Monday, June 29, 2015


ទម្លាប់​របស់​បុគ្គល​ជោគជ័យ​តែង​​ធ្វើ​មុន​ពេល​​ចូល​គេងប្រភព៖​ gunnarfreyr


តើ​ប្រិយមិត្ត​បាន​ធ្វើ​អ្វី​ខ្លះ​មុន​ពេល​ចូលគេង? នឹក​ដល់​សំណួរ​​នេះ​ លោក​អ្នក​អាច​ចាប់​ផ្តើម​គិត​មើល​ឡើង​វិញ​​ពី​អ្វី​ដែល​​លោក​អ្នក​បាន​ធ្វើ​មុន​ពេល​ចូលគេង​កាល​ពី​​យប់មិញ។ ទោះបី​ជា​ចម្លើយ​​របស់​​ប្រិយមិត្ត​​ចេញ​មក​ក្នុង​រូបភាព​បែប​ណា​ក៏ដោយ ការ​ពិត​នៃ​ការ​លើកឡើង​​​សំណួរ​នេះ​​​ គ្រាន់តែ​ចង់​បង្ហាញ​លោក​អ្នក​ឲ្យ​ស្វែង​យល់​ពី​ទម្លាប់​មួយចំនួន​របស់​បុគ្គល​ជោគជ័យ​មុន​ពេល​គេង​តែ​ប៉ុណ្ណោះ។

ដូច្នេះ សូម​ប្រិយមិត្ត​សាក​ផ្ទៀងផ្ទាត់​ទាំងអស់​គ្នា​មើល៍​ថា តើ​ទម្លាប់​របស់​អ្នក ដូច​ទៅ​នឹង​ទម្លាប់​​ ៩​ យ៉ាង​​របស់​បុគ្គល​ជោគជ័យ​ខាង​ក្រោម​នេះ​​ឬ​យ៉ាងណា?​​​

១) បែងចែក​ពេលវេលា​

​គ្មានឡើយ​ភាព​ខ្ជះខ្ជាយ​ពេលវេលា​ឥតប្រយោជន៍​របស់​បុគ្គល​ជោគជ័យ។ បុគ្គល​ប្រភេទ​នេះ​បាន​ដឹង​ថា ​ការ​កំណត់​ពេលវេលា​ធ្វើ​កិច្ចការ​​ប្រចាំ​ថ្ងៃ​នីមួយៗ​ឲ្យ​បាន​ត្រឹមត្រូវ​​ និង​ធ្វើ​ឲ្យ​ខ្លួន​មាន​តម្លៃ អាច​គោរព​តាម​ផែនការ​របស់​ខ្លួន។ ពេលវេលា​សម្រាប់​ការងារ ការ​ទទួល​ទាន​អាហារ ការ​ជួបជុំ​គ្រួសារ មិត្តភក្ដិ ​លំហែកាយ ឬ ចូលគេង​សុទ្ធ​តែ​ត្រូវ​បាន​បែងចែក​យ៉ាង​ត្រឹមត្រូវ​ជា​មុន ទើប​អ្វីៗ​អាច​សម្រេច​​បាន​តាម​​​​ផែនការ​​​​ទាំង​នេះ​ ក្រោយ​ពេល​ខ្លួន​ក្រោក​ពី​ដំណេក​នៅ​ថ្ងៃស្អែក។ ​

២) អាន​សៀវភៅ

​បុគ្គល​ជោគជ័យ​នៅ​លើ​ពិភពលោក​​ភាគច្រើន​​ចូលចិត្ត​អាន​សៀវភៅ​ណាស់។ មនុស្ស​ប្រភេទ​នេះ តែង​ចូល​ចិត្ត​អាន និង រៀន​ពី​អ្វី​ដែល​ជា​គំនិត​របស់​អ្នក​ដទៃ។ តើ​អ្នក​​មាន​ដឹង​ទេ​ថា ការ​​អាន​សៀវភៅ​​ គឺ​ជា​ផ្លូវកាត់​មួយ​សម្រាប់​អ្នក​​ឆ្ពោះ​ទៅ​រក​ជោគជ័យ​ដែរ​ឬទេ? បុគ្គល​​ជោគជ័យ​ទាំង​នោះ​មាន​ជាអាទិ៍​មហាសេដ្ឋី​អាមេរិក ប៊ីល ហ្គេត ​​ចំណាយ​ពេល​អាន​សៀវភៅ​រហូត​ដល់​​​​យប់​ជ្រៅ​​អស់កម្លាំង​​ចូល​ទៅ​គេង​​លក់​តែម្តង។



