Monday, June 29, 2015

ច្បាប់​​​​ “លក់​” ទាំង​៥ ជា​កូនសោ​ចាក់​ទ្វា​ដែក​កើប​យក​ប្រាក់​ចំណូល​​អាជីវកម្ម​​​​!

ច្បាប់​​​​ "លក់​" ទាំង​៥ ជា​កូនសោ​ចាក់​ទ្វា​ដែក​កើប​យក​ប្រាក់​ចំណូល​​អាជីវកម្ម​​​​!ប្រភព៖​ sugel
នៅ​ក្នុង​ទីផ្សារ​អាជីវកម្ម ការ​លក់​ដ៏​​មាន​ប្រសិទ្ធភាព​អាច​​ទទួល​បាន​ជោគជ័យ​​អាស្រ័យ​លើ​កត្តា​ជា​ច្រើន​​​ និង ស្តែង​ឲ្យ​ឃើញ​​ឡើង​តាម​យុទ្ធសាស្ត្រ​ផ្សេងៗ​គ្នា​ទៅ​តាម​ស្ថាប័ន​អាជីវកម្ម​នីមួយៗ។ ​មិន​ថា យុទ្ធសាស្ត្រ​ទាំង​នោះ​ខុសគ្នា​ឬ ដូចគ្នា​យ៉ាងណា​នោះ​ទេ ឲ្យ​តែ​ធ្វើ​ឲ្យ​ផលិតផល​របស់​ខ្លួន​មាន​​អតិថិជន​​គាំទ្រ​ច្រើន​គឺ​ទទួល​បាន​ជោគជ័យ​ហើយ។

ទោះបី​ជា​យ៉ាងណា​ក៏ដោយ ច្បាប់​លក់​ចំនួន​៥​ខាងក្រោម​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​កូន​សោរ​​យ៉ាង​ពិសេស​​​ជួយ​ឲ្យ​​សហគ្រិន​ទាំងឡាយ​​អាច​លក់​ផលិតផល ឬ​សេវាកម្ម​​របស់​​ខ្លួន​ឲ្យ​​មាន​ប្រសិទ្ធភាព និង​ជោគជ័យ​នៅ​លើ​​​សមរភូមិ​​​អាជីវកម្ម​ឲ្យ​បាន​។​​​​​​​



ច្បាប់​ទី​១) គុណ​ភាព​​​​​


គ្មាន​​ឡើយ​នៅ​លោក​​​នេះ​ដែល​ថា អតិថិជន​​​គ្រប់រូប​ត្រូវ​ការ​ផលិតផល ឬ​សេវាកម្ម​​ធុន​អន់ៗ​របស់​អ្នក​យក​ទៅ​ប្រើប្រាស់។ បើ​មាន​មែន​នោះ ​មាន​ន័យ​ថា ពួកគេ​គ្មាន​ជម្រើស​នោះ​ឡើយ។ ជំហាន​ដំបូង​ដែល​អ្នក​​ត្រូវ​ដឹង​គឺ​ថា ​អតិថិជន​អាច​ទិញ​​ផលិតផល​របស់​អ្នក​ ពីព្រោះ​តែ​អ្នក​ជា​អ្នក​លក់​ដ៏​អស្ចារ្យ​​។ ផ្ទុយ​ទៅ​វិញ​​ការ​ធ្វើ​ឲ្យ​ពួកគេ ​«ជឿជាក់​» ថា ផលិតផល​​របស់​អ្នក​មាន​គុណភាព​ល្អ​ និង​មាន​ប្រយោជន៍​ដល់​ពួកគេ​ទៅ​វិញ​ទេ ដែល​ធ្វើ​ឲ្យ​អតិថិជន​ទាំង​នោះ​មាន​ចំណាប់​អារម្មណ៍​ទិញ​​ផលិតផល​របស់​អ្នក។ នៅ​ក្នុង​សង្គ្រាម​​អាជីវកម្ម អ្នក​ត្រូវ​តែ​ដាក់​ច្បាប់​នេះ​ជា​ដាច់ខាត​ដោយ​គ្មាន​​​មន្ទិលសង្ស័យ​​លើ​ផលិតផល ឬ សេវាកម្ម​របស់​អ្នក ដើម្បី​ផ្តល់​ប្រយោជន៍​ដល់​អតិថិជន​ទូទៅ។ ប្រសិន​បើ​ពួកគេ​​មិន​ពេញ​ចិត្ត​ អ្នក​ប្រាកដ​ជា​មិន​អាច​យក​ប្រាក់​ពី​ពួកគេ​បាន​ឡើយ នេះ​ហើយ​ជា​អ្វី​ដែល​​អ្នក​ត្រូវ​ឈាន​មក​​អនុវត្ត​ច្បាប់​ទី​២​នេះ។ ​​​​​

