Monday, June 29, 2015


តម្លៃ​ភាគ​ហ៊ុន​ថ្លៃ ឬ​ទាប​អាស្រ័យ P/E តើ P/E ជា​អ្វី?
ជាក់ស្ដែង តម្លៃ​ភាគហ៊ុន​បោះផ្សាយ​លក់​ជា​សាធារណៈ​​របស់​ក្រុមហ៊ុន ហ្រ្គេន ធ្វីន (Grand Twins ) អ៊ិនធើណេសិនណល(ខេមបូឌា) ភីអិលស៊ី ត្រូវ​បាន​អ្នក​ជំនាញ​វិនិយោគ​លើក​ឡើង​ថា ហ៊ុន​នេះ​មាន​តម្លៃ​ថ្លៃ​ក្នុង​វិស័យ​កាត់ដេរ បើ​ប្រៀប​ហ្នឹង​ប្រទេស​ជិត​ខាង ប៉ុន្តែ​ឈ្មួញ​ជើងសា​ បកស្រាយ​ថា តម្លៃ​ហ៊ុន​របស់​ក្រុមហ៊ុន​នេះ​មិន​ថ្លៃ​ទេ ព្រោះ​តម្លៃ​របស់​វា​ត្រូវ​បាន​គិត​តាម​តម្លៃ P/E។ តើ P/E ជា​អ្វី?

លោក Thomas Hugger នាយក​ប្រតិបត្តិការ និង​ជា​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន Asia Frontier Capital ត្រូវ​បាន​សារ​ព័ត៌មាន​ក្នុង​ស្រុក​ដក​ស្រង់​សម្ដី​​របស់​លោក​ មក​ចុះ​ផ្សាយ​ថា តម្លៃ​ភាគហ៊ុន​បោះផ្សាយ​លក់​ជា​សាធារណៈ​លើក​ដំបូង​របស់​ក្រុមហ៊ុន​​ហ្គ្រេនធ្វីន​​គឺ​ខ្ពស់​ណាស់បើ​ធៀប​នឹង​ក្រុមហ៊ុន​កាត់​ដេរ​នៅ​ក្នុង​តំបន់។

លោក ប៊ុន ចាន់​តារា មន្ត្រី​​ក្រុមហ៊ុន​មូលបត្រ ភ្នំពេញ ស៊ីឃ្យួរឹធី ភីអិលស៊ី លើក​ឡើង​ថា ​តម្លៃ​ហ៊ុន​នេះ​នៅ​ទាប​ទេ ព្រោះ​វា​ត្រូវ​បាន​គិត​ជា P/E ។ តម្លៃ P/E របស់​ក្រុម​ហ៊ុន​​គឺ​ត្រឹម​តែ ១១ ដែល​ជា​តម្លៃ​ទាប បើ​ប្រៀប​ហ្នឹង​តម្លៃ P/E នៅ​ឯ​ក្រៅ​ប្រទេស​ដែល​មាន​តម្លៃ​ចាប់​ពី ១៥ រហូត​ដល់​ទៅ ២៥ ។ លោក​បន្ថែម​ថា ជា​ទូទៅ​បើ​ P/E ស្តិតក្រោម ១៣ តម្លៃ​ហ៊ុន​នឹង​មានតម្លៃទាប។

P/E (Price-Earnings) ត្រូវ​បាន​កំណត់​ថា ​អនុបាត​ (Ratio) P/E ដែល​ជា​សន្ទស្សន៍​មួយ ក្នុង​ចំណោម​សន្ទស្សន៍​ផ្សេង​ទៀត​​អ្នក​វិនិយោគ​ប្រើ​សម្រាប់​វិភាគ​ដើម្បី​សម្រេច​ចិត្ត​វិនិយោគ​ភាគ​ហ៊ុន​ក្នុង​ផ្សារ​មូលបត្រ​។ សន្ទស្សន៍ P/E វាស់​ពី​កម្រិត​ទំនាក់​ទំនង​រវាង​តម្លៃ​ផ្សារ (Market Price – P) និង​ចំណូល​​​ដែល​ទទួល​បាន​ពី​​ភាគហ៊ុន​នីមួយៗ​ (Earning Per Share – EPS) ។ រូបមន្ត​គណនា P/E = P/EPS

ឧទាហរណ៍៖ តម្លៃ​មួយ​ហ៊ុន​របស់​ក្រុមហ៊ុន​មួយ​កំពុង​ជួញ​ដូរ ក្នុង​តម្លៃ ៤៣ដុល្លារ រីឯ​ចំណូល​នៃ​ភាគហ៊ុន​ក្នុង​រយៈពេល ១ឆ្នាំ គឺ ១,៩៥ដុល្លារ​ក្នុង​មួយ​ហ៊ុន ដូច្នេះ​ P/E = ២២,០៥ (៤៣/១,៩៥)៕

0 comments:

Post a Comment