៣) ចំណាយ​ពេល​វេលា​​ជួបជុំ​សមាជិក​គ្រួសារ ឬ មិត្តភក្ដិ


​​​​​ជោគជ័យ​ ​កើត​ឡើង​តាម​រយៈ​ការ​ទំនាក់ទំនង។ ដូច្នេះ​ហើយ​​បាន​ជា​បុគ្គល​ជោគជ័យ​ទាំងឡាយ​បាន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ​​ ដើម្បី​ជួបជុំ​ជា​មួយ​គ្រួសារ​ និង​មិត្តភក្ដិ​ចែក​រំលែក​ចំណេះដឹង ក៏​ដូច​ជា​ពិភាក្សា​ពី​ការងារ​ជា​ដើម។ បុគ្គល​ជោគជ័យ​​ភាគច្រើន​ជ្រើសរើស​ថ្ងៃ​ពុធ​រៀងរាល់​សបា្តហ៍​សម្រាប់​ការ​ជួបជុំ​ជា​មួយ​មិត្តភក្ដិ ហើយ​ក្រៅ​ពី​នោះ​សម្រាប់​​ការ​ជួបជុំ​ជា​មួយ​គ្រួសារ។

៤) រៀបចំ​គម្រោង​សម្រាប់​ធ្វើ​នៅ​ថ្ងៃ​ស្អែក

គម្រោង​សម្រាប់​ធ្វើ​​នៅ​​ថ្ងៃ​ស្អែក​ គឺ​ជា​ផែនការ​សំខាន់​មួយ​ ដែល​​បុគ្គល​​ជោគជ័យ​ត្រូវ​រៀបចំ​ឡើង​មុន​ពេល​គេង។ បន្ទាប់​មក​ គេ​ត្រូវ​រៀបចំ​​​ពី​អ្វី​ដែល​​ជា​តម្រូវការ​សម្រាប់​ត្រៀម​ខ្លួន​​​​សម្រេច​ផែន​ការនោះ​ ដូច​ជា​ការ​រៀបចំ​​សំណុំ​ឯកសារ​ដែល​ពាក់ព័ន្ធ សំលៀក​​បំពាក់​​​ត្រៀម​ទុកមុន​ជា​ដើម។

៥) ធ្វើ​សមាធិ

សកម្មភាព​ដ៏​អស្ចារ្យ​មួយ​ទៀត​របស់​បុគ្គល​ជោគជ័យ​ គឺ​ការ​ធ្វើ​សមាធិ នូវ​អ្វី​ដែល​ពួកគេ​យល់​ថា នឹង​ជួយ​​​ធ្វើ​ឲ្យ​សុខភាព​ផ្លូវកាយ​ និង​ផ្លូវ​ចិត្ត​របស់​ខ្លួន​មាន​ស្មារតី​រឹងមាំ​ល្អ​អាច​ជៀសវាង​បញ្ហា​ ឬ​សម្ពាធ​នានា​មក​លើ​រាងកាយ​​បាន​។​ បើ​អ្នក​អនុវត្ត​​ទម្លាប់​នេះ​បាន​ ​ប្រសិទ្ធភាព​នៃ​ការ​គិត​របស់​អ្នក​នឹង​ផ្ដោត​ទៅ​លើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ និង​មិន​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​​រវើរវាយ​ទៀត​ផង។ អ្នក​អាច​ចំណាយ​ពេល​​​​ត្រឹមតែ​ ៥ ទៅ​ ១០​ នាទី​មុន​ពេល​គេង គឺ​គ្រប់គ្រាន់​ទៅ​ហើយ​សម្រាប់​ការ​សមាធិ​នេះ។​​​​



៦) មាន​ចក្ខុវិស័យ​​ខ្ពស់​លើ​ផែនការ​សម្រាប់​ថ្ងៃ​ស្អែក


វិធីសាស្ត្រ​មួយ​ដើម្បី​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​អ្វី​ដែល​នឹង​កើតឡើង​នៅ​ថ្ងៃ​ស្អែក គឺ​ចក្ខុវិស័យ​របស់​​​បុគ្គល​ជោគជ័យ។ ផែនការ ឬ គម្រោង​ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ស្អែក ​គឺ​ជា​គោលដៅ​វាយលុក​​​សម្រេច​​ឲ្យ​​បាន​​របស់​អ្នក​ជោគជ័យ​​ដោយ​ទំនុកចិត្ត និង ភាព​ជឿជាក់ ​តាម​រយៈ​ការ​ស្វែង​រក​មធ្យោបាយ ឬ គន្លឹះ​​ល្អៗ ឈាន​ទៅ​ដល់​​សម្រេច​ផែនការ​នោះ។ ដូច្នេះ សម្រាប់​អ្នក អ្នក​​អាច​​ចំណាយ​ពេល​៥​នាទី ទៅ ១០​នាទី​រិះ​រក​វិធីសាស្ត្រ​នានា​សម្រាប់​​សម្រេច​ផែនការ​របស់​អ្នក​នៅ​ថ្ងៃ​ស្អែក។