ច្បាប់​ទី​២) ​ការ​ទូទាត់​​​​

ចំពោះ​ច្បាប់​ទី​ពី​ដែល​ស្តី​ពី​​ការ​ទូទាត់​​នេះ​គឺ​​ងាយស្រួល​ទេ ពោល​ដរាបណា​​ផលិតផល ឬ សេវាកម្ម​របស់​អ្នក​​មាន​គុណភាព​ និង​​មាន​ទំនុកចិត្ត​កាន់តែ​ច្រើន​​ដល់​អតិថិជន អ្នក​នឹង​អាច​បង្កើន​តម្លៃ​កាន់តែ​ខ្ពស់​ជាង​មុន។​ នៅ​លើ​​លោក​យើង​នេះ​​​របស់​​ដែល​មាន​តម្លៃ​​ មិន​អាច​ត្រូវ​លក់​ក្នុង​តម្លៃ​ថោកៗ​ ឬ គេ​ឲ្យ​Freeនោះ​​ឡើយ។ បើ​អតិថិជន​ចង់​បាន​គុណភាព​ល្អ​មែន​នោះ ត្រូវ​តែ​ហ៊ាន​ទូទាត់​លើ​តម្លៃ​មួយ​ខ្ពស់​បន្តិច​ហើយ។ ចំពោះ​សហគ្រិន​វិញ ត្រូវ​រក្សា​​​គុណ​​ភាព​​ផលិតផល និង ​មាន​ភាព​​​វ័យ​ឆ្លាត​ក្នុង​ការ​លៃលក​កំណត់​តម្លៃ​​​សមរម្យ​​​មួយ​ឲ្យ​មាន​ភាព​ស៊ីចង្វាក់គ្នា​រវាង​តម្លៃ ទៅ​នឹង​ផលិត​ ឬ​សេវាកម្ម​របស់​អ្នក។​​

ច្បាប់​ទី៣) ឥទ្ធិពល

អ្នក​ចង់​ឲ្យ​ផលិតផល ឬ សេវាកម្ម​​របស់​អ្នក​​មាន​ឥទ្ធិពល​ក្នុង​ទីផ្សារ​អាច​លក់​ដាច់​​​បាន​កាន់តែ​ឆាប់​កាន់តែ​ល្អ មិន​ថា​អញ្ចឹង? តែ​​សូម​កុំ​ភ្លេច​ណា៎ ព្រោះ​ថា​​ក្តី​ប្រាថ្នា​មួយ​នេះ​អាច​​សម្រេច​បាន​លុះត្រា​តែ​ពឹងផ្អែក​លើ​កត្តា​​​ចំនួន​ពីរ​​គឺ ១) ទំនុកចិត្ត និង ២) ជំនាញ។ អ្នក​អាច​បង្កើត​ច្បាប់​នេះ​បាន​តាម​រយៈ​ការ​​​បណ្ដុះ​ទំនុកចិត្ត​​​​ទៅ​កាន់​​អតិថិជន​របស់​អ្នក​ពី​អ្វី​ដែល​អ្នក​ត្រូវ​ផ្តល់​ទៅ​ឲ្យ​ពួកគេ​ឲ្យ​កាន់តែ​ច្រើន​ឡើង​។ ​នៅ​ពេល​ដែល​​អតិថិជន​​ទទួល​យក​ផលិតផល ឬ សេវាកម្ម​របស់​អ្នក​កាន់តែ​ច្រើន មានន័យ​ថា ពួកគេ​មាន​ទំនុក​ចិត្ត​មក​លើ​អ្នក​ហើយ។ តែ​នេះ​ក៏​ត្រូវ​​អម​ជា​មួយ​​នឹង​ការ​លើក​​បង្ហាញ​ពី​ជំនាញៗ​​ពិសេស​ជា​ច្រើន​នៅ​ក្នុង​ការ​​​ផលិត ឬ ​បង្កើត​សេវាកម្ម​នោះ​ ដែល​អ្នក​នឹង​ត្រូវ​អនុវត្ត​បន្ត​ក្នុង​ច្បាប់​ទី​៤ខាងក្រោម​​នេះ។ ​​​​​



ច្បាប់​ទី​៤) ភាព​ត្រឹមត្រូវ


គុណ​តម្លៃ​ដ៏​ត្រឹមត្រូវ​បំផុត​នៃ​ផលិតផល ឬ សេវាកម្ម​​ដែល​អ្នក​ផ្តល់​​ទៅ​កាន់​អតិថិជន​​ គឺ​ខ្លួន​អ្នក​ផ្ទាល់។ តើ​មាន​ន័យ​ដូចម្តេច​ទៅ? និយាយ​ទៅ​ហាក់បីដូចជា​ពិបាក​ស្តាប់​ ឬ ​​មិត្ត​អ្នក​អាច​គិត​ក្នុង​ន័យ​ផ្សេង ។ ប៉ុន្តែ​​ការ​សម្រេចចិត្ត​ប្រឡូក​ក្នុង​​សង្គ្រាម​អាជីវកម្ម គុណ​តម្លៃ​ដ៏​ល្អ​នៅ​ពេល​នេះ ជា​អ្វី​ដែល​​អ្នក​ត្រូវ​​ប្រគល់​ខ្លួន​ឬ លក់​ខ្លួន​ឯង​​ទៅ​ឲ្យ​អតិថិជន មិន​ខ្វល់​ថា​អ្នក​កំពុង​លក់​ផលិតផល ឬ សេវាកម្ម​អ្វី​នោះ​ទេ។​

