Monday, June 29, 2015


គន្លឹះ​​ទាំង​៤ សម្រាប់​កំណត់​តម្លៃ​លក់ផលិតផលប្រភព៖​ Liveinpai
តើ​​ផលិតផល​របស់​ខ្ញុំ​ត្រូវ​លក់​ក្នុង​តម្លៃ​ប៉ុន្មាន? នេះ​ជាសំណួរ​មួយ​ដែល​សហគ្រិន អាជីវករ​ទូទៅ​ ត្រូវ​រក​ចម្លើយ​ដ៏​ត្រឹមត្រូវ​មួយ​ មុន​ពេល​សម្រេច​ចិត្ត​​កំណត់​តម្លៃ​លក់​ផលិតផល​របស់​ខ្លួន។ ការ​កំណត់​តម្លៃ​ផលិតផល មិនមែន​ចេះ​តែ​ធ្វើ​​តាម​តែ​ការ​នឹក​ឃើញ​នោះ​​ឡើយ ​ពោល​គឺ​ត្រូវ​​ការ​ស្វែង​យល់​ពី​កត្តា​មួយចំនួន​​ ដើម្បី​ជៀសវាង​ការ​ដួល​រលំ​អាជីវកម្ម​របស់​អ្នក​​ក្នុង​រយៈ​ពេល​ដ៏​ខ្លី។

ជា​ដំណោះស្រាយ​​លើ​ករណី​​​ខាងលើ ប្រិយមិត្ត និង សហគ្រិន​ទាំងអស់ អាច​សាកល្បង​ស្វែង​យល់​ពី​គន្លឹះ​សំខាន់ៗ​ចំនួន​ ៤​ ខាងក្រោម​ ដែល​ជា​ពន្លឺ​​នៃ​ការ​សម្រេចចិត្ត​ដ៏​​សមស្រប​មួយ​​មុន​​កំណត់​តម្លៃ​ផលិតផល​របស់​អ្នក៖​

១) ស្តាប់​អតិថិជន​របស់​អ្នក

អ្នក​មិន​ចាំបាច់​ត្រូវ​ការ​អ្នក​ជំនាញ​ ឬ ក្រុមហ៊ុន​ស្រាវជ្រាវ​ជាន់​ខ្ពស់​ណា​មួយ​មក​វិភាគ​​​លើ​​​ការ​វាយតម្លៃ​របស់​អតិថិជន​​​រវាង​ផលិត​ផល​របស់​អ្នក និង​ដៃគូ​ប្រកួតប្រជែង​នោះ​ឡើយ។ ជា​​តិកនិក​​ដ៏​ល្អ ការ​ចំណាយ​ពេល​​វេលា​មួយចំនួន​ ដើម្បី​សាកសួរ​ និង​ស្តាប់​​យោបល់​របស់​អតិថិជន​​មក​វិញ នោះ​ក៏​អាច​គាស់រំលើង​ភាព​មន្ទិល​សង្ស័យ​របស់​អ្នក​ក្នុង​​ការ​កំណត់​តម្លៃ​ផលិតផល​​នេះ​បាន​​ដែរ។

២) ស្គាល់​គូប្រជែង​​​ឲ្យ​កាន់តែ​ច្បាស់

នេះ​ជា​ដំណាក់កាល​មួយ​ដែល​អ្នក​ត្រូវ​ចោទសួរ​​គូប្រជែង​របស់​អ្នក​នូវ​សំណួរ​សំខាន់ៗ​មួយ​ចំនួន​ដូចជា ប្រសិន​បើ​អ្នក​មិន​​បើក​ជីវកម្ម​ជា​មួយ​ខ្ញុំ តើ​អ្នក​ទៅ​បើក​អាជីវកម្ម​ជា​​មួយ​អ្នកណា? តើ​ការ​ប្រកួតប្រជែង​មាន​លក្ខណៈ​ខុសគ្នា​ដូចម្តេច​ខ្លះ? ​​តើ​អតិថិជន​​យល់​យ៉ាងណា​​រវាង​​ផលិតផល​របស់ខ្ញុំ​ និង​​ផលិតផល​របស់​អ្នក? សំណួរ​ទាំងនេះ​ នឹង​បង្ហើប​ឲ្យ​អ្នកដឹង​​ពី​គូប្រជែង​​ពិត​ប្រាកដ​របស់​អ្នក​ និង ​គុណសម្បត្តិ​​​​របស់​​ដៃគូ​ប្រកួត​ សម្រាប់​​​ថ្លឹងថ្លែង​​លើ​ការ​កំណត់​ចំនួន​តម្លៃ​​ដ៏​សមស្រប​មួយ​នៅ​លើ​ទីផ្សារ។ ជា​ពិសេស​គឺ​ ​​សិក្សា​ឱ្យ​បាន​ច្បាស់​​ថា​ តើ​គូ​ប្រកួត​កំណត់​តម្លៃ​នេះ ​ចំណេញ​​បាន​ប៉ុន្មាន? ចំណាយ​ថ្លៃ​ដើម​ផលិត​ប៉ុន្មាន​ដែរ? ​