៧) សរសេរ​សមិទ្ធផល​ដែល​សម្រេច​បាន​នៅ​ថ្ងៃ​នេះ


តើ​​អ្នក​បាន​សម្រេច​សមិទ្ធផល​អ្វី​ខ្លះ​​នៅ​ថ្ងៃ​នេះ? នេះ​ជា​សំណួរ​​មួយ​របស់​បុគ្គល​ជោគជ័យ​តែង​ចោទសួរ​ខ្លួនឯង​​មុន​ពេល​ចូលគេង។ វា​អាច​ជា​ចម្លើយ​អវិជ្ជមាន​សម្រាប់​អ្នក តែ​សម្រាប់​​បុគ្គល​ប្រភេទ​នេះ​ត្រូវ​តែ​សម្រេច​ឲ្យ​បាន​។ ការ​ទទួល​​ទាន​អាហារ​ថ្ងៃ​ត្រង់ ពេល​ល្ងាច ឬ អាច​ត្រលប់​មក​ផ្ទះ​វិញ​បាន​ទៀងទាត់​​​ ចំណាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​សម្រាប់​បង្កើន​ភាព​​ស្និទ្ធស្នាល​​ក្នុង​គ្រួសារ នឹង​ធ្វើ​ឲ្យ​បុគ្គល​ទាំង​នេះ​គេង​លក់​ស្រួល។ ​បើ​លោក​អ្នក​មិន​មាន​​ចំណុច​​ខាង​លើ​​នេះ​ទេ បញ្ជាក់​ថា អ្នក​ត្រូវ​រៀបចំ​ខ្លួន​អ្នក​​ឡើង​វិញ។ លើក​ក្រោយ​អ្នក​អាច​សរសេរ​​ពី​សមិទ្ធផល ​៣ ​ក្នុង​ចំណោម​សមិទ្ធផល​​ចំនួន ​៥​ ដែល​អ្នក​សម្រេច​បាន​នៅ​ថ្ងៃ​នេះ ក៏​គ្រប់គ្រាន់​ដែរ។ ​



៨) ធ្វើ​អ្វី​ឲ្យ​ហើយ​នៅ​ថ្ងៃ​នេះ


តើ​អ្នក​ធ្លាប់​គិត​ទេ​ថា បុគ្គល​ជោគជ័យ​ជា​មនុស្ស​ខ្ជិល​ទុក​ការងារ​នៅ​គរ​ជើង​គ្នា​​រក​​ចេញ​ជា​សមិទ្ធផល​មួយ​គ្មាន? ចុះ​អ្នក​វិញ​យ៉ាង​ម៉េច​ដែរ? បើ​លោក​អ្នក​បំពេញ​ការងារ​មិន​អស់​ពី​ដៃ​ពី​ជើង ហើយ​ទុក​ចោល​ អាង​ថា​ចាំ​​ថ្ងៃ​​នេះ ឬ ថ្ងៃ​នោះ មួយ​ឆាក​ជីវិត​របស់​អ្នក​ប្រហែល​នៅ​តែ​ជា​មនុស្ស​​បរាជ័យ​ដដែល។ ​​​​នេះ​មិនមែន​មាន​ន័យ​ថា បុគ្គល​ជោគជ័យ​​​ទាំងអស់​អាច​​ធ្វើ​ការងារ​សុទ្ធតែ​រួចរាល់​​នោះ​ទេ តែបើ​​ការងារ​នោះ​សម្រេច​​មិន​បាន​នៅ​ថ្ងៃ​នេះ គេ​នឹង​​ប្ដេជ្ញា​ថា​ នឹង​ធ្វើ​ឲ្យ​ហើយ​នៅ​ថ្ងៃស្អែក។ ប៉ុន្តែ លោក​អ្នក​ត្រូវ​ចាំ​ថា បុគ្គល​ជោគជ័យ​​នៅ​លើ​លោក​​ជា​ទូទៅ​តែង​តែ​ធ្វើ​អ្វី​ឲ្យ​​ហើយ​នៅ​ថ្ងៃ​នេះ ទើប​ពួកគេ​អាច​គេង​លក់​ស្រួល​បាន​។​



៩) គេង​ឲ្យ​បាន​គ្រប់គ្រាន់


លោក​អ្នក​ពិត​ជា​ធ្លាប់​ស្ថិត​ក្នុង​ស្ថានភាព​​មួយ​ដែល​គេង​​​មិន​គ្រប់គ្រាន់​នឹង​ធ្វើ​ឲ្យ​អ្នក​អស់កម្លាំង ងងុយគេង ​ធ្វើ​កិច្ចការ​អ្វី​​មិន​បាន​សម្រេច ហើយ​មិន​យូរ​មិន​ឆាប់​នឹង​មាន​ជំងឺ និង​បណ្តាល​ឲ្យ​សមត្ថភាព​ខួរក្បាល​ចុះ​ខ្សោយ​ជា​មិនខាន។ ដូច្នេះ ដើម្បី​​ទទួល​បាន​ជោគជ័យ​ដូច​​បុគ្គល​ជោគជ័យ​នានា លោក​អ្នក​ត្រូវ​គេង​ឲ្យ​​បាន​គ្រប់គ្រាន់​ទើប​ជា​ការ​ប្រសើរ៕

0 comments:

Post a Comment