

ភាព​ជា​ម្ចាស់​ភាគហ៊ុន​​​របស់​បុគ្គលិក​​ អាច​លើក​ទឹកចិត្ត​​ និង ​ធ្វើ​ឲ្យ​ពួកគេ​ចូលរួម​ចំណែក​ដោយ​ការ​ទទួល​ខុសត្រូវ​​មួយ​ ជា​មួយ​មុខ​ជំនួញ​ក្នុង​ក្រុមហ៊ុន​របស់​អ្នក។

មាន​ផ្លូវ​ជា​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​ពួកគេ​ទទួល​យក​បាន​ដូច​ជា ​ការ​ចែក​រំលែក​ប្រាក់​ចំណេញ​នៅ​ក្នុង​គម្រោង​របស់​ក្រុមហ៊ុន​​ទៅ​ដល់​បុគ្គលិក​ជា​ដើម ដែល​នេះ​ជា​យុទ្ធសាស្ត្រ​វ័យ​ឆ្លាត​របស់​សហគ្រិន​ជួយ​ឲ្យ​ក្រុមហ៊ុន និង​បុគ្គលិក​មាន​ឱកាស​ដូចគ្នា ប៉ុន្តែ​ដំណាក់​កាល​នៃ​ការ​​ចែក​​រំលែក​​ផល​ចំណេញ​ទៅ​ដល់​បុគ្គលិក​នេះ​ គឺ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​ក្រុមហ៊ុន​រីក​ចម្រើន​ខ្លាំង​ និង​មាន​ស្ដង់ដារ​​មួយ​​ច្បាស់​លាស់។​​

ការ​ធ្វើ​បែប​នេះ​គឺ​ បុគ្គលិក​ប្រៀប​បាន​​ជា​​ដៃគូ​ពាណិជ្ជកម្ម​យ៉ាង​​ជិត​ ស្និទ្ធ​ ដែល​ពួក​គេ​នឹង​ប្រឹង​ប្រែង​ដើម្បី​សម្រេច​បាន​ផល​ចំណេញ​ទាំង​អស់​គ្នា។ ​

៤) សហការ​បើក​អាជីវកម្ម​ជា​មួយ​ក្រុមហ៊ុន​​ដទៃ​

​ការ​ច្របាច់​បញ្ចូល​​ក្រុមហ៊ុន​របស់​អ្នក​សហការ​បើក​អាជីវកម្ម​​ជា​មួយ​ក្រុមហ៊ុន​​ដ៏​ល្អ​​​​មួយ​ផ្សេងទៀត​ នឹង​​ជួយ​បង្កើន​សក្ដានុពល​​​អាជីវកម្ម​​របស់​អ្នក​កាន់តែ​​ធំ និង វិសេសវិសាល​ជាង​មុន។ ភាព​ស៊ីចង្វាក់​គ្នា​លើ​ផលិតផល សេវាកម្ម ការ​កំណត់​ទីតាំង យុទ្ធសាស្ត្រ​អាជីវកម្ម និង ​លក្ខខ័ណ្ឌ​ប្រកួតប្រជែង​​ គឺ​ជា​កម្មវត្ថុ​​ដែល​​អ្នក​ត្រូវ​យក​មក​ពិភាក្សា​ ​សម្រាប់​​សហការ​ក្នុង​អាជីវកម្ម​របស់​អ្នក​។

៥) ជៀសវាង​ភាព​ទាល់ច្រក

រូបមន្ត​សិទ្ធ​គ្រប់គ្រង​ក្រុមហ៊ុន ៥០​លើ​៥០ មិនមែន​ជា​យុទ្ធសាស្ត្រ​ដ៏​ល្អ​ក្នុង​អាជីវកម្ម​នោះ​ឡើយ ដែល​នេះ​ប្រៀប​បាន​ដូច​ជា​ភ្នំ​មួយ​ខ្លា​ពីរ​ដូច្នេះ​ដែរ ត្បិត​អី អ្នក និង ដៃគូ​របស់​អ្នក​មាន​ភាគហ៊ុន​ស្មើគ្នា។ នៅ​​ពេល​ដែល​ដៃគូ​អាជីវកម្ម បង្កើត​កំហុស នោះ​លទ្ធផល​អវិជ្ជមាន និង​ទំនូល​ខុសត្រូវ​ក៏​នឹង​ធ្លាក់​មក​លើ​អ្នក​ដូចគ្នា​។ រូបមន្ត ៤៩​/៤៩/២ គឺ​ជា​ឧទាហរណ៍​មួយ​អាច​ទម្លុះ​ភាព​ទាល់ច្រក​នេះ​បាន ដែល​ធ្វើ​ឲ្យ​មាន​ទំនូល​ខុសត្រូវ​ក្នុង​ក្រុមហ៊ុន​កាន់តែ​ច្រើន។

