Monday, June 29, 2015


លោក​ អាដាំ ស្មីត​​ កើត​នៅ​ក្នុង​ឆ្នាំ​១៧២៣ និង​​​ទទួល​អនិច្ចកម្ម​​ក្នុង​ឆ្នាំ​១៧៩០ប្រភព៖​ ​whatiseconomics​
ប្រិយមិត្ត​ពិត​ជា​ធ្លាប់​ស្គាល់​​អ្នក​សេដ្ឋកិច្ច​មួយ​ចំនួន​នៅ​លើ​ពិភពលោក​នៅ​​ក្នុង​សតវត្ស​ទី​២១​នេះ។ ទោះបី​ជា​យ៉ាង​នេះ​ក្តី រយៈកាល​កន្លង​ទៅ​នេះ ប្រិយមិត្ត​​ប្រហែល​ជា​មិន​ធ្លាប់​ស្គាល់​​​សេដ្ឋកិច្ច​វិទូ​ជា​ច្រើន​រូប​ទៀត​​ដែល​បាន​​ទទួល​មរណភាព​ ហើយ​កេរ្តិ៍ឈ្មោះ​របស់​គាត់​នៅ​តែ​ដក់ជាប់​​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ​ដែល​​គេ​ទទួល​​ស្គាល់​ថា ​មាន​ឥទ្ធិពល​បំផុត​​ក្នុង​កិច្ចការ​​សេដ្ឋកិច្ច​​របស់​ពិភពលោក។ តើ​អ្នក​សេដ្ឋកិច្ច​ទាំង​នោះ​មាន​ឈ្មោះ​អ្វី​ខ្លះ?



១០) លោក John Locke 

កើត​នៅ​ក្នុង​ឆ្នាំ​១៦៣២ និង​ស្លាប់​ទៅវិញ​​នៅ​ក្នុង​ឆ្នាំ​១៧០៤ ​លោក​ ​John Locke គឺ​ជា​ទស្សនវិទូ​ដ៏​​មាន​ឥទ្ធិពល និង​​ល្បីល្បាញ​មួយ​រូប​​របស់​អង់គ្លេស និង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​​សេដ្ឋកិច្ចវិទូ​មួយ​រូប​ដែល​បាន​ត្រួសត្រាយ​ផ្លូវ​បង្កើត​ ​ទ្រព្យសម្បត្តិ​ឯកជន​ ​(Private Property)​ ​ឡើង​​សម្រាប់​ពិភពលោក​ទាំង​មូល។

៩) លោក David Ricardo 

លោក David Ricardo ​​បាន​កើត​នៅ​ក្នុង​ឆ្នាំ​១៧៧២ និង​ស្លាប់​ទៅវិញ​នៅ​ក្នុង​ឆ្នាំ​១៨២៣។ គាត់​​គឺ​ជា​​​អ្នកសេដ្ឋកិច្ច​នយោបាយ​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​​របស់​អង់គ្លេស​​ ដែល​បាន​​បង្កើត​ទ្រឹស្ដី​សំខាន់ៗ​​អំពី​ការ​ការ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​សេរី (Free Trade) ​និង​ការ​​បង្កើត​ឡើង​ដំបូង​នូវ​​របប​មូលធននិយម (Capitalism)​ នៅ​លើ​សាកលលោក។​

៨) លោក Irving Fisher

កំពូល​អ្នកសេដ្ឋកិច្ច​អាមេរិក​លោក​ Irving Fisher បាន​កើត​នៅ​ក្នុង​ឆ្នាំ​១៨៦៧ និង​ស្លាប់​ទៅវិញ​នៅ​ក្នុង​ឆ្នាំ​១៩៤៧។ គាត់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​សេដ្ឋកិច្ចវិទូ​ដ៏​ល្បីល្បាញ​ជា​ពិសេស​នៅ​ក្នុង​សតវត្ស​ទី​២០ ដែល​បាន​​បង្ហាញ​ទ្រឹស្ដី​សំខាន់ៗ​ជុំវិញ​អតិផរណា ​​ប្រាក់​បំណុល (Debt Deflation) និង​ ​គោលនយោបាយ​​​សេដ្ឋកិច្ច ​​(Economic Policy) ​ជា​ច្រើន​ទៀត។

​​

៧) លោក Joseph Schumpeter
មិន​ខុស​ពី​លោក Irving Fisher លោក Joseph Schumpeter គឺ​ជា​សេដ្ឋកិច្ចវិទូ​​​ជនជាតិ​អូទ្រីស​កូនកាត់​អាមេរិក​ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុង​សតវត្ស​ទី​២០។ កើត​នៅ​ក្នុង​ឆ្នាំ​១៨៨៣ និង​​​​ស្លាប់​នៅ​ក្នុង​ឆ្នាំ​១៩៥០ លោក Joseph បាន​បង្កើត​គោលការណ៍​​ពិសេស​សម្រាប់​ជំនួញ​ពាណិជ្ជកម្ម​​ដូច​ជា​ វដ្ត​​ពាណិជ្ជកម្ម (Business Cycles) ជា​ដើម។

