បន្ទាប់ពីបានដណ្តើមកៅអីជាមហាសេដ្ឋីទី១មានជាងគេបំផុតនៅលើពិភពលោកពីលោកប៊ីលហ្គេត (Bill Gates) កាលពីពាក់កណ្តាលខែកក្កដាឆ្នាំ ២០១៤ នេះ Carlos Slim បានផ្តល់ដំបូន្មានគួរឲ្យភ្ញាក់ផ្អើលមួយដល់សាធារណជនឲ្យធ្វើការត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះក្នុងមួយសបា្តហ៍។
មហាសេដ្ឋីជនជាតិមិកស៊ិកដែលមានទ្រព្យសម្បត្តិប្រមាណ ៧៩,៦ ពាន់លានដុល្លាររួបនេះបានមានប្រសាសន៍ថា មនុស្សគ្រប់រូបនៅពេលបច្ចុប្បន្ននេះគួរតែធ្វើការត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ ជាជាងធ្វើការពេញម៉ោងរហូតដល់៥ថ្ងៃក្នុងមួយសបា្តហ៍។
«ការទុកពេល៤ថ្ងៃក្នុងមួយសបា្តហ៍ពិតជាមានសារសំខាន់សម្រាប់បង្កើតសកម្មភាពកម្សាន្តនានារបស់មនុស្ស និង ធ្វើសកម្មភាពផ្សេងៗទៀតក្រៅពីការងារប្រចាំថ្ងៃរបស់ខ្លួន»។ នេះជាការលើកឡើងរបស់មហាសេដ្ឋីវ័យ៧៤ឆ្នាំរួបនេះទៅកាន់សារព័ត៌មាន FT។
លោកបានបន្តថា មនុស្សនៅជុំវិញពិភពលោកតែងចូលនិវត្តនៅពេលមានវ័យចំណាស់ តែពួកគេគួរតែកាត់បន្ថយពេលវេលាធ្វើការនៅសបា្តហ៍នីមួយៗមកត្រឹមតែ៣ថ្ងៃវិញផងដែរ ព្រោះថានឹងធ្វើឲ្យសុខភាពរបស់ពួកគេរឹងមាំ និង មានអារម្មណ៍ស្រស់ស្រាយជានិច្ច។
ទន្ទឹមនឹងការលើកឡើងរបស់លោកនេះ Carlos Slim កំពុងបង្ហាញពិភពលោកជាបណ្តើរៗតាមរយៈការអនុញ្ញាតឲ្យបុគ្គលិករបស់លោកដែលធ្វើការនៅក្នុងក្រុមហ៊ុនទូរស័ព្ទ Telmex ចូលនិវត្តមុនអាយុ៥០ និង អនុញ្ញាតឲ្យបុគ្គលិកវ័យចំណាស់មួយចំនួនធ្វើការតិចថ្ងៃក្នុងមួយសបា្តហ៍។
ទោះជាយ៉ាងណាក៏ដោយ ការលើកឡើងរបស់កំពូលមហាសេដ្ឋីខាងលើនេះកំពុងផ្ទុយទៅនឹងគោលការណ៍រយៈពេលធ្វើការទួទៅរបស់ក្រុមហ៊ុនឯកជន ឬ ស្ថាប័នរដ្ឋាភិបាលនានាដែលយល់ឃើញថា ការបំពេញការងារ៥ថ្ងៃក្នុងមួយសបា្តហ៍គឺជារឿងស័ក្តិសមបំផុត។
សូមបញ្ជាក់ថា បើយោងប្រភពចេញផ្សាយពីទស្សនាវដ្ដី Forbes ដ៏ល្បីរបស់អាមេរិក កាលពីថ្ងៃទី១៥ ខែកក្កដាកន្លងទៅនេះ Carlos Slim បានទម្លាក់លោកប៊ីលហ្គែតដែលជាមហាសេដ្ឋីមានជាងគេបំផុតទី១នៅលើលោករបស់អាមេរិកចាប់តាំងពីខែឧសភាឆ្នាំ២០១៣កន្លងទៅនេះមកលេខ២វិញ។
មហាសេដ្ឋីទាំងពីររួបនេះមានទ្រព្យសម្បត្តិប្រកៀកប្រកិតគ្នា ពោលគឺ Carlos Slim មានទ្រព្យសម្បត្តិប្រមាណ៧៩,៦ ពាន់លានដុល្លារ ខណៈដែលប៊ីលហ្គេតវិញមានទ្រព្យសម្បត្តិ៧៩,១ ពាន់លានដុល្លារ៕
0 comments:
Post a Comment