៦) ផ្តល់​ភាព​យុត្តិធម៌​ដល់​សមាជិក​មាន​ភាគហ៊ុន​តិច

នៅ​ក្នុង​ក្រុមហ៊ុន​ឯកជន​​មួយ​ចំនួន គេ​សង្កេត​ឃើញ​ថា សមាជិក​ដែល​មាន​ភាគហ៊ុន​តិច​បាន​​​យក​ប្រាក់​នៅ​ក្នុង​ភាគហ៊ុន​របស់​ខ្លួន​ទៅ​វិនិយោគ ខណៈ​ដែល​សមាជិក​​​មាន​ភាគហ៊ុន​​ធំ​​កាន់តែ​ទទួល​បាន​ប្រាក់​ចំណេញ​កាន់តែ​ច្រើន​ឡើង។ ជា​ឧទាហរណ៍ សមាជិក​​មាន​ភាគហ៊ុន​ធំ​​អាច​ទាញ​យក​លុយ​យ៉ាង​ក្រាស់ក្រែល​ចេញ​ពី​ក្រុមហ៊ុន​នេះ​តាម​រយៈ​រូបភាព​នៃ​ការ​ដំឡើង​ប្រាក់បៀវត្ស​របស់​ខ្លួន​ដោយ​មិន​បាន​ប្រកាស​ពី​​ភាគលាភ​របស់​ក្រុមហ៊ុន​ទាល់តែ​សោះ ហើយ​ទីបំផុត អ្នក​មាន​ភាគហ៊ុន​តិច​ក្លាយ​ជា​ជនរងគ្រោះ​នៅ​ក្នុង​អាជីវកម្ម​នេះ។ ដូច្នេះ ​​សម្រាប់​ការពារ​ហានិភ័យ​ទាំង​នេះ អ្នក​ជា​ភាគី​ដែល​មាន​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ ត្រូវ​បង្កើត​កិច្ចសន្យា​មួយ​យ៉ាង​ច្បាស់លាស់​ជា​មុន ទើប​ជា​ការ​ប្រសើរ។



៧) ​ការ​ដកថយ​របស់​សមាជិក


​​តើ​នឹង​មាន​អ្វី​កើតឡើង​នៅ​ពេល​ដែល​​សមាជិក​មាន​ភាគហ៊ុន​​នៅ​ក្នុង​ក្រុមហ៊ុន​ប្រកាស​ដកខ្លួន​ចេញ​​ពី​​អ្នក? តើ​អាជីវកម្ម​របស់​អ្នក​អាច​​ដំណើរ​ការ​​បន្ត​ទៅ​មុខ​ទៀត​ដោយ​គ្មាន​សមាជិក​រូប​នោះ​បាន​​​​ដែរ​ឬទេ? ទាំង​នេះ​ជា​សំនួរ​សំខាន់ៗ ដែល​អ្នក​ត្រូវ​ពិចារណា​ សម្រាប់​ការពារ​ហានិភ័យ​​ទុក​ជា​មុន ពោល​គឺ​អ្នក​អាច​ចង​កាតព្វកិច្ច​របស់​ពួកគេ​​ក្រោម​​កិច្ចសន្យា​ស្រប​ច្បាប់​មួយ​ដោយ​សមភាព​ គ្មាន​ការ​ក្លែង​បន្លំ ឬ គេចវេស​​យករួចខ្លួន​នោះ​ឡើយ៕

0 comments:

Post a Comment