៦​) ​លោក Friedrich A. Hayek

បាន​កើត​នៅ​ក្នុង​ឆ្នាំ​១៨៩៩ និង ​​បាន​ស្លាប់​​នៅ​ក្នុង​ឆ្នាំ ១៩៩២។ ​លោក Friedrich A. Hayek មាន​ដើម​កំណើត​​ជា​ជន​ជាតិ​អូទ្រីស​ ​ដែល​​​ជា​​សេដ្ឋកិច្ចវិទូ​​ដ៏​ល្បីល្បាញ​ម្នាក់​ទៀត​ដែល​បាន​​​យក​គោលការណ៍​​ប្រជាធិបតេយ្យ (Democracy) និង​ទីផ្សារ​សេរី (Free Markets)​ ​ជា​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ជាតិ​ ប្រឆាំង​ទៅ​នឹង​​អ្នក​សង្គម​និយម (Socialist) នៅ​​អំឡុង​​ពាក់​កណ្តាល​សតវត្ស​ទី​២០។​​​​​

៥) លោក Alan Greenspan

​លោក​ Alan Greenspan គឺ​ជា​​សេដ្ឋកិច្ចវិទូ​ដ៏​ល្បីល្បាញ​មួយ​រូប​របស់​អាមេរិក​​ដែល​បាន​កើត​នៅ​ក្នុង​ឆ្នាំ​១៩២៦។ គាត់​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ត្រួសត្រាយ​ឲ្យ​មាន​គំរូ​ម៉ាក្រូ​សេដ្ឋកិច្ច (Macro-Economist Model) និង​ការ​ព្យាករណ៍​សេដ្ឋកិច្ច​​ជា​ជំនាញ​ពិសេស​របស់​គាត់​សម្រាប់​រដ្ឋាភិបាល​សហព័ន្ធ​អាមេរិក។



៤) លោក Milton Friedman 

ទើប​នឹង​ទទួល​មរណភាព​កាល​ពី​ឆ្នាំ​២០០៦ ក្នុង​អាយុ​ ​៩៦​ឆ្នាំ លោក Milton Friedman គឺ​ជា​អ្នកសេដ្ឋកិច្ច​វិទូ​ដ៏​ល្បី​មួយ​ទៀត​របស់​អាមេរិក​​ដែល​មាន​បទពិសោធន៍​ផ្នែក​សេដ្ឋកិច្ច​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ក្នុង​ការ​​​​​គាំទ្រ​​​ឲ្យ​មាន​លំហូរ​​ទីផ្សារ​សេរី ​(Free Market Flow) និង​​កំណត់​អំណាច​រដ្ឋាភិបាល​​កុំ​ឲ្យ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន​ឯកជន។

៣) លោក Karl Marx 

ប្រិយមិត្ត​ពិត​ជា​ធ្លាប់​បាន​ឭ​ឈ្មោះ​សេដ្ឋកិច្ចវិទូ​ជនជាតិ​អាល្លឺម៉ង់​រូប​នេះ ដែល​មាន​ឥទ្ធិពល​​បំផុត​នៅ​​ពាក់​កណ្ដាល​សតវត្ស​ទី​១៩។ ​ ​កើត​នៅ​ក្នុង​ឆ្នាំ​១៨១៨ និង​​​​ស្លាប់​នៅ​ក្នុង​ឆ្នាំ​១៨៨៣ លោក Karl Max ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​បិតា​​សេដ្ឋកិច្ចវិទូ​សង្គម​និយម​ (Father of Socialist Economics) ដែល​បាន​ផ្ដល់​ទ្រឹស្ដី​សំខាន់ៗ​លើ​​គោលការណ៍​សេដ្ឋកិច្ច ពលកម្ម​ការងារ និង​ការ​ទំនាក់ទំនង​របស់​វា​ទៅ​នឹង​របប​មូលធននិយម។​

២) លោក John M. Keynes

មាន​ដើមកំណើត​ជា​ជនជាតិ​អង់គ្លេស លោក John M. Keynes គឺ​ជា​​អ្នក​សេដ្ឋកិច្ចវិទូ​ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុង​សតវត្ស​ទី​១៩។ ​​កើត​នៅ​ក្នុង​ឆ្នាំ ១៨៨៣ ​និង​ស្លាប់​នៅ​​​ឆ្នាំ​១៩៤៦ Keynes គឺ​ជា​អ្នក​បង្កើត​ទ្រឹស្ដី​ និង​ការ​អនុវត្ត​ផែនការ​​ម៉ាក្រូ​សេដ្ឋកិច្ច​សម័យ​ទំនើប (Modern Macro-economics) និង​គោលនយោបាយ​សេដ្ឋកិច្ច​​របស់​រដ្ឋាភិបាល។

១) លោក Adam Smith

Adam Smith ​បាន​កើត​នៅ​ក្នុង​ឆ្នាំ​១៧២៣ និង​​ស្លាប់​​​នៅ​ក្នុង​ឆ្នាំ​១៧៩០។ លោក​គឺ​ជា​​ទស្សនវិទូ​ និង​ជា​​បិតា​សេដ្ឋកិច្ច​​ (Father of Economics)ដ៏​មាន​ឥទ្ធិពល​​របស់​​​ប្រទេស​ស្កុតឡែន។ Adam Smith ឲ្យ​និយមន័យ​សំខាន់ៗ​លើ​ផល​ប្រយោជន៍​ និង​កម្មសិទ្ធិ​ឯកជន​ដែល​​បុគ្គល​គ្រប់រូប​ត្រូវ​ទទួល​​បាន​នៅ​ក្នុង​សង្គម​របស់​ខ្លួន៕

1 comment:

  1. I would like to find the books of these authors in Khmer language to read, do u know the link to search it?

    ReplyDelete