​​៣) ត្រូវ​​មាន​​ភាព​ស្មោះត្រង់ និង​ស្មើភាព​ក្នុង​ការ​វាយតម្លៃ​​​​ផលិតផល​គូប្រជែង​

ក្នុង​ទីលាន​​អាជីវកម្ម សហគ្រិន​ច្រើន​តែងតែ​មើល​រំលង​សក្ដានុពល​​​ផលិតផល​​របស់​ដៃគូ​ប្រកួតប្រជែង នឹង​ការ​​​ចូលចិត្ត​លើក​​បន្តុប​​អាជីវកម្ម​របស់​ខ្លួន​ជា​ត្រីមុខ​រហូត​ដល់​ហ៊ាន​កំណត់​តម្លៃ​​ផលិតផល​របស់​ខ្លួន​ខ្ពស់​កប់​ពពក។ នេះ​ជា​​ចំណុច​​អវិជ្ជមាន​មួយ​ដែល​សហគ្រិន​​ត្រូវ​លុប​បំបាត់​ចោល ហើយ​ចាប់​ផ្តើម​វាយតម្លៃ​​ថា ​ផលិតផល​គូប្រជែង​អាច​ល្អ​ជាង​អ្នក មាន​គុណភាព​ជាង​អ្នក ព្រម​ទាំង​ជា​ដៃ​គូប្រជែង​របស់​ដ៏​ខ្លាំង​របស់​អ្នក​នៅពេល​អនាគត​។ ការ​យល់​បែប​នេះ នឹង​​ធ្វើ​​ឲ្យ​អ្នក​កាន់តែ​រឹងមាំ​ឡើង​ អាច​កំណត់​តម្លៃ​ផលិតផល​របស់​ខ្លួន​ដោយ​ការ​ទទួល​ខុសត្រូវ។

៤) ស្គាល់​ពី​តម្រូវ​ការ​​ខុសគ្នា​របស់​អតិថិជន

អតិថិជន​មួយ​ចំនួន​​តូច​ពេញ​និយម​​​​​ម៉ូតូ​​​ Honda Dream ស៊េរី ២០១៣​​ ខណៈ​អតិថិជន​ភាគ​ច្រើន​​ផ្សេងទៀត​​​​ពេញ​និយម​ម៉ូតូ​​​​ Honda Dream ​ស៊េរី​២០១៤។ នេះ​ជា​ឱកាស​មួយ​ដែល​អ្នក​ត្រូវ​ថ្លឹងថ្លែង​ថា ​តើ​អតិថិជន​​​មួយ​ណា​ដែល​អ្នក​​គិត​ថា​ មាន​សក្ដានុពល​បំផុត​ និង​គួរឲ្យ​ទាក់ទាញ​សម្រាប់​អ្នក? លក្ខខ័ណ្ឌ​ដ៏​ល្អ​មួយ​នៅ​ពេល​នេះ អ្នក​ត្រូវ​កំណត់​តម្លៃ​ផលិតផល​របស់​អ្នក​សម្រាប់​អតិថិជន​ដែល​​មាន​សក្ដានុពល​នេះ ជាជាង​​ផ្គាប់ចិត្ត​អតិថិជន​ទូទៅ៕

0 comments:

Post a Comment