​​ច្បាប់​នេះ​សង្កត់​ធ្ងន់​ថា អ្នក​ត្រូវ​ដើរ​ទៅ​មុខ​​បម្រើ​អតិថិជន​របស់​អ្នក​ចេញ​ពី​វិចារណញ្ញាណ និង ​​​ឲ្យ​អស់​ពី​​ក្រអៅ​បេះដូង​របស់​អ្នក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ចំពោះ​​មុខ​របស់​អតិថិជន​ដោយ​ភក្ដីភាព និង​ស្មោះត្រង់​បំផុត ធ្វើ​ឲ្យ​ជីវិត​របស់​ពួកគេ​ល្អ​ប្រសើរ​ឡើង​។ ​អ្នក​អាច​សួរ​ខ្លួន​ឯង​ថា តើ​ត្រូវ​ធ្វើ​ដូចម្តេច​​ដើម្បី​បង្កើត​បាន​ផលិតផល ឬ សេវាកម្ម​ដ៏​ល្អ​បំផុត​ប្រកប​ដោយ​ទំនួល​ខុសត្រូវ​ស្របតាម​បរិបទ​​រស់​នៅ​របស់​​សាធារណជន​​នៅ​ក្នុង​សម្គម​ទាំងមូល​បាន? បើ​អ្នក​រក​ឃើញ​ចម្លើយ​នេះ អតិថិជន​នឹង​មាន​ទំនុកចិត្ត​មក​លើ​អ្នក ដែល​នោះ​ហើយ​ជា​វិថី​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​អ្នក​​រីក​ធំធាត់​គ្មាន​ដែន​កំណត់។​​​​​



ច្បាប់​ទី​៥) ការ​​​ដោះដូរ​​


គ្រាន់តែ​ក្រឡេក​​មើល​មួយ​ភ្លែត​ ​អ្នក​អាច​គិត​ថា​​ថា អ្នក​ត្រូវ​ផ្តល់​​ផលិតផល ឬ សេវាកម្ម​ទៅ​​ឲ្យ​អតិថិជន ហើយ​អតិថិជន​ត្រូវ​​ឲ្យ​​​ប្រាក់​មក​អ្នក​វិញ។ ទេ! វា​មិនមែន​ដូច្នេះ​នោះ​ឡើយ។ អ្វី​ដែល​ជា​អត្ថន័យ​ពិតប្រាកដ​នៅ​ក្នុង​ច្បាប់​ទី​៥​​នេះ​គឺ​មានន័យថា អ្នក​ត្រូវ​តែ​ផ្តល់​ឲ្យ​ទៅ​កាន់​អតិថិជន​ជានិច្ច ទោះបី​ជា​​ពេល​ខ្លះ​ពួកគេ​មិន​​បាន​​ឲ្យ​ប្រាក់​មក​អ្នក​វិញ​​ក៏ដោយ។ នៅ​ក្នុង​ទីផ្សារ​អាជីវកម្ម អ្នក​ត្រូវ​ចាំ​ថា ការ​ផ្តល់​ជូន​អតិថិជន​ពី​ផលិតផល ឬ សេវាកម្ម​របស់​អ្នក​ត្រូវ​តែ​មាន​ជានិច្ច ដូចជា ការ​ផ្តល់​ជូន​ដោយ​ឥតគិតថ្លៃ ការ​បញ្ចុះ​តម្លៃ ប្រាក់​រង្វាន់​លើកទឹកចិត្ត ឬ សម្ភារៈ​ល្អៗជា​រង្វាន់​ផ្សេង​ទៀត​ ក្នុង​កម្រិត​​មួយ​ដែល​ធ្វើ​ឲ្យ​ពួកគេ​គិត​ក្នុង​ចិត្ត និង​រត់​មក​វិញ ហើយ​ត្រូវតែ​ដកប្រាក់​ចេញ​ពី​ហោប៉ៅ​របស់​ពួកគេ​នៅ​ពេល​ណា​មួយ។ ច្បាប់​ទាំង​៥ នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​អាច​លក់​ផលិតផល ឬ សេវាកម្ម​របស់​អ្នក​គ្មាន​ដែន​កំណត់៕

0 comments:

Post a Comment