Monday, June 29, 2015


សកម្មភាព​ជួញ​ដូរ​ភាគ​ហ៊ុន​ក្នុង​ផ្សារ​មូលបត្រ​​កម្ពុជា​ (CSX)ប្រភព៖​ ​eric888


ផ្សារ​មូលបត្រ​តែង​ទទួល​រង​នូវ​ការ​លើក​ឡើង​អំពី​គំនិត​អវិជ្ជមាន​ពី​សំណាក់ ឬ​ក្រុម​អ្នក​ធ្លាប់​ប្រឡូក​ក្នុង​ទីផ្សារ​នេះ ដោយ​ពួកគេ​លើក​ឡើង​ថា ការ​ជួញ​ដូរ​ភាគ​ហ៊ុន​​មិន​ខុស​គ្នា​នឹង​ការ​លេង​​ល្បែង​ស៊ីសង​ទេ។ តើ​ទស្សនៈ​នេះ​ពិត​ជា​ត្រឹម​ត្រូវ​ទេ?

​មន្ត្រី​ផ្នែក​ឈ្មួញ​ជើងសា លោក ប៊ុន ចាន់តារា មក​ពី​ក្រុមហ៊ុន​ភ្នំពេញ​ ស៊ីឃ្យូរីធី ភីអិលស៊ី​ ដែល​​ជា​​​​ក្រុមហ៊ុន​ធានា​ទិញ​មូលបត្រ​​ (underwriter) មួយ​ បាន​ពន្យល់​ថា ល្បែង​ស៊ីសង​ខុស​ពី​ការ​ជួញដូរ​ហ៊ុន​ក្នុង​ផ្សារ​មូលបត្រ។ ល្បែង​ស៊ីសង​ គឺ ៥០-៥០ ពឹង​លើ​សំណាង ចំណែក​ភាគហ៊ុន​ពឹងផ្អែក​លើ​បច្ចេកវិទ្យា មាន​ន័យថា ​ពឹងផ្អែក​លើ​ការ​វិភាគ​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន។

ក្នុង​ទីផ្សារ បើ​ក្រុមហ៊ុន​បោះផ្សាយ​លក់​មូលបត្រ​មាន​របាយ​ការណ៍​ល្អ ភាគហ៊ុន​នឹង​អាច​ឡើង​ថ្លៃ នោះ​អ្នក​វិនិយោគ​នឹង​ទិញ ដោយ​ប្រាកដ​ថា ហ៊ុន​នោះ​នឹង​ឡើង​ថ្លៃ។ ដូច្នេះ​បើ​របាយការណ៍​ហិរញ្ញវត្ថុ​មិនល្អ នោះ​អ្នក​វិនិយោគ​ក៏​មិន​ទិញ​ដែរ។

លោក​បន្ថែម​ថា បើ​​​អ្នក​លេង​​​បាន​ទិញ​ហ៊ុន​ក្នុង​តម្លៃ​ណា​មួយ មួយ​រយៈពេល​ក្រោយ​មក​ថ្លៃ​ហ៊ុន​កំពុង​ធ្លាក់​ចុះ បើ​​មិន​លក់​ ក៏​វា​មិន​ខាត​បង់​ដែរ។ នេះ​ជា​ការ​ខុសគ្នា​រវាង​ល្បែងស៊ីសង និង​ការ​​ជួញដូរ​ភាគ​ហ៊ុន​ក្នុង​ទីផ្សារ​មូលបត្រ

ទីផ្សារ​មូលបត្រ​គឺ​ជា​កន្លែង​សម្រាប់​ធ្វើ​ការ​ជួញដូរ​មូលបត្រ និង​ឧបករណ៍​ហិរញ្ញវត្ថុ​ដទៃទៀត។​

តាម​និយមន័យ​ច្បាប់​ស្តី​ពី​ការ​បោះផ្សាយ និង​ការ​ជួញ​ដូរ​មូលបត្រ​មហាជន «វា​សំដៅ​ដល់​ទីផ្សារ ឬ​ទី​កន្លែង​ជួញដូរ​មូលបត្រ​ ឬ​ប្រព័ន្ធ​ដែល​ផ្តល់​មធ្យោបាយ​នៃ​ការ​ធ្វើ​សំណើ​លក់ ផ្ទេរ ឬ​ស្វីការ​ទិញ-លក់​មូលបត្រ»។ ឧបករណ៍​ហិរញ្ញវត្ថុ ដែល​តែង​តែ​ត្រូវ​បាន​ជួញ​ដូរ​​លើ​ទីផ្សារ​នេះ រួមមាន​មូលបត្រ​កម្មសិទ្ធិ មូលបត្រ​បំណុល និង​ឧបករណ៍​និស្សន្ទ ជា​ដើម។

