Monday, June 29, 2015


សញ្ញា​ទាំង​៥ បញ្ជាក់​ថា​​​​ អ្នក​ជា​សហគ្រិន​ឈរ​​នៅ​​មាត់ជ្រោះ​បរាជ័យ​ប្រភព៖​ cobaltpm
ភាព​ជា​សហគ្រិន​ចាំបាច់​ណាស់​ត្រូវ​ យក​ចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​មុខ​ជំនួញ​​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ ដើម្បី​​​ឲ្យ​ប្រាកដ​ថា​​ កិច្ចការ​ជំនួញ​នោះ​ដើរ​ស្រប​ទៅ​តាម​គម្រោង​​ដែល​​បាន​កំណត់​​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​។

អ្នក​ច្បាស់​ជា​ចង់​ក្លាយ​ជា​សហគ្រិន​ម្នាក់​ដែល​មាន​ទំនួល​ខុសត្រូវ​ខ្ពស់ ចង់​ស្រវា​​​ឱប​​ភាព​ជោគជ័យ​ជា​និច្ច​។ ប៉ុន្តែ គោលដៅ​របស់​អ្នក​​​មិន​ដើរ​​ស្រប​តាម​បំណង​​​​របស់​អ្នក​ទេ បើ​​អ្នក​មាន​សញ្ញា​ទាំង​៥ ​ខាងក្រោម​នេះ៖​​

១) ធ្វើ​ការងារ​មិន​​សម្រេច​តាម​ផែនការ​

​អ្នក​​​បាន​បរាជ័យ​ក្នុង​មុខ​ជំនួញ​របស់​ខ្លួន ​​អាច​បណ្តាល​មក​ពី​ភាព​ភ័យ​ខ្លាច​​​​​នានា​ដូច​ជា​ ការ​ចំណាយ​ដើម​ទុន​ច្រើន​ក្រាស់ក្រែល និង​ខ្លាច​ថា មុខ​ជំនួញ​របស់​ខ្លួន​នឹង​​​មិន​បាន​សម្រេច​ដល់​គោលដៅ​​ជា​ដើម។ នេះ​បាន​ធ្វើ​ឲ្យ​​​​​​អ្នក​ភ្លេច​គិត​ទៅ​​ដល់​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​​សម្រេច​គោលដៅ​របស់​អ្នក​​ឲ្យ​បាន​នៅ​ពេល​ខាងមុខ។ ដំណោះស្រាយ​ដ៏​ល្អ​នៅ​​ទីនេះ អ្នក​​ត្រូវ​បញ្ឈប់​​ស្រមោល​ភ័យខ្លាច​របស់​អ្នក និង​ផ្ដោត​លើ​ការ​សម្រេច​គោលដៅ​វិញ​​​តាម​គម្រោង​ដែល​បាន​​កំណត់។ ប្រសិន​បើ​អ្នក​ភាព​​យឺតយ៉ាវ ឬ ខកខាន​អនុវត្ត​គម្រោង​របស់​អ្នក នៅ​ទី​បញ្ចប់​អ្នក​​ដែល​ចាញ់​ គឺ​ជា​អ្នក



២) ដើរ​តួនាទី​​​ជា​អ្នក​គ្រប់គ្រង​គ្រប់​ភារកិច្ច​


ភាព​ជា​សហគ្រិន​បរាជ័យ​អាច​សម្គាល់​បាន​តាមរយៈ​មហិច្ឆតា​មួយ​​គឺ​ចង់​ធ្វើ​អ្វី​គ្រប់យ៉ាង​ដោយ​ខ្លួន​ឯង។ សហគ្រិន​បែប​នេះ​មិន​​មាន​ជំនឿ​ ឬ​មាន​ទំនុក​ចិត្ត​ថា ​អ្នកដទៃ​​អាច​ធ្វើ​កិច្ចការ​​ណាមួយ​​ដោយ​ខ្លួនឯង​បាន​ល្អ​ប្រសើរ​ដូច​ខ្លួន​នោះ​ឡើយ។

ប៉ុន្តែ បើ​ទោះបី​​សហគ្រិន​​ប្រភេទ​នេះ​អាច​ធ្វើ​អ្វីៗ​បាន​គ្រប់​សព្វបែបយ៉ាង​បាន​ល្អ​ប្រសើរ​ ភាព​មន្ទិល​សង្ស័យ​មួយ​​អះអាង​ថា​ គ្មាន​អ្នក​ណា​ម្នាក់​ល្អ​ឥតខ្ចោះ​​នោះ​ឡើយ។ ក្នុង​ន័យ​នេះ ប្រសិន​បើ​អ្នក​ចង់​ឲ្យ​អាជីវកម្ម​របស់​អ្នក​លូតលាស់​ទៅ​មុខ និង​ក្លាយ​ជា​សហគ្រិន​​ជោគជ័យ​នោះ អ្នក​ត្រូវ​រៀន​ផ្តល់​ទំនុក​ចិត្ត​លើ​អ្នក​ដទៃ ដែល​នោះ​គឺ​​ជា​ការ​បង្កើត​ក្រុម (Team Work ) ជា​​កម្លាំង​ស្នូល​ក្នុង​វិស័យ​អាជីវកម្ម។​​​​​​