ចំណែក​អ្នក​ចូល​រួម​ជួញ​ដូរ​ភាគ​ហ៊ុន​ក្នុង​ទីផ្សារ​មូលបត្រ​មាន​ច្រើន​ប្រភេទ​ដូចជា អ្នក​ជំនាញ​សេដ្ឋកិច្ច អ្នក​ជំនាញ​ហិរញ្ញវត្ថុ មន្ត្រីរាជការ គ្រូបង្រៀន និង​សិស្ស​និស្សិត ជាដើម។ ដូច្នេះ​ក្នុង​ចំណោម​អ្នក​ទាំង នោះ​មិន​ប្រាកដ​ថា ពួក​គេ​មាន​ការ​យល់​អំពី​ចំណេះដឹង​ទីផ្សារ​មូលបត្រ​ឡើយ។

ជា​ទូទៅ​ ​អ្នក​ប្រឡូក​ក្នុង​វិស័យ​នេះ​អាច​ត្រូវ​បាន​​គេ​បែង​ចែក​ជា ៣ប្រភេទ គឺ អ្នក​វិនិយោគ ឈ្មួញ​ជើងសា និង​ក្រុម​រក​កម្រៃ​តាម​គ្នីគ្នា។ ចំពោះ​អ្នក​វិនិយោគ​ ពួកគេ​មាន​យុទ្ធសាស្ត្រ​វែង​ឆ្ងាយ និង​ច្បាស់លាស់។ ​ក្រុម​អ្នក​វិនិយោគ​​អាច​ទិញ​ហ៊ុន​តាំង​ពី​ក្រុមហ៊ុន​បោះផ្សាយ​លក់​មូលបត្រ​​ក្នុង​ផ្សារ​មូលបត្រ​តាំង​ពី​ដំបូង មិន​រង​ឥទ្ធិពល​នៃ​បម្រែបម្រួល​ថ្លៃ​ហ៊ុន ព័ត៌មាន​បំភ្លៃ ព័ត៌មាន​ប្រចាំថ្ងៃ​ជា​ដើម។ ពួក​គេ​អនុវត្ត​តាម​យុទ្ធសាស្ត្រ​ដែល​បាន​កំណត់ ទិញ​ដូរ​តាម​ផែនការ និង​ការ​កំណត់​ពេលវេលា​ច្បាស់លាស់​។ ក្រុម​មនុស្ស​ប្រភេទ​នេះ​ចាត់ទុក​ផ្សារ​មូលបត្រ​មិន​មែន​កន្លែង​លេងល្បែង​ស៊ីសង​នោះ​ទេ។

ចំណែក​ឈ្មួញ​ជើងសា​ជា​ក្រុម​មនុស្ស​មាន​ការ​យល់​ជ្រៅជ្រះ​អំពី​ផ្សារ​មូលបត្រ ចេះ​វិភាគ​របាយការណ៍​ការ​ហិរញ្ញវត្ថុ និង​គ្រប់គ្រង​ព័ត៌មាន​បាន​ទាន់ពេល​វេលា។ ចំពោះ​ក្រុម​រក​កម្រៃ​តាម​គ្នីគ្នា ពួកគេ​តែង​ទិញ​ដូរ​តែង​ស្ដាប់​តាម​គ្នីគ្នា ហើយ​ធ្វើ​ការ​សម្រេច​ចិត្ត​តែ​ម្ដង។​ ពួក​គេ​មិន​មាន​យុទ្ធសាស្ត្រ ឬ​ការ​យល់​ពី​ការ​គ្រប់គ្រង​ព័ត៌មាន​ឡើយ។ ក្រោយ​ពេល​ប្រឡូក​ក្នុង​មួយ​រយៈ​ ​ពួកគេ​នឹង​ខាត​បង់​ហើយ​លើក​ឡើង​ថា ការ​លេង​ភាគហ៊ុន​គឺ​ជា​ល្បែង​ស៊ីសង៕​

0 comments:

Post a Comment