៣) មិន​ទទួល​យក​កំហុស​របស់​ខ្លួន​​


ចំណុច​​ដែល​គួរឲ្យ​ពិចារណា​​មួយ​ទៀត​សម្រាប់​សហគ្រិន​បរាជ័យ​នោះ​គឺ​ការ​​មិន​ព្រម​ទទួល​យក ឬ ​​ការ​មិន​រក​ឲ្យ​ឃើញ​កំហុស​​របស់​ខ្លួន​ដែល​​កើត​មាន​ឡើង។ សហគ្រិន​ដែល​​មិន​ព្រម​ទទួល​យក ឬ មិនដឹង​កំហុស​​របស់​ខ្លួន​កើត​មាន​​ឡើង ហើយ​គិត​ថា អ្វីៗ​នៅ​ពេល​កន្លង​មក ​ខ្លួន​បាន​បំពេញ​រួចរាល់​ដោយ​គ្មាន​ខ្វះ​ចន្លោះ ​នោះ​ហើយ​គឺ​ជា​ការ​បាត់បង់​ឱកាស​នៅ​ក្នុង​មុខ​ជំនួញ​របស់​ខ្លួន។

អ្នក​ត្រូវ​ចាំ​ថា ការ​ដឹង​ពី​ចំណុច​ខ្សោយ និង​កំហុស​របស់​ខ្លួន​គឺ​ជា​ជំហាន​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ។ ដូច្នេះ អ្នក​ត្រូវ​ស្វែង​រក​ដំបូន្មាន និង​ព្រម​ទទួល​យក​​កំហុស​របស់​អ្នក​ និង​កែ​ប្រែ​ភ្លាមៗ ដើម្បី​​ភាព​រីកចម្រើន​​​​នៃ​សមត្ថភាព​​ក្នុង​វិស័យ​ជំនួញ​របស់​អ្នក។​

៤) បដិសេធន៍​គំនិត​អ្នក​ដទៃ គាំទ្រ​គំនិត​របស់​ខ្លួន​​

ចរិតលក្ខណៈ​មួយ​ទៀត​របស់​សហគ្រិន​បរាជ័យ​នោះ​គឺ​ការ​បោះបង់​ចោល​​មតិ​​​ទាំងឡាយ​ណា​​ដែល​​យល់​ផ្ទុយ​ពី​​ទស្សនៈ​របស់​ខ្លួន ហើយ​គាំទ្រ​​ទស្សនៈ​​ទាំងឡាយ​ណា​ដែល​ដើរ​ស្រប​​នឹង​ទស្សនៈ និង​ជំនឿ​​របស់​ខ្លួន។ សហគ្រិន​បែប​នេះ ​សម្បូរ​ទៅ​ដោយ​​ក្រុម​អែបអប​​​​ដែល​ចូលចិត្ត​តែ​គាំទ្រ និង មាន​ទស្សនៈ​​ដូចគ្នា​តែ​ប៉ុណ្ណោះ។ នេះ​មិន​បាន​រាប់​ចូល​នៅ​ក្នុង​វិស័យ​ជំនួញ​នោះ​ឡើយ។ ជា​សហគ្រិន​មួយ​រូប ​ការ​សម្រេចចិត្ត​របស់​អ្នក​អាច​ប្រសើរ​ជាង​​នេះ ប្រសិន​បើ​អ្នក​ជម្រុះ​ភាព​រឹងរូស​របស់​អ្នក ហើយ​ព្យាយាម​យក​​ទស្សនៈ​​​ផ្ទុយ​គ្នា​​មក​​ពិចារណា ​ដើម្បី​រក​ឲ្យ​ឃើញ​ពី​ចំណុច​ល្អៗ​ពី​គ្រប់​ជ្រុង​ជ្រោយ​​ជា​ពន្លឺ​ក្នុង​កិច្ចការ​អាជីវកម្ម។

​៥) បដិសេធន៍​ការ​​ផ្លាស់ប្ដូរ​ ប្រកាន់​យក​គំនិត​ចាស់​គម្រិល

ស្ថានភាព​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​បាន​ដើរ​យ៉ាង​លឿន​ឆ្ពោះ​ទៅ​មុខ។ អ្នក​គ្មាន​ដើម​ទុន​គ្រប់គ្រាន់​ធ្វើ​ឲ្យ​អាជីវកម្ម​​រីក​មុខមាត់​ឡើង។ ប៉ុន្តែ​ អ្នក​នៅ​ប្រកាន់​គោលការណ៍​មួយ នោះ​គឺ​​​បដិសេធន៍​ការ​​ផ្លាស់ប្ដូរ​ថ្មីៗ​​ ហើយ​ព្យាយាម​ប្រើប្រាស់​គំនិត​ហួស​សម័យ​របស់​ខ្លួន​ធ្វើ​ជា​ដំណោះស្រាយ។ អ្នក​បាន​ព្យាយាម​បង្កើត​ជម្រើស យុទ្ធសាស្ត្រ និង​ការ​គាំទ្រ​ណា​មួយ​​​លើ​អាជីវកម្ម​របស់​អ្នក​ប្រឈមមុខ​នឹង​បញ្ហា​ដែល​កើត​មាន​ឡើង។ នេះ​ពិត​ជា​រឿង​ត្រឹមត្រូវ តែ​អ្វី​ដែល​ប្រសើរ​​ជាង​នេះ អ្នក​ត្រូវ​ដាក់ខ្លួន និង​ព្រម​ទទួល​យក​​ការ​ផ្លាស់​ប្តូរ​ថ្មីៗ​សម្រាប់​​មុខ​ជំនួញ​របស់​ខ្លួន​ ដែល​នេះ​ទើប​គេ​ហៅ​ថា សហគ្រិន​ប្រចាំ​ឆ្នាំ​២០១៤៕

0 comments:

Post a Comment